ប្រទេសអូស្ត្រាលី ៖ ប្រទេសអូស្ត្រាលីត្រៀមចេញច្បាប់ថ្មីសម្រាប់បុគ្គលិក គឺពួកគេអាចបដិសេធមិនទទួលទូរស័ព្ទ និងឆ្លើយតបសាររបស់ចៅហ្វាយនាយបាន ក្រោយពេលចេញពីធ្វើការ ឬនៅក្រៅម៉ោងការងារ ហើយច្បាប់ថ្មីនេះទទួលបានការគាំទ្រពីពលរដ្ឋអូស្ត្រាលីជាច្រើននាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ។

តើអ្នកណាខ្លះធ្លាប់ត្រូវចៅហ្វាយនាយទូរស័ព្ទ ឬផ្ញើសារមកពេលចេញពីធ្វើការ ឬក្រៅម៉ោងការងារ? បញ្ហានេះតែងកើតមានឡើងនៅតាមប្រទេសនានាទូទាំងពិភពលោក ។ ប៉ុន្តែនៅឆ្នាំ២០២៤ នេះ ប្រទេសអូស្ត្រាលីត្រៀមចេញច្បាប់ថ្មីមួយ គឺបុគ្គលិកអាចបដិសេធមិនលើកទូរស័ព្ទ ឬឆ្លើយតបសាររបស់ចៅហ្វាយនាយបាន ។Australia Introduces the 'Right To Disconnect' For Workers - The New York  Times

សារព័ត៌មានអូស្ត្រាលីរាយការណ៍ថា រដ្ឋាភិបាលអូស្ត្រាលីត្រៀមចេញច្បាប់ថ្មីដើម្បីផ្តល់សិទ្ធិឱ្យបុគ្គលិកពុំចាំបាច់ទទួលទូរស័ព្ទ ឬឆ្លើយតបសារពីចៅហ្វាយនាយនៅក្រៅម៉ោងធ្វើការ ។ ច្បាប់នេះកំណត់ថា បុគ្គលិកនឹងមិនទទួលទោសទេ ប៉ុន្តែច្បាប់នឹងពិន័យចៅហ្វាយនាយ បើពួកគេប្រព្រឹត្តនូវទង្វើខុសច្បាប់ ។ រដ្ឋាភិបាលកណ្តាលបានស្នើច្បាប់ថ្មីនេះទៅកាន់រដ្ឋសភា ដើម្បីការពារសិទ្ធិរបស់បុគ្គលិក ឬកម្មករ ។

វាជាការបន្ថែមភាពសម្បូរបែបរវាងការធ្វើការ និងការរស់នៅ ហើយសមាជិកសភាអូស្ត្រាលីបានឯកភាពធ្វើសេចក្តីព្រាងច្បាប់នេះរួចរាល់ហើយ ។ ច្បាប់ថ្មីនេះ គឺបុគ្គលិកពុំចាំបាច់ធ្វើការងារលើសម៉ោងដោយពុំទទួលបានប្រាក់ឈ្នួល តាមរយៈការប្រើប្រាស់សិទ្ធិរបស់ចៅហ្វាយនាយឱ្យកូនចៅធ្វើការដោយគ្មានហេតុផលច្បាស់លាស់នៅក្រៅម៉ោងការងារ ។ រីឯបុគ្គលិកអាចបដិសេធជាមួយចៅហ្វាយនាយបាន ដោយពុំទទួលការដាក់ទោសអ្វីទាំងអស់ ក្នុងករណីពួកគេពុំបានប្រើប្រាស់បណ្តាញសង្គមរយៈពេល២៤ម៉ោង ។Australia to Allow Workers to Ignore Calls and Emails From Bosses After- Hours

គេរំពឹងថា រដ្ឋសភាអូស្ត្រាលីនឹងពិចារណាច្បាប់ថ្មីនាពេលឆាប់ៗនេះ ហើយសេចក្តីព្រាងច្បាប់នេះបានរួមបញ្ចូលទាំងបទប្បញ្ញត្តិផ្សេងៗផងដែរ ដូចជា ៖ គោលការណ៍ច្បាស់លាស់ជាងមុនអំពីការធ្វើការបណ្តោះអាសន្ន រហូតដល់ការងារពេញម៉ោង ។ វារួមបញ្ចូលទាំងវិធានការផ្សេងៗសម្រាប់បុគ្គលិកធ្វើការបណ្តោះអាសន្ន និងបុគ្គលិកបើកបររថយន្តដឹកទំនិញផងដែរ ។ ការត្រៀមចេញច្បាប់ថ្មីនេះ បានធ្វើឱ្យពលរដ្ឋអូស្ត្រាលីជាច្រើននាក់គាំទ្រ ដោយពួកគេប្រាប់ថា បុគ្គលិកគ្រប់គ្នាគួរតែទទួលបានសិទ្ធិនេះ ។

លោក ខូលវិន មែកហ្វ័រសាន់ រស់នៅទីក្រុងស៊ីដនី និយាយថា ៖ «ខ្ញុំគិតថា គំនិតនេះអស្ចារ្យខ្លាំងណាស់ ព្រោះយើងគ្រប់គ្នាគួរតែទទួលបានពេលវេលាសម្រាក ។ យើងចាំបាច់ត្រូវឈប់សម្រាក និងគ្មានអ៊ីម៉ែលរំខាន ឬការហៅទូរស័ព្ទចូលកណ្តាលយប់ ។ កូនរបស់ខ្ញុំទាំង២នាក់ ក៏ជាមេធាវីដែរ ពួកគេត្រូវបំពេញការងារលើសម៉ោងជានិច្ច ហើយកណ្តាលយប់មានសំឡេងរំខានយ៉ាងច្រើន ។ ហេតុនេះ យើងគ្រប់គ្នាអាចបិទទូរស័ព្ទ និងសម្រាកឱ្យស្រួលខ្លួន ព្រោះយើងមិនមែនជាគ្រឿងម៉ាស៊ីនទេ យើងជាមនុស្ស» ។Right to disconnect from work laws: Bosses set to face fines for calling  workers out of hours

ទោះយ៉ាងណា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗនៅអូស្ត្រាលីបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលពិចារណាច្បាប់នេះឱ្យបានគ្រប់ជ្រុងជ្រោយ ដោយសារពួកគេយល់ឃើញថា វានៅមានចន្លោះប្រហោង និងជាការផ្តល់សិទ្ធិដល់បុគ្គលិកខ្លាំងពេក ។ ហេតុនេះ វាអាចធ្វើឱ្យប៉ះពាល់ដល់លទ្ធផលការងារទាំងមូលរបស់ក្រុមហ៊ុននីមួយៗ ។

អ្នកស្រី ហ្វិអូណា មេកដូណាល់ ប្រធានផ្នែកគោលនយោបាយឧស្សាហកម្ម និងសង្គមនៃមជ្ឈមណ្ឌលការងារសម្រាប់ថ្ងៃអនាគតនិយាយថា ៖ «មិនគួរធ្វើបែបនេះទេ ខ្ញុំគិតថា ការភ័យខ្លាចមួយដែលក្រុមហ៊ុនអាជីវកម្ម និងប្រធានក្រុមហ៊ុនមួយចំនួនបារម្ភខ្លាំងនោះ គឺការត្រឡប់ទៅធ្វើការដ៏តឹងរ៉ឹងដូចពេលកន្លងមក ។ ខ្ញុំគ្រាន់តែនិយាយការពិតថា ឧស្សាហកម្មខ្លះ និងសម្រាប់បុគ្គលិកខ្លះ ដែលទើបរីកចម្រើនដោយគ្មានច្បាប់ផ្សេងៗ ឬគ្មានការកំណត់ផ្សេងៗ ។ ដូច្នេះ វាងាយណាស់សម្រាប់បុគ្គលិកដែលចង់ទំនេរគ្រប់ពេលវេលា» ។Federal government contemplating changes to industrial relations laws,  including a 'right to disconnect' - ABC News

គួរបញ្ជាក់ថា ប្រទេសជាច្រើនបានចេញច្បាប់ផ្តល់សិទ្ធិឱ្យបុគ្គលិកអាចបិទឧបករណ៍ទំនាក់ទំនងទាំងអស់ក្រោយចេញពីធ្វើការ ដូចជា ៖ ប្រទេសបារាំង, អាល្លឺម៉ង់, អេស្ប៉ាញ និងប្រទេសជាច្រើនទៀតនៅសហភាពអឺរ៉ុប (EU) ។

បើតាមទិន្នន័យបញ្ជាក់ថា ជនជាតិអូស្ត្រាលីបានធ្វើការងារលើសម៉ោង និងពុំទទួលបានប្រាក់ឈ្នួល ហើយជាមធ្យម ពួកគេបានធ្វើការលើសម៉ោងចំនួន៦សប្តាហ៍ក្នុង១ឆ្នាំ និងពុំទទួលបានប្រាក់ឈ្នួលពីក្រុមហ៊ុន គឺស្មើនឹង៩ម៉ឺន២ពាន់លានដុល្លារអូស្ត្រាលី ៕