បរទេស៖ វិទ្យាស្ថាន Tata ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា បានស្រាវជ្រាវដោយជោគជ័យនូវឱសថពិសេសមួយដែលមានសមត្ថភាពការពារការកើតឡើងវិញនៃជំងឺមហារីក និងកាត់បន្ថយផលប៉ះពាល់នៃការព្យាបាលដោយប្រើគីមីបាន ៥០%។
កាលពីពេលថ្មីនេះ យោងតាម Live Mint បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Tata ក្នុងទីក្រុង Mumbai បានប្រកាសពីការបង្កើតថ្នាំប្រភេទគ្រាប់ដែលមានឈ្មោះថា R+Cu ត្រូវបានបង្កើតឡើងបន្ទាប់ពីការស្រាវជ្រាវអស់រយៈពេល ១០ ឆ្នាំមកហើយ។ ថ្នាំនេះមានសមត្ថភាពបញ្ឈប់ការកើតមហារីកជាលើកទីពីរចំពោះអ្នកជំងឺ លើសពីនេះវាក៏កាត់បន្ថយផលប៉ះពាល់នៃវិធីសាស្រ្តដូចជា ការព្យាបាលដោយវិទ្យុសកម្ម ឬការព្យាបាលដោយគីមី ៥០% ផងដែរ។
វេជ្ជបណ្ឌិត Rajendra Badve គ្រូពេទ្យវះកាត់ផ្នែកមហារីកជាន់ខ្ពស់នៅមន្ទីរពេទ្យ Tata Memorial បាននិយាយថា ថ្នាំនេះត្រូវបានធ្វើតេស្តលើសត្វកណ្តុរ មានផលប៉ះពាល់តិចតួចណាស់ និងបង្ហាញលទ្ធផលដ៏ជោគជ័យ។ ក្រុមស្រាវជ្រាវក៏បាននិយាយដែរថា ថ្នាំនេះគឺជាក់លាក់ចំពោះអ្នកដែលមានជំងឺមហារីកលំពែង សួត និងមាត់។ បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រកំពុងរង់ចាំការយល់ព្រមពីអាជ្ញាធរសុវត្ថិភាពចំណីអាហារ និងស្តង់ដារនៃប្រទេសឥណ្ឌា (FSSAI) ដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការនៅក្នុងខែមិថុនាដល់ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។
បើយោងតាម Tata Memorial ក៏បានឱ្យដឹងទៀតថា ទិដ្ឋភាពដ៏សំខាន់បំផុតមួយនៅពេលនេះគឺការកំណត់តម្លៃ ដើម្បីផ្គូផ្គងលទ្ធភាពនៃការទូទាត់របស់អ្នកជំងឺ។ ថ្នាំនេះត្រូវបានគេរំពឹងថានឹងមានតម្លៃ ១០០ រូពី ដែលស្មើនឹង ១ ដុល្លារអាមេរិក ដែលធ្វើឱ្យវាអាចប្រើប្រាស់បានសម្រាប់អ្នកជំងឺកាន់តែច្រើន។
គួរបញ្ជាក់ដែរថា Tata Memorial គឺជាកន្លែងស្រាវជ្រាវជំងឺមហារីកដ៏ធំ និងចំណាស់ជាងគេបំផុតមួយនៅក្នុងពិភពលោក ដែលផ្តល់មូលនិធិ និងគ្រប់គ្រងដោយនាយកដ្ឋានថាមពលអាតូមិករបស់ប្រទេសឥណ្ឌា។ រដ្ឋាភិបាលឥណ្ឌាចាត់ទុកជំងឺមហារីកជាមូលហេតុនៃការព្រួយបារម្ភ ដោយមានអត្រាកើតឡើង និងអត្រាស្លាប់ខ្ពស់បំផុតនៅអាស៊ី។ យោងតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (ICMR) ចំនួនករណីមហារីកនៅក្នុងប្រទេសអាចកើនឡើងពី ១.៤៦ លានករណីក្នុងឆ្នាំ ២០២២ ដល់ ១.៥៧ លានករណីក្នុងឆ្នាំ ២០២៥៕










