នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាអតីតតារាសម្តែងឈ្មោះស្រីតូច ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ។ ការប្រកាសនេះក្នុងថ្ងៃនេះគឺចំថ្ងៃខួបកំណើតរបស់លោកជំទាវអ្នកឧកញ៉ាតែម្តង ខណៈអតីតនាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន ក៏ប្រកាសគាំទ្រការឈរឈ្មោះរបស់អតីតតារាសម្តែងរូបនេះផងដែរ។
«ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះ បេក្ខភាពលោកជំទាវម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ាគិត ម៉េង ជាប្រធានសមាគមសិល្បៈ។ ប្រសិនលោកជំទាវទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតសមាគមនេះមិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ថ្លែងនៅលើបណ្តាញសង្គមព្រឹកថ្ងៃទី២១ ខែកុម្ភៈ នេះ។
គួរបញ្ជាក់ផងដែរថា អតីតតារាសម្តែងល្បីឈ្មោះ ស្រីតូច ចំណាន មានឈ្មោះពិតថា ម៉ៅ សុចំណាន កើតនៅឆ្នាំ១៩៨៣ បច្ចុប្បន្នមានអាយុ៤១ឆ្នាំមានទីកន្លែងកំណើត នៅខេត្តស្វាយរៀង។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបោះជំហានចូលប្រឡូកក្នុងវិថីសិល្បៈ ក្នុងអំឡុងឆ្នាំ១៩៩៨ ដោយអាជីពដំបូងជាអ្នកចម្រៀងតាមភោជនីយដ្ឋាន បន្ទាប់មកអតីតអ្នកសិល្បៈរូបនេះមានឱកាសបានចូលសម្តែង ខារ៉ាអូខេ នៅក្នុងផលិតកម្មហង្សមាស ផលិតកម្ម យូធូ និងផលិត ស្ទឹងសង្កែ រហូតបានឡើងកូដក្លាយជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ផងដែរ ។
ស្របពេលដែលការងារសិល្បៈរបស់ ស្រីតូច ចំណាន មានភាពរីកចម្រើន មានការគាំទ្រជា លំដាប់ស្រាប់តែអតីតតារាសម្តែង និងជាពិធីការិនី រូបនេះបានជួបរឿងអកុសលអាម៉ាសមុខមួយ គឺត្រូវបានក្រុមការងារ ដើរជាន់ជាយរ៉ូប ធ្វើឱ្យរបូតក្នុងអំឡុងពេលដែលនាងកំពុងតែធ្វើជាពិធីការិនីផ្សាយផ្ទាល់ ក្នុងកម្មវិធីមួយរបស់ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីអំឡុងឆ្នាំ២០០២-២០០៣ ដោយកាលនោះ នាងនៅមិនទាន់មានជីវភាពធូរធារប៉ុន្មានទេ។
ទោះជាយ៉ាងណា ភ័ព្ទព្រេងវាសនារបស់អតីតអ្នកសិល្បៈរូបនេះខ្ពស់ត្រដែងស្ទើរមិនគួរឱ្យជឿកែប្រែវាសនារបស់ខ្លួនយ៉ាងត្រចេះត្រចង់ក្លាយជាឧត្តមភរិយារបស់សេដ្ឋីស្រុកខ្មែរគឺអ្នកឧកញ៉ា គិត ម៉េង ក្រោយពីតស៊ូ អត់ធ្មត់សង្កត់ចិត្តរស់នៅក្នុងស្ថានភាព ជាភរិយាលួចលាក់មិនពេញមុខពេញមាត់ អស់រយៈពេលជាង ១០ឆ្នាំកន្លងមកបានទទួលផ្លែផ្កាដោយអ្នកឧកញ៉ា គិត ម៉េង និងអតីតតារាសម្តែងរូបនេះដឹកដៃគ្នា ចូលរោងការសំពះផ្ទឹម តាមប្រពៃណីខ្មែរ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ បន្ទាប់ពីអ្នកទាំងពីរមានកូន៤នាក់( ប្រុសពីរ ស្រីពីរ) ជាមួយគ្នា៕










