អ្នកនាង ស្រួង ភាវី កីឡាការនីស្នូកឃ័រពិភពលោកនិងអាស៊ី កាលពីពេលថ្មីៗនេះគឺបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាស្ថានីយទូរទស្សន៍កូរ៉េដ៏ល្បីល្បាញបានជ្រើសយករូបអ្នកនាងធ្វើជារូបតំណាងដាក់តាំងលើ Cover ឆានែលយូធូបផ្លូវការ។
អ្នកនាង ស្រួង ភាវី ជាកូនខ្មែរមួយរូបដែលបាននាំយកនូវកិត្តិនាមប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិ តាមរយៈការបញ្ចេញសមត្ថភាពប្រកួតកីឡាស្នូកឃ័រពិភពលោករហូតទទួលបានជ័យលាភីជើងឯកលំដាប់ថ្នាក់អន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាងគឺតែងតែលេចវត្តមានជួយដល់សង្គមខ្មែរជាច្រើន តាមរយៈគម្រោងមូលនិធិធំៗជួយដល់កុមារ ក្មេងកំព្រា ជនទុគត ចាស់ជរាជាដើម។ ប្រជាជនខ្មែរភាគច្រើនគឺបានស្គាល់និងកោតសរសើររូបអ្នកនាង ព្រោះតែងតែបានជួយទំនុកបម្រុងដល់សង្គមជានិច្ចតាមរយៈកាយ វាចា ចិត្ត ក៏ដូចជាបង្ហោះនូវសារលើកទឹកចិត្ត គំនិតអប់រំខ្លីៗ ជាពិសេសក្នុងន័យព្រះពុទ្ធសាសនា តាមរយៈបណ្តាញសង្គមអ៊ីនធើណែត ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរ។
កាលពីថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ ២០២៤នេះ យោងតាមដាក់បង្ហោះនៅលើគណនីផ្លូវការរបស់អ្នកនាង ស្រួង ភាវីគឺបានសរសេរថា «ជាមោទកភាពដ៏ក្រៃលែងសម្រាប់ជាតិខ្មែរ ដែលស្ថានីយទូរទស្សន៍ដ៏ធំរបស់កូរ៉េSBS Sportsបានជ្រើសយករូបកូនស្រីរបស់កម្ពុជាមកដាក់លើគម្រប(cover)នៃឆានែលយូធូបផ្លូវការរបស់ស្ថានីយទូរទស្សន៍ដ៏ធំរបស់កូរ៉េមួយនេះ»។
គួរបញ្ជាក់ដែរថា SBS Sports គឺបុស្តិ៍ទូរទស្សន៍កីឡាដ៏ធំនិងល្បីល្បាញនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣មកម្លេះ។ ដូច្នេះហើយវត្តមានរបស់កូនខ្មែរនៅលើផ្ទាំង Cover ទូរទស្សន៍ប្រទេសកូរ៉េលើកនេះគឺជារឿងដ៏គួរឲ្យស្ងើចសរសើរបំផុត ដែលបានបង្ហាញមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ អ្នកនាង ស្រួង ភាវី ម្នាក់នេះហើយគឺជាអ្វីដែលសង្គមខ្មែរបច្ចុប្បន្នត្រូវការជាចាំបាច់ ដើម្បីអភិវឌ្ឃធនធានមនុស្សដ៏មានតម្លៃ និងជាទំពាំងស្នងឬស្សីដ៏មានគុណភាព៕











