កាលពីពេលថ្មីៗនេះ វត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះនាងតូចនរោត្តមជេនណាបានបង្កឲ្យការភ្ញាក់ផ្អើលដល់អ្នកស្រុកខេត្តបន្ទាយមានជ័យ ខណៈព្រះនាងបានយាងមកដោយផ្ទាល់សហការជាមួយស្រីផាចធ្វើម្ហូបខ្មែរមួយមុខយ៉ាងមានភាពជិតស្និត។
កាលពីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៤ នេះ វីដេអូដែលបានបង្ហោះចែកចាយនៅលើបណ្តាញសង្គមអ៊ីនធើណែតគឺបានបង្ហាញឲ្យឃើញពីវត្តមានរបស់ព្រះនាងតូចនរោត្តមជេនណាក្នុងសម្លៀកបំពាក់យ៉ាងសាមញ្ញ នៅលើទឹកដីខេត្តបន្ទាយមានជ័យ នៅត្រង់បរិវេណផ្ទះស្រីផាច Youtuber និង Influencer ល្បីឈ្មោះ ព្រមទាំងជាចុងភៅដ៏ចំណានចំណាប់ក្នុងការធ្វើម្ហូបខ្មែរគ្រប់ទម្រង់។
នៅក្នុងវីដេអូនោះក៏បានបង្ហាញពីសកម្មភាពរបស់ព្រះនាងជេនណានិងស្រីផាចសហការគ្នាធ្វើម្ហូបប្រពៃណីខ្មែរមួយមុខគឺនំបញ្ចុកសម្លរប្រហើរ ដោយព្រះនាងយាងមកបេះបន្លែ ធ្វើគ្រឿងផ្សំផ្សេងៗ ជាមួយនឹងស្រីផាចយ៉ាងរីករាយនិងមានភាពស្និតស្នាលបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានចែកចាយម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយមុខនេះចែកជូនដល់អ្នកស្រុកភូមិទីនោះបានឆ្អែតគ្រប់ៗគ្នា។ ព្រះនាងតូចក៏បាននាំយកអំណោយបន្តិចបន្តួចមកចែកជូនដល់អ្នកស្រុកនៅទីនោះ ដែលក្រសែចក្ខុរបស់ព្រះនាងបានបញ្ជាក់យ៉ាងច្បាស់ពីទឹកចិត្តដ៏ស្មោះសរនិងសេចក្តីស្រលាញ់ដល់បងប្អូនប្រជាជាពលរដ្ឋខ្មែរគ្រប់ៗរូប។
ព្រះនាងជេនណាក៏បានដាក់បង្ហោះនូវរូបថតមួយសន្លឹកជាមួយស្រីផាចដោយសរសេរថា «ខ្ញុំពិតជាគោរពស្រឡាញ់បងស្រីផាចមែនទែន បានឃើញថាការងារបង្កើតវីដេអូរបស់គាត់ម្តងៗ ពិតជាពិបាកណាស់មិនងាយស្រួលដូចដែលយើងធ្លាប់បានឃើញទេ ពិតជាចំណាយទាំងកម្លាំងនិងពេលវេលាច្រើន ខ្ញុំសូមកោតសរសើរគាត់ដោយស្មោះ ចំពោះទឹកចិត្តរបស់គាត់ដែលបានខិតខំជួយលើកកម្ពស់ម្ហូបខ្មែរយើង»។
ព្រះនាងនរោត្តមជេនណា ដែលត្រូវជាចៅស្រីបង្កើតរបស់ព្រះបាទនរោត្តមសីហនុ។ ព្រះនាងក៏តែងតែលេចវត្តមាននៅក្នុងវង្វង់សិល្បៈទាំងការសម្តែង រាំ ច្រៀងនិងបង្ហាញម៉ូតជាច្រើន។ បើទោះបីជាទ្រង់ជាខ្សែស្រឡាយនៃរាជវង្សានុវង្សក្តី ប៉ុន្តែព្រះនាងគឺមិនដែលប្រកាន់ខ្លួននោះទេ ព្រះនាងតែងតែចែករំលែកក្តីស្រលាញ់ ផ្តល់ភាពរីករាយដល់មនុស្សជុំវិញខ្លួនជានិច្ច។ មនុស្សគ្រប់ៗគ្នាគឺតែងតែកោតសរសើរ គោរពស្រលាញ់ពីទឹកចិត្តដ៏ប្រពៃរបស់ព្រះនាង ជាក្មេងស្រីដែលមិនប្រកាន់វណ្ណៈ មានសម្រស់ស្រស់ស្អាត ព្រមទាំងមានទេព្យកោសល្យសិល្បៈ៕










