ថ្មីៗនេះតារាចម្រៀង ពេជ្រ ថៃ បានបង្ហាញអារម្មណ៍ដោយក្តីអន់ចិត្តបន្ទាប់ពីទទួលរងនូវពាក្យសម្តីប..ណ្តុះបង្អា.ប់រូបរាងគេថាជាមនុស្សក្រិន។ ពាក្យសម្តីវាយប្រហារផ្លូវចិត្តនេះបានជំរុញឱ្យសិល្បករ អ្នកបង្កើតមាតិកា រួមទាំងអ្នកគាំទ្របញ្ចេញសារលើកទឹកចិត្តទៅកាន់ ពេជ្រ ថៃ កុំឱ្យបាក់ទឹកចិត្តនូវពាក្យសម្តីរបស់អ្នកមួយចំនួន។
តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមទៅកាន់ម្ចាស់ពាន The Voice kids Cambodia រដូវកាលទី១ ថា «បងយល់អារម្មណ៍ប្អូនថៃ ប្អូនអាចប្រាប់បងប្អូនយើងទាំងអស់នោះវិញថា ប្អូនគ្រិនរូបរាងពិតមែន តែប្អូនមិនបានគ្រិនឆន្ទៈ ឧត្តមគតិ គុណធម៌ដូចសំបកកាយប្អូនឡើយ»។ ចំណែក ស៊ឹម ច័ន្ទពន្លឺ វិញ បានលើកឡើងដែរថា «សុំត្រឹម share ហើយពិចារណាមើលចុះ បើមានគេហៅអ្នក បែបហ្នឹងវិញ ( អាខ្មៅ , អាក្រញ៉ាញ់ .. ) អ្នកមានអារម្មណ៍យ៉ាងណា ! ពេជ្រ ថៃ កុំខ្វល់ ឬគិតច្រើនធ្វើអី.. ប្អូនគឺជាប្អូន..Be who you are មនុស្សម្នាក់ៗ មានសមត្ថភាព ..រូបរាង និងភាពស្រស់ស្អាត ផ្សេងៗពីគ្នា»។
TOP4 រូបនេះបន្ថែមទៀតថា «លោកសូមមិនគាំទ្រ នូវការប្រើប្រាស់ពាក្យមាក់ងាយ មកលើរូបរាងខាងក្រៅទៅលើបុគ្គលណាម្នាក់សូមគិតមុននឹងសរសេរ comment ទៅកាន់អ្នកណាម្នាក់»។
ងាកទៅកាន់ នាង ដាវីន មិនខុសគ្នាប៉ុន្មាននោះទេលោកបានបញ្ចេញមតិដែរថា «បងមិនខ្វល់ទេថាគេនិយាយបែបមិចដាក់ប្អូនទេ សម្រាប់បង ប្អូនជាក្មេងល្អ បើគ្មានអ្នកឈឺឆ្អាលរឿងប្អូន ចាំបងអ្នកឈឺឆ្អាលឱ្យ ប្អូនល្អ រឹងមាំ ត្រូវចាំពាក្យបងគ្មានអ្នកណាល្អជាគ្រួសារប្អូនទេ ចឹងត្រូវយកពួកគាត់ជាធំ ស៊ូៗអូន»។
អ្នកបង្កើតមាតិកា ឡាយ ប៊ុនឡេង វិញបានចូលទៅលើកទឹកចិត្ត ពេជ្រ ថៃ ដោយនិយាយថា «ស៊ូៗពេជ្រថៃ… កុំបាក់ទឹកចិត្តដោយសារមនុស្សដែលយើងមិនស្គាល់មិនឱ្យតម្លៃយើងអី..ខ្ញុំជឿថា មានមនុស្សជាច្រើនដែលបានរីករាយដោយសារ ពេជ្រ ថៃ ។ រីឯតារាចម្រៀង វង្ស ថាណាន់ បាននិយាយថា «កុំគិតច្រើនអីណាប្អូន»។
ក្រៅពីអ្នកក្នុងចង្កោមសិល្បៈ អ្នកបង្កើតមាតិកា មហាជនក៏បានចូលរួមលើកទឹកចិត្តទៅកាន់ ពេជ្រ ថៃ ផងដែរកុំឱ្យរូបគេខ្វល់ខ្វាយនឹងពាក្យសម្តីអ្នកមួយចំនួនដែលសើចចំអករូបរាងរបស់គេ៕










