ភ្លេចៗខ្លួនពេលនេះកូនប្រុសតារាចម្រៀងល្បីឈ្មោះ ជី ដេវីត និង ទេព បូព្រឹក្ស មានអាយុ១ខួបហើយ។ មិនត្រឹមតែប៉ុណ្ណោះក្នុងឱកាសដ៏រីករាយនេះអ្នកទាំងពីរបានដឹកដៃកូនសម្លាញ់ខ្លួនធ្វើអំពើសប្បុរធម៌ចែករំលែកក្តីស្រលាញ់ជាមួយកុមារនៅអង្គការ AFESIPថែមទៀតជាទង្វើមួយគួរឱ្យសរសើរ។
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាថ្ងៃកំណើតគម្រប់ខួប១ឆ្នាំរបស់ ទេព បញ្ចវរាប ហៅ Albert កូនប្រុសរបស់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស។ លោក ជី ដេវីត បានបង្ហោះជូនពរកូនប្រុសរបស់ខ្លួនថា«រីករាយថ្ងៃកំណើតកូនសម្លាញ់ប៉ា ចូរកូនធំធាត់ឡើងប្រកបដោយប្រាជ្ញា ចេះយកចិត្តទុកដាក់ជួយនិងចិត្តមេត្តាករុណាចំពោះមនុស្សគ្រប់គ្នា ចូរកូនប៉ារស់នៅប្រកបដោយក្តីស្រលាញ់។ កូនធំឡើងកូននឹងដឹងថាកូនសំណាងដោយសម្ពាយបុណ្យកូនមានការអាណិតស្រលាញ់ចូលចិត្តនិងយកចិត្តទុកដាក់ពីបងប្អូនអ៊ំពូមីងលោកតាលោកយាយច្រើនណាស់ ប៉ាៗរីករាយនិងមានមោទកភាពណាស់»។
ចំណែកឯ ទេព បូព្រឹក្ស វិញ ក៏បានជូនពរកូនប្រុសរបស់ខ្លួនដែរថា «រីករាយថ្ងៃកំណើត កូនម៉ែ ម៉ែសូមជូនពរកូនសុខភាពល្អ សូមឱ្យកូនដឹងក្តីឡើងជាក្មេងល្អមានព្រហ្មវិហារធម៌ក្នុងខ្លួន មានចិត្តសណ្តោសប្រណី មានក្តីមេត្តាក្នុងខ្លួន សូមឱ្យជីវិតកូនពោរពេញដោយភាពសប្បាយរីករាយ និង ជោគជ័យគ្រប់ភារកិច្ច»។
ក្រៅពីពាក្យជូនពរប្រកបដោយក្តីស្រលាញ់ពីទំហំចិត្តឪពុកម្តាយទៅលើកូននោះ ជី ដេវីត និង ទេព បូព្រឹក្ស បានធ្វើរឿងគួរឱ្យសរសើរដោយនាំកូនប្រុសចែករំលែក្តីស្រលាញ់ទៅកាន់កុមារនៅក្នុងអង្គការ AFESIP ប្រកបដោយស្នាមញញឹម។ ការធ្វើអំពើសប្បុរសធម៌ក្នុងឱកាសខួបកំណើតនេះពិតជាទង្វើគួរឱ្យសរសើរនិងជាភាពគំរូមួយព្រោះខួបកំណើតក្រៅពីរៀបចំពិធីជប់លៀងអបអរសប្បាយរីករាយយើងអាចធ្វើទង្វើដ៏ល្អនេះបាននិងជាចំណុចល្អមួយទៅថ្ងៃអនាគតកូនៗយកគំរូល្អតាមជាប់ខ្លួន។
គួរបញ្ជាក់ថា ក្រៅពីឱកាសខួបកំណើតកូនប្រុសគម្រប់ខួប១ឆ្នាំ កាលពីបុណ្យណូអែល តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ក៏បានដឹកដៃគ្នាចែករំលែកក្តីស្រលាញ់ មានជាកាដូ ញុំាអាហារឆ្ងាញ់ៗ ច្រៀងរាំលេងកម្សាន្តនៅអង្គការ AFESIP ដូចគ្នា៕










