ប្រទេសម៉ិកស៊ិក៖ គូស្វាមីភរិយាប្រហែល ១,២០០ គូបានរៀបការរួមគ្នានៅជាយក្រុងម៉ិកស៊ិក ក្នុងព្រឹត្តិការណ៍បុណ្យនៃក្តីស្រឡាញ់ប្រពៃណីមួយនៅទីក្រុង Nezahualcoyotl។
គូស្នេហ៍ជាច្រើនជំនាន់បានរៀបចំពិធីមង្គលការនេះនៅទីលាន Nezahualcoyotl កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រពៃណីប្រចាំឆ្នាំនេះត្រូវបានគេហៅថា “matrimonio colectivo” ឬអាពាហ៍ពិពាហ៍ដ៏ធំមួយ។/bnn/media/media_files/b28bbe93b18692b848084e5de8f36313cfea5f52066b3fd896b07e56f4f6b0e7.jpg)
យោងតាម KPC NEWS បានឱ្យដឹងថា មនុស្សមួយចំនួនជ្រើសរើសទម្រង់នេះដើម្បីសន្សំការចំណាយ ដោយ Rosalin Ruiz អាយុ ២៨ ឆ្នាំបាននិយាយថា “អាពាហ៍ពិពាហ៍ជាធម្មតាមានតម្លៃថ្លៃណាស់” ដូច្នេះទើបនាងសម្រេចរៀបការជាមួយមិត្តប្រុសរបស់នាង Ricardo Reyes អាយុ ៣០ ឆ្នាំនៅក្នុងពិធីមង្គលការរួមគ្នាដ៏ធំនេះតែម្តង។ រីឯ Yosimar Carrasco និង Alejandra Godinez អាយុ ៣៧ ឆ្នាំទាំងពីរនាក់ក៏បានចូលរួមក្នុងពិធីមង្គលការជាក្រុមដោយសង្ឃឹមថានឹងទទួលបាន “បទពិសោធន៍ថ្មីៗនៅក្នុងជីវិតរបស់ពួកគេ” ខណៈពេលដែល Pilar Hernandez និង Susana Inocente អាយុ ៤០ ឆ្នាំទាំងពីរបានមើលឃើញថាវាគឺជាឱកាសពិសេសមួយសម្រាប់គូស្នេហ៍ភេទដូចគ្នា ហើយក៏មាន “សិទ្ធិស្មើគ្នា” ដូចអ្នកដទៃទៀតដែរ ពួកគេក៏សម្រេចរៀបការដោយស្របច្បាប់នៅទីនេះតែម្តង។
គូស្នេហ៍ស្រលាញ់ភេទដូចគ្នា Alejandro និង Carlos បាននិយាយថា “ស្នេហាគ្មានព្រំដែនទេ ហើយយើងពិតជាមានមោទនភាពក្នុងការចូលរួមពិធីមង្គលការដ៏ធំនេះខ្លាំងណាស់”។ ការអបអរសាទរមួយជុំបានបន្លឺឡើងនៅក្នុងទីលាននៅពេល Sonia Cruz ប្រធានការិយាល័យអត្រានុកូលដ្ឋានរបស់រដ្ឋបានបញ្ជាក់ពីការរៀបការរបស់គូស្នេហ៍ដោយស្របច្បាប់ និងបានអញ្ជើញពួកគេឱ្យរាំកម្សាន្ត ក៏ដូចជាថតរូបផ្អែមល្ហែមជាមួយគ្នាទៀតផង។ ពិធីនៅឆ្នាំនេះ ឧបត្ថម្ភដោយការិយាល័យអភិបាលក្រុងក្នុងតំបន់ ហើយក៏បានប្រគល់អំណោយ ទូរទស្សន៍ និងវត្ថុអនុស្សាវរីផ្សេងទៀត ឱ្យទៅគូស្វាមីភរិយាដែលរៀបការនៅទីនេះគ្រប់ៗគ្នាផងដែរ។
Dona Rosa ដែលជាស្ត្រីរៀបការយូរបំផុតនៅអាយុ ៥០ ឆ្នាំ បាននិយាយថា “វាគឺជាការរំលឹកថា ស្នេហាអាចស្ថិតស្ថេរពេញមួយជីវិត ហើយយើងក៏មានមោទនភាពដែលឃើញគូស្នេហ៍វ័យក្មេងជាច្រើនដើរតាមគន្លងរបស់យើង”។ គួរបញ្ជាក់ដែរថា ពិធីមង្គលការដ៏ធំមួយនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ក៏បានធ្វើឡើងក្នុងប្រទេសនីការ៉ាហ្គាផងដែរ ដោយមានគូស្នេហ៍ចំនួន ២០០ គូបានរៀបការនៅលើច្រាំងនៃបឹង Xolotlan របស់ Managua ទៀតផង៕










