ប្រទេសសិង្ហបុរី ៖ រដ្ឋាភិបាលសិង្ហបុរីបានប្រកាសពីគម្រោងបន្ធូរបន្ថយភាពតានតឹងសេដ្ឋកិច្ចក្នុងប្រទេស ដោយការត្រៀមផ្តល់ប្រាក់ឱ្យពលរដ្ឋរស់នៅក្នុងប្រទេស ។ វាជាការផ្តល់ប្រាក់ឱ្យពលរដ្ឋជាថ្មីដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ បន្ទាប់ពីរដ្ឋាភិបាលធ្លាប់ចែកប្រាក់ឱ្យពលរដ្ឋម្តងហើយ កាលពីខែមករា ឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។
លោក Lawrence Wong ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី បានថ្លែងពាក់ព័ន្ធនឹងគម្រោងចំណាយប្រាក់របស់រដ្ឋាភិបាល ស្មើប្រមាណ១.៩០០លានដុល្លារសិង្ហបុរី ដើម្បីផ្តល់ទំនុកចិត្តផ្នែកសេដ្ឋកិច្ចដល់ពលរដ្ឋ ស្របពេលស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស និងក្រៅប្រទេសមិនប្រាកដប្រជា ។
វិធានការរបស់រដ្ឋាភិបាល រួមទាំងការផ្តល់ប្រាក់ឱ្យពលរដ្ឋសិង្ហបុរី គឺស្មើប្រមាណ១លាន៤សែនគ្រួសារ ។ រដ្ឋាភិបាលនឹងចែកប្រាក់បន្ថែមចំនួន៦០០ដុល្លារសិង្ហបុរីក្នុង១គ្រួសារ បន្ទាប់ពីរដ្ឋាភិបាលធ្លាប់បានចែកប្រាក់ឱ្យពលរដ្ឋម្តងហើយ គឺក្នុង១គ្រួសារទទួលបាន៥០០ដុល្លារសិង្ហបុរី កាលពីខែមករា ឆ្នាំ២០២៤ ។ ការចែកប្រាក់នេះក្នុងគោលបំណងជួយសម្រាលការចំណាយក្នុងជីវភាពប្រចាំថ្ងៃ និងជំរុញការចាយវាយរបស់ពលរដ្ឋជាមួយហាងលក់ទំនិញ និងអាជីវកម្មមួយចំនួន ដែលបានចូលរួមក្នុងគម្រោងរបស់រដ្ឋាភិបាល ។
រដ្ឋាភិបាលនឹងចែកប្រាក់ឱ្យពលរដ្ឋជា២ដំណាក់កាល ហើយ១ដំណាក់កាល ស្មើនឹង៣០០ដុល្លារសិង្ហបុរី ។ ដំណាក់កាលទី១ គឺការចែកប្រាក់នឹងប្រព្រឹត្តទៅនៅចុងខែមិថុនា ឆ្នាំ២០២៤ រីឯដំណាក់កាលទី២ នឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៥ ។ លើសពីនេះ នៅខែកញ្ញា ឆ្នាំ២០២៤ រដ្ឋាភិបាលសិង្ហបុរីមានគម្រោងចែកប្រាក់ឱ្យពលរដ្ឋ ចាប់ពី២០០ដុល្លារ ទៅ៤០០ដុល្លារសិង្ហបុរី សម្រាប់អ្នកមានលក្ខណៈដូចគ្នានឹងការកំណត់របស់រដ្ឋាភិបាល ។
រដ្ឋាភិបាលកំណត់ថា ការចែកប្រាក់ចាប់ពី២០០ដុល្លារ ទៅ៤០០ដុល្លារសិង្ហបុរី គឺពលរដ្ឋត្រូវតែមានអាយុ២១ឆ្នាំ ឬច្រើនជាងនេះនៅឆ្នាំ២០២៤ ហើយពួកគេត្រូវរស់នៅប្រទេសសិង្ហបុរី និងគ្រប់គ្រងអចលនទ្រព្យមិនលើសពី១កន្លែង ។ ពួកគេត្រូវមានប្រាក់ចំណូលប្រមាណ១សែនដុល្លារសិង្ហបុរី ហើយជំហានដំបូង នឹងមានពលរដ្ឋប្រមាណ២លាន៥សែននាក់ មានលក្ខណៈសមស្របនឹងការកំណត់នេះ ។
គួរបញ្ជាក់ថា សេដ្ឋកិច្ចសិង្ហបុរីបានកើនឡើង១,១% កាលពីឆ្នាំ២០២៣ ប៉ុន្តែវានៅតែទាបជាងគោលដៅរបស់រដ្ឋាភិបាល ដែលបានកំណត់ស្មើនឹង១,២% ។ រដ្ឋាភិបាលបានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៤ នេះ គឺស្មើចាប់ពី១% ដល់៣% ហើយរដ្ឋាភិបាលជឿថា តម្រូវការពីខាងក្រៅនឹងមិនផ្លាស់ប្តូរទេ ។
ទោះយ៉ាងណា គេត្រូវតាមដានហានិភ័យសេដ្ឋកិច្ចឱ្យបានដិតដល់បន្តទៀត ជាពិសេស សង្គ្រាមនៅតំបន់កាហ្សា និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលនៅតែអូសបន្លាយពេល ហើយសង្គ្រាមនេះនឹងធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ៕










