Home ព័ត៌មានជាតិ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចេញលិខិតពង្រឹងការគ្រប់គ្រងប្រតិបត្តិការល្បែងផ្សងសំណាង

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចេញលិខិតពង្រឹងការគ្រប់គ្រងប្រតិបត្តិការល្បែងផ្សងសំណាង

135
0

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសង្កេតឃើញថា នៅតាមមូលដ្ឋានរាជធានី-ខេត្តមួយចំនួន មានការលួចលាក់ធ្វើអាជីវកម្មល្បែងផ្សងសំណាងនៅលើទីតាំង ដែលគ្មានអាជ្ញាបណ្ណល្បែងផ្សងសំណាង ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

ក្នុងគោលបំណងធានាបាននូវនិរន្តរភាពនៃការគ្រប់គ្រងរក្សា បាននូវសណ្ដាប់ធ្នាប់សាធារណៈ និងសីលធម៌សង្គមឱ្យបានល្អប្រសើរ និងដើម្បីគ្រប់គ្រងអាជីវកម្មល្បែង ផ្សងសំណាងឱ្យស្របទៅតាមច្បាប់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដាក់ចេញសេចក្តីណែនាំ ដូចខាងក្រោម៖

១. ចំពោះអ្នកកាន់អាជ្ញាបណ្ណល្បែងផ្សងសំណាង និង/ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង៖

• ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមសៀវភៅបន្ទុកស្ដីពីលក្ខខណ្ឌនៃការផ្តល់អាជ្ញាបណ្ណល្បែង- ផ្សងសំណាង
• ត្រូវធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំងដែលមានបញ្ជាក់នៅលើអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង តែប៉ុណ្ណោះ
• ត្រូវលើកស្លាកយីហោឱ្យបានត្រឹមត្រូវនៅគ្រប់ទីតាំងអាជីវកម្ម បន្ទាប់ពីទទួលបានអាជ្ញាបណ្ណ ល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវា ល្បែងផ្សងសំណាង
• ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណល្បែងផ្សងសំណាងច្បាប់ដើមនៅទីតាំងក្រុមហ៊ុន ឬ អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាងច្បាប់ដើម នៅគ្រប់ទីតាំងសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងច្បាប់ដើម នៅគ្រប់ទីតាំងប៉ុស្តិ៍សេវាល្បែង- ផ្សងសំណាង
• ត្រូវដំណើរការតែប្រភេទល្បែង និងឧបករណ៍ល្បែងដែលមានការអនុញ្ញាតពី គ.ល.ក.
• ត្រូវដាក់តាំងវិញ្ញាបនបត្រចុះបញ្ជីប្រភេទនិងឧបករណ៍ល្បែងសម្រាប់ល្បែងផ្សងសំណាង និងឧបសម្ព័ន្ធនៃវិញ្ញាបនបត្រចុះបញ្ជីប្រភេទនិងឧបករណ៍ល្បែងសម្រាប់ល្បែងផ្សងសំណាង ច្បាប់ដើម នៅទីតាំងក្រុមហ៊ុន និងច្បាប់ថតចម្លងបញ្ជាក់ត្រឹមត្រូវពីអគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. នៅទីតាំងសាខាល្បែងផ្សងសំណាង និង/ឬទីតាំងប៉ុស្តិ៍សេវាល្បែងផ្សងសំណាង
• ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការល្បែងផ្សងសំណាង ដោយអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ជំពូកទី៥ ការត្រួតពិនិត្យនិងការគ្រប់គ្រងប្រតិបត្តិករ ល្បែងពាណិជ្ជកម្មនិងភាគីពាក់ព័ន្ធ ត្រង់មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ និងមាត្រា៥៧។

ក្នុងករណីប្រតិបត្តិករដែលកាន់អាជ្ញាបណ្ណល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សេង- សំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង មិនអនុវត្តតាមការណែនាំខាងលើនេះ ឬលួចលាក់ បង្កប់ការលេងល្បែងដែលមិនមានការអនុញ្ញាតពី គ.ល.ក. ត្រូវចាត់ទុកថាបានប្រព្រឹត្តល្មើសទៅនឹងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងត្រូវប្រឈមនឹងការពិន័យអន្តរការណ៍អនុលោមតាមអនុក្រឹត្យ លេខ ១០២ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស ទៅនឹងច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ព្រមទាំងឈានដល់ការព្យួរ ឬការដកហូតអាជ្ញាបណ្ណ ល្បែងផ្សងសំណាង និង/ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែង- ផ្សងសំណាង និងត្រូវផ្តន្ទាទោសយ៉ាងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងនៃព្រះរាជាណាចក្រកម្ពុជា៕