ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសបានចុះផ្សាយ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ភ្នាក់ងាររថភ្លើងប្រទេសឥណ្ឌាបានបញ្ជាឱ្យស៊ើបអង្កេតរកមូលហេតុជាបន្ទាន់ ក្រោយពីរថភ្លើងដឹកទំនិញមួយខ្សែបានរត់នៅលើផ្លូវដែកដោយគ្មានអ្នកបើកបរ ក្នុងចម្ងាយផ្លូវរហូតដល់៧០គីឡូម៉ែត្រ ។ បើតាមវីដេអូមួយដែលគេបានចែកចាយនៅប្រទេសឥណ្ឌាបង្ហាញថា រថភ្លើងនេះបានបើកបរឆ្លងកាត់ស្ថានីយផ្សេងៗក្នុងល្បឿនលឿន ។
ចំណែកសារព័ត៌មានឥណ្ឌារាយការណ៍ថា រថភ្លើងមួយខ្សែនេះបានរត់នៅលើផ្លូវដែកដោយគ្មានអ្នកបើកបរ គឺចាប់ពីទីក្រុង Jammu ទៅកាន់តំបន់ Hoshiarpur ស្ថិតក្នុងរដ្ឋ Punjab កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ចំណែកភ្នាក់ងាររថភ្លើងប្រទេសឥណ្ឌាបញ្ជាក់ថា នៅទីបំផុត រថភ្លើងនេះបានឈប់ដំណើរការដោយខ្លួនឯង ហើយគ្មានអ្នកណាម្នាក់រងរបួសទេ ។
សារព័ត៌មាន Press Trust of India (PTI) រាយការណ៍ថា បើតាមទិន្នន័យរបស់ភ្នាក់ងាររថភ្លើងបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងចាប់ពីម៉ោង៧និង២៥នាទីព្រឹក រហូតដល់ម៉ោង៩ព្រឹក (ម៉ោងនៅប្រទេសឥណ្ឌា) ហើយរថភ្លើងនេះបានដឹកទំនិញចំនួន៥៣ទូរ ។ រថភ្លើងបានធ្វើដំណើរចាកចេញពីទីក្រុង Jammu ទៅកាន់រដ្ឋ Punjab ហើយរថភ្លើងបានមកឈប់នៅទីក្រុង Cathua ដើម្បីផ្លាស់ប្តូរបុគ្គលិកត្រួតពិនិត្យ ។
ក្នុងអំឡុងពេលរថភ្លើងឈប់នៅទីក្រុង Cathua ស្រាប់តែនៅសុខៗ វាក៏រត់នៅតាមផ្លូវដែកដែលមានលក្ខណៈជម្រាលដោយខ្លួនឯង ក្រោយពីអ្នកបើកបររថភ្លើង និងបុគ្គលិកជំនួយការចុះពីលើរថភ្លើងរួចរាល់ ។ បន្ទាប់មក រថភ្លើងនេះបានរត់ក្នុងល្បឿនលឿនក្នុងចម្ងាយផ្លូវជិត១០០គីឡូម៉ែត្រ និងឆ្លងកាត់ស្ថានីយផ្សេងៗប្រមាណ៥ស្ថានីយ មុននឹងវាឈប់ដំណើរការ ។
ក្រោយពីទទួលដំណឹងថា មានហេតុការណ៍រថភ្លើងរត់នៅលើផ្លូវដែកដោយខ្លួនឯងនេះ អាជ្ញាធរក៏បានបញ្ជាឱ្យបិទចំណុចឆ្លងកាត់ផ្លូវដែកគ្រប់កន្លែង ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ ។ ក្រោយមក អាជ្ញាធរក៏បានយកមែកឈើទៅដាក់បាំងនៅលើផ្លូវដែកដើម្បីកាត់បន្ថយល្បឿនរថភ្លើង រហូតដល់អាចបញ្ឈប់វាបាន ។
មន្ត្រីរថភ្លើងឥណ្ឌាបញ្ជាក់ថា ពួកគេបានព្យាយាមស៊ើបអង្កេតរកមូលហេតុឱ្យច្បាស់ថា ហេតុអ្វីបានជារថភ្លើងអាចបើកបរដោយខ្លួនឯងបាន ក្រោយពីអ្នកបើកបរបានចតរថភ្លើងនៅទីក្រុង Cathua ហើយអាជ្ញាធរនឹងការពារមិនឱ្យមានហេតុការណ៍បែបនេះកើតឡើងម្តងទៀតទេ ៕










