ជាធម្មតា ការបែងចែកឋានៈ បុណ្យសក្កិត្រូវបានមនុស្សក្នុងលោកបែងចែកជាក្រុមត្រកូលតាំងតែពីយូរណាស់មកហើយ។ ក្រុមមនុស្សមួយក្រុមតូចដែលវិសេសបំផុតលើសគេ និងមានឥទ្ធិពលបំផុតជាងគេក្នុងចំណោមមនុស្សទូទៅក្នុងតំបន់១ ក្រុមមួយ។ល។ គេតែងតែហៅក្រុមនោះថាជាស្តេច។ល។
ពាក្យថាស្តេច សំគាល់ទៅលើអំណាច បុណ្យសក្តិ កិត្តិយស ពូជពង្សវង្សត្រកូល មិនមាននរណាម្នាក់មកប្រៀបបានឡើយ។ បើមានជាតិកំណើតកើតក្នុងត្រកូលស្តេចគឺជាស្តេច ដំណាងអោយអ្នកដែលមានបុណ្យបារមីលើសគេ ទើបមាននិស្ស័យកើតជាសមាជិកក្នុងត្រកូលនោះ គ្រប់គ្នាមិនអាចជ្រើសរើសទីចាប់កំណើតតាមការចង់បាន ការពេញចិត្តរបស់យើង ពិសេសគឺវង្សត្រកូលបានឡើយ។
ថ្ងៃនេះ សារព័ត៌មាន KBN NEWS នឹងលើកបង្ហាញលោកអ្នកអោយបានជ្រាបកាន់តែច្បាស់បន្ថែមទៀតពីកំពូលស្តេចដែលមានទ្រព្យសម្បត្តិច្រើនមហាសាលបំផុតទាំង៥នៅក្នុងពិភពលោក ដែលគ្រប់គ្រងកាន់កាប់ទ្រព្យសម្បត្តិនិងសកម្មភាពអាជីវកម្មក្នុងដៃ ដោយដកស្រង់តាមរបាយការណ៍ស្រាវជ្រាវពី The Business Standard នៅឆ្នាំ២០២៣។
ជាការពិតស្តេចដែលគង់នៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យគឺមានសិទ្ធិយ៉ាងទូលាយក្នុងវិស័យអចលនទ្រព្យ ការកាន់កាប់ក្រុមហ៊ុន កម្មសិទ្ធិភាគហ៊ុនជាដើម ស្របជាមួយនឹងស្ថេរភាពសេដ្ឋកិច្ច សង្គម និងនយោបាយ ដែលទាំងនេះហើយបាននឹងបង្កើននូវទំហំទ្រព្យសម្បត្តិដ៏មហាសាល បើទោះបីជានៅក្នុងនាមជាក្សត្រក៏ដោយ។
យោងតាមរបាយការណ៍ខាងលើគឺបានប៉ាន់ស្មានទ្រព្យសម្បត្តិនិងចាត់ថ្នាក់ស្តេចទាំង៥អង្គ ដែលមានជាងគេបំផុតលើពិភពលោករួមមាន ៖
1. ព្រះមហាក្សត្រថៃបច្ចុប្បន្ន គឺព្រះមហាក្សត្រ Maha Vajiralongkorn បានជាប់ចំណាត់ថ្នាក់លេខមួយ ថាជាស្តេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។ ជាមួយនឹងការប៉ាន់ស្មានទ្រព្យសម្បត្តិសុទ្ធរបស់ទ្រង់មានរហូតដល់ ៤៣ ពាន់លានដុល្លារ ហើយទ្រព្យសម្បត្តិដ៏វិសេសវិសាលបំផុតរបស់ទ្រង់គឺបានមកពីភាគហ៊ុនអចលនទ្រព្យក្នុងទីក្រុងបាងកក និងភាពជាម្ចាស់នៅក្នុងក្រុមហ៊ុនជាច្រើន និងធនាគារ ក្រុមហ៊ុនរោងចក្រស៊ីម៉ង់ត៍ដ៏ធំបំផុតរបស់ប្រទេសថៃ។ អស់រយៈពេល៨០ ឆ្នាំកន្លងមកហើយ ទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រថៃត្រូវបានគ្រប់គ្រងដោយការិយាល័យកម្មសិទ្ធិមួយ ដែលហៅថា«Crown Property Bureau» រហូតឆ្នាំ ២០១៦ ទើបខាងការិយាល័យនេះ ផ្ទេរទ្រព្យសម្បត្តិទៅឱ្យព្រះមហាក្សត្រគ្រប់គ្រងដោយផ្ទាល់វិញ។
2. ព្រះមហាក្សត្រ Sultan Hassanal Bolkiah នៃប្រទេសប្រ៊ុយណេ គឺជាស្តេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេទីពីរលើលោក។ ព្រះមហាក្សត្រ អង្គនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ២៨ ពាន់លានដុល្លារ។ ហើយភាគច្រើននៃទ្រព្យសម្បត្តិនេះគឺមានប្រភពមកពីការវិនិយោគលើវិស័យប្រេង និងឧស្ម័ន។ វិស័យនេះគឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់ប្រទេសផងដែរ ហើយពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសប្រ៊ុយណេគឺពឹងផ្អែកលើប្រាក់ចំណូលពីការលក់ប្រេង។ ជាធម្មតាព្រះអង្គចូលចិត្តចំណាយទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ទ្រង់ លើវត្ថុប្រណិតៗជាច្រើន ដូចជា រថយន្តទំនើបៗ មានចំនួន៧.០០០គ្រឿង ដែលមានតម្លៃជាង ៥ពាន់លានដុល្លារ ព្រមទាំងមានយន្តហោះឯកជនមួយចំនួនទៀតផងដែរ។
3. ព្រះមហាក្សត្រ Salman bin Saud នៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានទ្រព្យសម្បត្តិប្រមាណ ១៨ ពាន់លានដុល្លារ។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៣០ បន្ទាប់ពីបានរុករកឃើញប្រភពប្រេងកាតដ៏ធំមហិមា និងបច្ចុប្បន្នប្រទេសអារ៉ាប៊ីសាអូឌីត បានក្លាយជាប្រទេសនាំចេញប្រេងឈានមុខគេលើពិភពលោក។
4. ព្រះអង្គម្ចាស់ Sheikh Khalifa bin Zayed Al Nahyan ទីក្រុង Abu Dhabi នៃសហព័ន្ធអារ៉ាប់រួម ដែលមានទ្រព្យសម្បត្តិប្រមាណ ១៨ ពាន់លានដុល្លារ។ បន្ទាប់ពីព្រះអង្គបានទទួលមរណភាពក្នុងខែឧសភា ឆ្នាំ ២០២២ ទ្រព្យសម្បត្តិទ្រង់ត្រូវបានផ្ទេរឲ្យព្រះអង្គម្ចាស់ Mohamed bin Zayed Al Nahyan ។ ប្រាក់ចំណូលចម្បងរបស់ទ្រង់គឺបានមកពីឧស្សាហកម្មប្រេងនិងឧស្ម័នដ៏ធំរបស់ប្រទេស។
5. ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum នៃទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម មានទ្រព្យសម្បត្តិ ១៤ ពាន់លានដុល្លារ។ ប្រាក់ចំណូលរបស់ទ្រង់គឺភាគច្រើនបានមកពីវិស័យអចលនទ្រព្យ ដែលទ្រង់គឺជាអ្នកអភិវឌ្ឍន៍ វិស័យអចលនទ្រព្យដ៏លេចធ្លោលើពិភពលលោកទៀតផង។
តើឆ្នាំ២០២៤នេះ តើស្តេចអង្គណានៅអាចរក្សាតំណែងជាស្តេចដែលមានទ្រព្យសម្បត្តិច្រើនបំផុតទាំង៥លើលោកបន្តទៀត៕