កាលពីវេលាម៉ោង១១យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចសួនច្បារវត្តបទុមវតី ផ្លូវសុធារស កែងផ្លូវ២៦៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយស្ត្រីម្នាក់ បើករថយន្ដក្នុងស្ថានភាពស្រវឹង មានកម្រិតជាតិអាល់កុល 0.88mg/L បានបុករះម៉ូតូកង់បីមួយគ្រឿងនិងម៉ូតូមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ និងរងរបួសស្រាល២នាក់។បន្ទាប់ពីបានបុកគេរួចស្រ្តីម្នាក់នេះ បានចុះពីលើរថយន្តដោយបានស្រែកសួរថា “បុកមនុស្សស្លាប់ម្នាក់ សងប៉ុន្មាន”? ដែលបានធ្វើឱ្យមហាជននៅកន្លែងកើតហេតុផ្ទុះកំហឹងជាមួយនឹងពាក្យសម្តីប្រមាថមើលងាយជីវិតមនុស្សបែបនេះ។

ស្ត្រីជាជនបង្កមានឈ្មោះថា តាំង គីមឡា ត្រូវបានគេស្គាល់ថាជាអ្នកលក់អនឡាញ បានបើករថយន្តឡិចស៊ីស Nx 200t ពាក់ស្លាកលេខ ភ្នំពេញ 2BE-9557 ក្នុងកម្រិតជាតិអាល់កុល 0.88mg/L ដែលនេះលើសកម្រិតជាតិអាល់កុលដែលច្បាប់បានចែង ដោយកំណត់ត្រឹមតែ0.40mg/Lតែប៉ុណ្ណោះ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈជនរងគ្រោះទាំង២នាក់ ត្រូវបានសាច់ញាតិនាំទៅព្យាបាលរបួសនៅមន្ទីរពេទ្យ និងរងចាំការដោះស្រាយពីសមត្ថកិច្ចជំនាញ៕