គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតប្រឆាំងដាច់អហង្ការចំពោះអំពើរបស់ម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះ”លោកឡុង ស្រឡាញ់សន្តិភាព”ដែលបានជេរប្រមាថ មាក់ងាយ និងទម្លាក់កំហុសដោយអសុទ្ធចិត្តមកលើស្ថាប័នគណៈមេធាវី និងមេធាវីទាំងអស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈសំណេរលើអត្ថបទរបស់សារព័ត៌មាន Koh Santepheap Daily មានចំណងជើងថា “មេធាវីដែលជាជនដៃដល់បាញ់សម្លាប់សង្សារលក់អនឡាញនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបានទទួលមរណភាពហើយ” ចុះផ្សាយក្នុងផេកហ្វេសប៊ុក កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។
ជុំវិញករណីនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានបញ្ជាក់ច្បាស់ហើយថាមិនគាំទ្រចំពោះលោកមេធាវី ទូច វឌ្ឍនៈ ដែលបានជ្រើសយកហិង្សា ដោយបានបាញ់សម្លាប់នារីម្នាក់។ កាលនោះគណៈមេធាវីបានបង្ហោះសារសូមបួងសួងឱ្យលោកមេធាវី ទូច វឌ្ឍនៈ រួចផុតពីដំណាក់កាល សង្គ្រោះបន្ទាន់ គឺក្នុងចេតនាមនុស្សធម៌ មិនមែនឱ្យគាត់រួចផុតពីការទទួលខុសត្រូវលើទណ្ឌកម្ម វិន័យ ព្រហ្មទណ្ឌ ឬរដ្ឋប្បវេណីនោះទេ។
ហេតុនេះគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទុកពេល២៤ម៉ោង ឱ្យម្ចាស់គណនីឈ្មោះ”លោកឡុង ស្រឡាញ់សន្តិភាព” លុបសំណេររបស់ខ្លួនចោលវិញ និង សុំទោសគណៈមេធាវីនិងមេធាវីទាំងអស់ជាសាធារណៈ៕