ស្រីស្អាត ឡូរីន សង្សាររបស់ វណ្ណដា ជារឿយៗមានមនុស្សមិនតិចនាក់នោះទេដែលប្រាថ្នាចង់បានជីវិតដូចជានាង សម្រស់ក៏ស្រស់ស្អាត ក្រុមគ្រួសារក៏ល្អចំណែកដៃគូជីវិតវិញល្បីល្បាញពេញប្រទេសមានអ្នកគាំទ្រភ្លូកទឹកភ្លូកដី។ ជាមួយការចែករំលែករបស់ខ្លួន ឡូរីន ថា ជីវិតមនុស្សម្នាក់ៗមានរឿងរៀងខ្លួនៗចង់ក្លាយជាមនុស្សដែលមានសំណាងត្រូវធ្វើអំពើល្អ នោះអំពើល្អនឹងរត់មករកយើងតែបើចង់ល្អប៉ុន្តែមានចិត្តច្រណែនឈ្នានីសតាមយាយីចាំមើលបំណាំគេ ធ្វើឱ្យគេមានរឿងជាមួយគ្នា មនុស្សប្រភេទនេះគឺមិនមានក្តីសុខទេ។
តាមរយៈវីដេអូមួយដែលបានចែកចាយលើបណ្តាញសង្គមទិកតុក ឡូរីន បាននិយាយថាជីវិតមនុស្សម្នាក់ៗមានរឿងរៀងខ្លួនៗ ពេលវេលា បរិយាកាសជុំវិញខ្លួនគឺខុសគ្នាទាំងអស់នាងក៏មិនដូចអ្នកដទៃ អ្នកដទៃក៏មិនដូចនាង។ នាងទទួលបានសំណួរជាច្រើនថាធ្វើយ៉ាងមិចបានមានមនុស្សល្អនៅជិតជុំវិញខ្លួន អ្នកខ្លះក៏និយាយថានាងសំណាងជាដើមចង់បានជីវិតដូចជានាងដែរ។
សង្សារវណ្ណដា ថាអ្នកខ្លះចង់ល្អតែអត់ព្យាយាមធ្វើល្អ ច្រណែនឈ្នានីសដើម្បីព្យាយមរកចំណុចអាក្រក់របស់ម្នាក់ហ្នឹងដោយបង្កើតរឿងអាក្រក់ប្រាប់អ្នកដទៃបើម្នាក់នោះមិនមានចំណុចអាក្រក់បង្ហាញឡើង ប្រាប់អ្នកជុំវិញខ្លួនអ្នកនេះចេះអ្នកនោះចុះ។ ការបង្កើតរឿងអាក្រក់អ្នកដទៃដើម្បីមានរឿងឱ្យនិយាយវាជាអំពើបាបអត់នាំឱ្យអ្នកទាំងអស់គ្នាឈានដល់ជីវិតដែលចង់បានឡើយ។
ឡូរីន បន្ថែមថាមនុស្សតាមយាយីគេ ចាំមើលបំណាំគេ ធ្វើឱ្យគេមានរឿងជាមួយគ្នា មនុស្សប្រភេទនេះគឺអត់សុខខ្លួនឯង។ ទម្លាប់របស់នាងអត់ដែលសូវស្គាល់នរណាច្រើននោះទេ មានត្រឹមគ្រួសារ ដៃគូ បងប្អូនគឺគ្រប់គ្រាន់ហើយដោយមិនត្រូវការស្គាល់នរណាច្រើននោះទេ ខណៈរឿងអតីតកាលរបស់ខ្លួនមិនរញ៉េរញៃអ្វីឡើយ។
ស្រីស្អាតចំណាប់ធ្វើម្ហូបរូបនេះ បានលើកឡើងទៀតថា ឃើញអ្នកដទៃជោគជ័យយើងគួរតែអបអរជាជាងមានអារម្មណ៍មួយស្អប់ ច្រណែន។ ការគិតល្អធ្វើអំពើល្អ អំពើល្អនោះនៅជាប់ខ្លួនរហូតដល់ថ្ងៃស្លាប់ ហើយការធ្វើល្អនាំយើងមកនូវសេចក្តីល្អដូចគ្នា សំណាងនឹងរត់មករកយើង។ ជាមួយនឹងពាក្យសម្តីរបស់ ឡូរីន ខាងលើនេះធ្វើឱ្យហ្វេនៗចូលទៅខម្មិនបង្ហាញការពេញចិត្តយ៉ាងខ្លាំងទាំងស្អាតពូកែយកចិត្តសង្សារ ចំណែកឯចិត្តគំនិតប្រកបដោយគុណធម៌។
គួរបញ្ជាក់ថា ឡូរីន និង វណ្ណដា បានបើកចំហចំណងស្នេហ៍ជាសាធារណៈកាលពីថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៣។ បន្ទាប់ពីបង្ហាញទំនាក់ទំនងរួចជារឿយៗគេប្រទះឃើញអ្នកទាំងពីរបណ្តើរគ្នាស្ទើរគ្រប់ទីកន្លែងនៅសាធារណៈ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរក៏ចែករំលែកភាពផ្អែមល្ហែមទៅកាន់អ្នកគាំទ្រតាមរយៈសកម្មភាពស្វីតៗ និងការប្រើជីវិតយ៉ាងសាមញ្ញជាមួយគ្នា៕










