ប្រទេសចិន ៖ នៅប្រទេសចិនមានភូមិមួយឈ្មោះ «ហួងលួ» មានប្រពៃណីឱ្យស្រីៗរស់នៅក្នុងភូមិទុកសក់វែង ហើយពួកនាងស្រឡាញ់សរសៃសក់របស់ខ្លួនយ៉ាងខ្លាំង ។ ពួកនាងអាចកាត់សក់បានតែម្តងប៉ុណ្ណោះក្នុងមួយជីវិត គឺពេលអាយុ១៨ឆ្នាំ ។ តើនៅភូមិនេះមានជំនឿអ្វីខ្លះពាក់ព័ន្ធនឹងការទុកសក់វែង?
ស្រីៗរស់នៅភូមិនេះអាចកាត់សក់របស់ខ្លួនតែម្តងប៉ុណ្ណោះក្នុងមួយជីវិត គឺពេលមានអាយុ១៨ឆ្នាំ ។ បន្ទាប់មក ពួកនាងនឹងរក្សាទុកសក់ដែលកាត់នេះសម្រាប់ធ្វើជាកាដូឱ្យស្វាមីនៅថ្ងៃអនាគត ។ ចាប់តាំងពីពួកនាងបានកាត់សក់រួចមក ពួកនាងនឹងពុំកាត់វាទៀតឡើយ ។
ការទុកសក់វែងបំផុត គឺមានប្រវែងរហូតដល់ជាង១០០សង់ទីម៉ែត្រ ។ បើតាមស្ថិតិដែលគេធ្លាប់បានកត់ត្រានាពេលកន្លងមក គឺមាននារីម្នាក់ទុកសក់វែងរហូតដល់២៣០សង់ទីម៉ែត្រឯណោះ ហើយសក់វែងនេះ គឺនាងបានចំណាយពេលវេលាថែទាំសក់តាំងពីនាងអាយុ១៨ឆ្នាំ រហូតដល់៣៨ឆ្នាំ (ស្មើរយៈពេល២០ឆ្នាំ) ។
ចំណែកសក់មុនពេលកាត់ចេញ គឺពេលពួកនាងមានអាយុចាប់៨ឆ្នាំ រហូតដល់១៨ឆ្នាំ ពួកនាងនឹងរក្សាទុកសក់នេះសម្រាប់តុបតែងឱ្យសក់ក្រាស់ និងស្អាត នៅពេលធ្វើសក់ក្នុងជីវិតប្រចាំថ្ងៃ ។ រីឯសកម្មភាពដែលស្រីៗរស់នៅក្នុងភូមិធ្វើជាប្រចាំថ្ងៃនោះ គឺនាំគ្នាកក់សក់នៅទឹកទន្លេ និងអង្គុយសិតសក់ ។
លោកយាយម្នាក់មានអាយុ៧៦ឆ្នាំ ដែលគាត់បានទុកសក់អស់រយៈពេល៦០ឆ្នាំ ប្រាប់ថា គាត់មានសក់វែង និងស្អាតបែបនេះ ដោយសារគាត់មានវិធីថែទាំវា គឺគាត់បានស្ងោរទឹកលាងអង្ករផ្សំជាមួយសំបកក្រូច និងផ្កាតែភ្នំ ។ ក្រោយពីស្ងោរវត្ថុទាំង៣មុខរួចរាល់ គាត់ទុកវារយៈពេល១សប្តាហ៍ ដើម្បីទទួលបានសាប៊ូកក់សក់បែបធម្មជាតិ ។ វិធីនេះនឹងជួយធ្វើឱ្យសក់ស្រីៗមានពណ៌ខ្មៅរលោង និងរឹងមាំល្អ ៕