កុមារាអាយុ៩ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺផ្ដាសាយបក្សី ប្រភេទហាស់៥អ៊ិន១(H5N1) នេះបើយោងតាមការចេះផ្សាយរបស់ក្រសួងសុខាភិបាល។

ក្រសួងគូសបញ្ជាក់ថា ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ថែទាំ និងជួយសង្រ្គោះចំពោះកុមារអាយុ៩ឆ្នាំ ដែលបានស្លាប់នេះ ប៉ុន្តែដោយសារតែស្ថានភាពជំងឺរបស់កុមារានេះមានស្ថានភាពធ្ងន់ធ្ងរ រួមមាន គ្រុនក្ដៅ ពិបាកដកដង្ហើម ហត់ ក្អក និងសន្លប់ ទើបបណ្ដាលឱ្យកុមារាបានស្លាប់តែម្ដង។

តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺមានមាន់ ៥ក្បាល និងទា ៣ក្បាល បានងាប់ហើយបានយកមាន់ទានោះមកធ្វើម្ហូបបរិភោគ។

ជុំវិញករណីនេះ ក្រសួងសុខាភិបាល បានក្រើនរម្លឹកសារជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ៕