តារាចម្រៀង លីម តិចម៉េង ថុល សុភិទិ នាង ដាវីន និង ស៊ីម ច័ន្ទពន្លឺ ដែលអ្នកគាំទ្រនិយមហៅថា TOP4 បានធ្វើឱ្យទស្សនិកជនរំភើបចិត្តនឹងមិត្តភាពរបស់អ្នកទាំង៤ ដែលស្រលាញ់យកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក។ ជាក់ស្តែង ថ្ងៃនៃសេចក្តីស្រលាញ់១៤ កុម្ភៈ លីម តិចម៉េង ថុល សុភិទិ នាង ដាវីន បានធ្វើរឿងរំជួលចិត្តទៅកាន់ ស៊ីម ច័ន្ទពន្លឺ យ៉ាងភ្ញាក់ផ្អើល។
នៅក្នុងកម្មវិធីប្រគំតន្រ្តីចំថ្ងៃទិវានៃសេចក្តីស្រលាញ់(១៤ កុម្ភៈ) តារាចម្រៀង ស៊ីម ច័ន្ទពន្លឺ និង នាង ដាវីន មានការងារជាមួយគ្នានៅឯកោះពេជ្រដើម្បីចែករំលែកនៃសេចក្តីស្រលាញ់ទៅកាន់អ្នកគាំទ្រតាមរយៈបទចម្រៀងរបស់ពួកគេ។ អ្វីដែលកាន់តែចាប់អារម្មណ៍ នាង ដាវីន បានកាន់បាច់ផ្កាដ៏ស្រស់ស្អាតជូនទៅកាន់ ស៊ីម ច័ន្ទពន្លឺ នៅលើឆាកតែម្តង។
លើសពីភាពភ្ញាក់ផ្អើលទទួលបានបាច់ផ្កានេះ ស៊ីម ច័ន្ទពន្លឺ ក៏ទទួលបានការ Surprise មួយតង់ទៀត ដោយ ថុល សុភិទិ និង តិចម៉េង បានផ្ញើសេចក្តីស្រលាញ់តាមរយៈវីដេអូមកកាន់លោកដោយសារតែអ្នកទាំងពីរពុំមានវត្តមានលើឆាកជាមួយគ្នា។ តិចម៉េង និង ភិទិ បានរៀបរាប់ពីទំហំនៃស្រលាញ់ដែល ស៊ីម ច័ន្ទពន្លឺ មានឱ្យពួកគេតែងតែយកចិត្តទុកដាក់ចំពោះប្អូនៗ ដោយនិយាយថាសមាជិកTOP4ដែលមានអាយុច្រើនជាងគេរូបនេះជាមនុស្សល្អ ផ្តល់ដំបូន្មាន ឆ្លងកាត់បទពិសោធល្អៗជាមួយគ្នា រួមទាំងជូនពរឱ្យ ស៊ីម ច័ន្ទពន្លឺ ឆាប់មានគូស្នេហ៍ផងដែរ។
ងាកមកកាន់ នាង ដាវីន ដែលមានវត្តមានលើឆាកជាមួយ ស៊ីម ច័ន្ទពន្លឺ វិញក៏បានបង្ហាញសេចក្តីស្រលាញ់ដែរថា ពន្លឺ ជាបងប្រុសម្នាក់ដែលល្អបន្ទាប់ពីក្រុមគ្រួសាររបស់ខ្លួន ដែលតែងតែឈឺឆ្អាលចំពោះសមាជិកក្នុងក្រុមទោះបីជាទើបស្គាល់គ្នាបានជាង២ឆ្នាំក្តី។ ដាវីន បន្តទៀតថា ពេលខ្លះការច្រៀងរបស់ខ្លួននៅលើឆាកមានភាពរអាក់រអួលនោះមាន ពន្លឺ មកជួយច្រៀងដោយមិនខ្លាចធ្លាក់ទឹកជាមួយប្រសិនជាបទនោះ ស៊ីម ច័ន្ទពន្លឺ មិនចេះឬភ្លាត់ស្នៀតនៅលើឆាក។ នាង ដាវីន ថា ស៊ីម ច័ន្ទពន្លឺ ជាមនុស្សមានចិត្តបរិសុទ្ធ។
ទន្ទឹមនឹងក្តីស្រលាញ់របស់ ភិទិ តិចម៉េង នាង ដាវីន មានចំពោះខ្លួន ស៊ីម ច័ន្ទពន្លឺ រំភើបចិត្តយ៉ាងខ្លាំងចំពោះក្តីស្រលាញ់មួយនេះរហូតដល់រូបលោករលីងរលោងទឹកភ្នែក។ បន្ទាប់ពីអ្នកគាំទ្រឃើញមិត្តភាពដ៏របស់អ្នកទាំង៤ហើយ ធ្វើឱ្យអ្នកគាំទ្រពោលសរសើរមិត្តភាពរបស់ពួកគេយ៉ាងខ្លាំងដែលតែងតែមានក្តីស្រលាញ់ឱ្យគ្នាទៅវិញទៅមក។
លីម តិចម៉េង ថុល សុភិទិ នាង ដាវីន និង ស៊ីម ច័ន្ទពន្លឺ គឺជាបេក្ខជនជើងខ្លាំង៤នាក់ចុងក្រោយនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដែលមានសន្ទុះគាំទ្រច្រើនពីទស្សនិកជន ដោយ តិចម៉េង ជាម្ចាស់ពាន។ ក្រោយពីបញ្ចប់ការប្រកួតអ្នកទាំង៤បានក្លាយជាតារាចម្រៀងក្នុងក្រុមហ៊ុនហង្សមាស ព្រមទាំងលេចមុខតាមកម្មវិធីជាហូរហែមិនដែលដាច់៕










