នាពេលកន្លងមកអ្នកសិល្បៈមួយចំនួនបានធ្វើឱ្យសង្គមសិល្បៈធ្លាក់ចុះតាមរយៈសកម្មភាពអវិជ្ជមានរបស់បុគ្គលដែលយកពាក្យថាអ្នកសិល្បៈទៅធ្វើរឿងមិនគប្បីនាំឱ្យជះឥទ្ធិពលមិនល្អដល់អ្នកសិល្បៈទាំងមូល។ ជាមួយគ្នានេះ សមាគមសិល្បករខ្មែរដែលមានជំទាវ ចន ច័ន្ទលក្ខណា ជាប្រធានបានចេញសេចក្តីថ្លែងការណ៍ដាក់ចេញនូវពីរចំណុចៗដែលអ្នកសិល្បៈជាសមាជិកត្រូវអនុវត្ត។
ក្នុងសេចក្តីថ្លែងការថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមស្មារតីនៃកិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ក្នុងគោលបំណងថែរក្សា ការពារកិត្តិយស សេចក្តីថ្លៃថ្នូររបស់សិល្បករទូទៅ និងដោយមានការស្នើសុំពីសិល្បករជាច្រើននាពេលកន្លងមក សមាគមសូមដាក់ចេញនូវសេចក្តីថ្លែងការណ៍ដូចខាងក្រោម សម្រាប់សមាជិកទាំងអស់ចូលរួមអនុវត្ត ព្រមទាំង ផ្សព្វផ្សាយជូនដល់សាធារណជន ដើម្បីជ្រាបជាព័ត៌មាន៖
១. សមាគមសិល្បករខ្មែរ សូមបញ្ជាក់ជូនសិល្បករទាំងអស់ឱ្យបានជ្រាបថា សមាគមសូមមិនគាំទ្រ និងបដិសេធជាដាច់ខាតចំពោះសិល្បកររូបណា ដែលយកវិជ្ជាជីវៈសិល្បៈរបស់ខ្លួន ឬ យកឈ្មោះជាសិល្បករ ទៅប្រព្រឹត្តទង្វើមិនគួរគប្បី ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយនាំមកនូវការបាត់បង់តម្លៃជាសិល្បករ និងអាប់ឱនដល់កិត្តិយសសិល្បករដទៃទៀត ដែលកំពុងខិតខំចូលរួមលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ។
២. សូមសិល្បករជាសមាជិកទាំងអស់ ផ្តល់ព័ត៌មានមកកាន់សមាគម ដើម្បីបានទទួលការប្រឹក្សា យោបល់ ឬដំណោះស្រាយដោយសន្តិវិធី ឬការគាំទ្រផ្នែកច្បាប់ស្របតាមគោលការណ៍សមាគម ប្រសិនបើមាន វិវាទណាមួយកើតឡើង ជៀសវាងការបង្ហោះវីដេអូជេរប្រមាថឆ្លើយឆ្លងទៅវិញទៅមក នាំឱ្យតម្លៃជាសិល្បករធ្លាក់ ចុះ ជាគំរូមិនល្អដល់អ្នកគាំទ្រ និងមហាជនទូទៅផងដែរ។
បើតាមសម្តីរបស់ប្រធានសមាគមសិល្បករខ្មែរ បានបង្ហាញអារម្មណ៍របស់ខ្លួននាពេលកន្លងមកបានឱ្យដឹងថាក្នុងកិច្ចការងាររាល់ថ្ងៃខ្លួនអត់ធ្មត់គ្រប់បែបយ៉ាង ហើយជៀសរឿងប្តឹងផ្តល់គ្នាណាស់ រឿងរ៉ាវខ្លះធ្វើជាអ្នកសម្របសម្រួលតែបែរជាគេសាចទឹកដាក់ខ្លួនទៅហើយហើយការអត់ធ្មត់ក៏មានដែនកំណត់ដែរ៕