តារាចម្រៀងល្បីឈ្មោះក្នុងវិស័យK-Pop HyunA ដែលមកសម្តែងនៅកម្ពុជាកាលពីកន្លងមកនេះបានបាត់បង់អ្នកគាំទ្រ៣០ម៉ឺននាក់នៅលើបណ្តាញសង្គម Instagram ត្រឹមមួយប៉ព្រិចភ្នែក បន្ទាប់ពីទម្លាយទំនាក់ទំនងជាមួយមិត្តប្រុសថ្មីដែលមានរឿងអាស្រូវឧក្រិដ្ឋកម្មផ្លូវភេទ។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តារាចម្រៀង HyunA បានបង្ហាញទំនាក់ទំនងស្នេហាជាសាធារណជាមួយ Yong Jun-hyung អតីតសមាជិកក្រុម HIGHLIGHT។ ការប្រកាសទំនាក់ទំនងនេះអ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញថា ចំនួនអ្នកតាមដាននៅលើគណនី Instagram របស់ HyunA បានថយចុះពី ១៨,៤ លាននាក់ មក ១៨,២ លាននាក់ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។
លើសពីនេះទៅទៀត មកទល់នឹងថ្ងៃទី១២ កុម្ភៈ នេះអ្នកតាមដានបណ្តាញសង្គមតារាចម្រៀងរូបនេះនៅបន្តធ្លាក់ចុះមកត្រឹម១៨,១លាននាក់ដែលមានន័យថា HyunA បានបាត់បង់អ្នកគាំទ្ររហូតដល់៣០ម៉ឺននាក់ត្រឹមតែ៣សប្តាហ៍នេះ។ ទោះបីជាចំនួន ៣០០,០០០នាក់គ្រាន់តែជាចំនួនតិចតួចប៉ុណ្ណោះបើប្រៀបធៀបទៅនឹងអ្នកតាមដានទូទៅរបស់នាង ប៉ុន្តែការពិតដែលថាការធ្លាក់ចុះដ៏ធំនេះបានកើតឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីនាងប្រកាសទំនាក់ទំនងស្នេហា។
អ្នកខ្លះបានចង្អុលបង្ហាញថា ហេតុផលដែលអ្នកគាំទ្របញ្ចេញប្រតិកម្មអវិជ្ជមានគឺដោយសារនាងមិនបានប្រាប់ភ្នាក់ងាររបស់នាង At Area មុននឹងទម្លាយទំនាក់ទំនងរបស់នាងជាសាធារណៈ។ HyunA បានធ្វើដូចគ្នាជាមួយ CUBE Entertainment ពេលមានទំនាក់ទំនងជាមួយ Dawn អតីតសមាជិកក្រុម Pentagon កាលពីអតីតកាល។
អ្វីដែលជាកត្តាសំខាន់នាំឱ្យ HyunA ធ្លាក់តាមដានខ្ជាកៗបែបនេះដោយសារសង្សារថ្មីរបស់នាង Yong Jun-hyung មានភាពចម្រូងចម្រាសដោយសារការជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មផ្លូវភេទ។ ទោះបីជា Yong Jun-hyung មិនបានចូលរួម ប៉ុន្តែរូបគេបានទទួលវីដេអូដែលថតដោយ Jung Joon-young ដោយខុសច្បាប់តាមរយៈការសន្ទនា និងបានបញ្ចេញមតិមិនសមរម្យ៕