នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ តុលាការសាលាដំបូង ខេត្តព្រះសីហនុបានសម្រេចផ្ដន្ទាទោសជនជាតិចិនតៃវ៉ាន់ ២ នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យប្រាក់ម្នាក់ ៤ លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម។
បុរសជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ បានចូលមកប្រទេសកម្ពុជា ដើម្បីផលិតវីដេអូបំភ្លើសការពិត អំពីសកម្មភាពពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស។
ក្រោយពីបានស្តាប់ចម្លើយ តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ និងបញ្ជូនឈ្មោះ CHEN NENG CHUAN និងឈ្មោះ LU TSU HSIEN ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសដែលមានបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕











