អ្នកនាង នាង សុវ៉ាតនា ដែលសាធារណជនហៅថា ឌីជេ ណាណា បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមដែលធ្វើឱ្យមានមតិវែកញែកយ៉ាងច្រើនដោយទាំងហ្វេនរបស់អ្នកនាងផងចូលបញ្ចេញមតិបង្ហាញការមិនពេញចិត្ត។ សំណេរនោះ ឌីជេ ណាណា បានរងនូវផ្ទាំងស៊ិបយ៉ាងខ្លាំង ព្រមទាំងមានមតិលើកឡើងថាសរសើរខ្លួនឯងតែប្រៀបដូចជាទម្លាក់តម្លៃស្វាមីរបស់អ្នកនាង។
នៅវេលាម៉ោងជាង១០យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឌីជេ ណាណា ជាពិធីការិនី និងជាអ្នកបង្កើតមាតិកាអប់រំ លើកទឹកចិត្តមួយរូបបានបង្ហោះសំណេរថា « បំបៅកូនបណ្តើរ ទាញទូរសព្ទមកបង្ហោះសារបណ្តើរ នឹកសរសើរបុណ្យក្មេងៗយុវវ័យមួយចំនួនក្នុងសម័យបច្ចុប្បន្ន។ ខ្ញុំម៉ោងជាង១០យប់ហើយ បន្ទាប់ពីកូនបៅដេកលក់ស្កប់បន្តិចទៀតនេះ ត្រូវបន្តបង្ហើយការងារ ដល់ស្អែកឡើងត្រូវងើបម៉ោង ៥:០០ ទៅធ្វើការរកលុយ។ ក្មេងៗមួយចំនួន ចុចទូរសព្ទរំលងអធ្រាត្រ ព្រឹកឡើងម៉ោង ៨:០០ នៅរកកាហ្វេផឹកមិនទាន់បាននៅឡើយ ចេះតែរស់បានដែរ ហេតុតែបុណ្យគេដល់។ បើខ្ញុំចឹងវិញ បែបដាច់បាយម៉ាផ្ទះហើយ»។.png)
សំណេរនេះហើយបានធ្វើឱ្យអ្នកបង្កើតមាតិកាដ៏ល្បីមួយនេះត្រូវរងនូវមតិវែកញែកពីអ្នកលេងបណ្តាញសង្គម ខណៈអ្នកមួយចំនួនបានបង្ហាញថាខ្លួនគេក៏ជាហ្វេនរបស់ ឌីជេ ណាណា ដូចគ្នាប៉ុន្តែមិនពេញចិត្តនូវការបង្ហោះរបស់អ្នកនាងខាងលើឡើយ។ អ្នកប្រើប្រាស់បណ្តាញសង្គមបានបញ្ចេញមតិថា «ជីវិតចែមានកម្មតែជាមួយរឿងអ្នកដទៃ ពួកម៉ាកខ្ញុំបែកគ្នាដោយសារសង្សារវាស្តាប់ទ្រឹស្តីចែពេក។ ស្តាប់ចុះឡើងបែកគំនិតថាពួកម៉ាកខ្ញុំក្បត់ ទាំងគ្នាការងារផ្នែក IT រកពេលជុះសឹងមិនបានផង។ ចុងក្រោយពួកម៉ាកខ្ញុំរកអ្នកផ្សេងការបានត្រឹមត្រូវ ដល់ខាងស្រីអ្នកស្តាប់ទ្រឹស្តីចែនៅឡេឡឺដល់លូវ»។ អ្នកផ្សេងទៀតបានលើកឡើងថា «បង ក្នុងនាមខ្ញុំជាហ្វេនបងរាល់ការផុសបងពិតជាមានអប់រំល្អ ប៉ុន្តែការផុសមួយនេះវាហាក់បីជាការលើកតម្កើងខ្លួនឯងថាជាមនុស្សខំធ្វើការខ្លាំងគ្មានពេលសម្រាកហើយដាក់បន្ទុកទៅអ្នកដទៃទៅវិញ អ្នកណាក៏ចង់មានពេលសម្រាកដែរបង ទោះបងនិយាយសំដៅទៅលើមួយចំនួនតែវាអាចរាលដាលទៅមនុស្សជាច្រើនដែលមិនខុសពីការប្រៀបធៀបឡើយ មនុស្សយើងទាល់តែឆ្លៀតទើបបានសម្រាក ចូរកុំលើកខ្លួនឯងហើយ ទម្លាក់អ្នកដទៃ។, ពីមុនខ្ញុំធ្លាប់ជាអ្នកគាំទ្របង សំណេរបងមួយរយៈចុងក្រោយនេះ ខ្ញុំរកមិនឃើញចំណុចសំខាន់សោះ។ អ្វីដែលបងរៀបរាប់ខាងលើគឺជាលទ្ធផលនៃការសម្រេចចិត្តរបស់បង យកកូនប៉ុន្មាន ហត់ នឿយយ៉ាងណាជាជម្រើសបង។ មិនចាំបាច់សសេរដៀមដាលគេ ដើម្បីលើកខ្លួនឯងនោះទេ បងដូចជាមានមោទនភាពលើខ្លួនឯងជ្រុលពេក»។
គណនីផ្សេងទៀតបានលើកឡើងថា «ចេះតែរស់បានដែរ ហេតុតែបុណ្យគេដល់។ បើខ្ញុំចឹងវិញ បែបដាច់បាយម៉ាផ្ទះហើយ។ ខ្ញុំ Fan បងតែខ្ញុំអត់ពេញចិត្តសំណេរនេះទេ(ចេះតែរស់បានដែរ) ប្តីបងអន់ណាស់ បើបងមិនរកគឺដាច់បាយម៉ាផ្ទះ។, មនុស្សសម័យនេះ និយាយចុះឡើង អួតតែខ្លួនឯងល្អ ខ្លួនឯងប្រឹងណាស់។ ចូលនិយាយអំពីតែខ្លួនឯងចុះ កុំទាញគេមកប្រៀបនិងខ្លួនឯង ទាំងដែលគេហូបបាយផ្ទះគេនិង។ ប្តីបងជាបុរសមេផ្ទះ ហេតុអ្វីមិនពឹងប្តីបងខ្លះ សុខចិត្តរកសម្ពាធរកលុយតែម្នាក់ឯង វ័យណាក៏ដូចវ័យណាដែរ ត្រូវការពេលវេលារកលុយ សំរាក កំសាន្តអារម្មណ៍ your life ur choice ធ្វើជាស្តេចស្រីក្នុងផ្ទះគឺហត់បែបនេះហើយបងកុំបៀបធៀបជីវិតយើងនឹងជីវិតគេអាចថាគេសំណាងជាងបងក៏ថាបាន បែបផែនជីវិតខុសគ្នាខ្ញុំកូន៣ក៏មានពេលវេលាសំរាប់ខ្លួនឯងដែរ មានពេលផឹកកាហ្វេ រកលុយ ចុចទូរសព្ទ ព្រោះមានប្តីជួយមើលកូនបន្ទាបពីការងារគាត់ហើយកូនក៏មិនមែនបន្ទុករឺជាសម្ពាធរហូតដល់ដាច់បាយ»៕










