Miss Grand Phnom Penh 2024 ពិតជាមិនធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តនោះទេបន្ទាប់ពីឈ្នះមកុដតំណាងរាជធានីភ្នំពេញ ព្រះកាយច័ន្ទ បង្ហើបប្រាប់ថានាង បានទាក់ទងទៅកាន់ រ៉េត សារីតា ឱ្យជួបបង្ហាត់ខាងភាសា និង អ៊ិន លក្ខិណា ឱ្យជួយបង្រៀនការដើររបស់ខ្លួនដើម្បីបំបុកយកមកុដ Miss Grand Cambodia2024។

មហិច្ឆតាពិតជាខ្ពស់ពិតមែនក្នុងការឈានជើងប្រកួតក្នុងវិស័យបវរកញ្ញាលើកដំបូងរបស់ ព្រះកាយច័ន្ទ ក្នុងគោលបំណងតំណាងប្រទេសជាតិទាំងមូលចូលរួមប្រកួតលើឆាកអន្តរជាតិ និងបានតាំងចិត្តថាក្រៅពីកម្មវិធី Miss Grand នាងសុំមិនទៅប្រកួតកម្មវិធីផ្សេងឡើយ។ យ៉ាងណាមិញ ព្រះកាយច័ន្ទ ទទួលជ័យជម្នះជំហានដំបូងហើយបន្ទាប់ពីបានប្រកួតឈ្នះជា Miss Grand Phnom Penh 2024កាលពីយប់ថ្ងៃទី២ កុម្ភៈ។

ស្របពេលបានក្លាយជា Miss Grand Phnom Penh 2024 មិនបង្អង់យូរ ព្រះកាយច័ន្ទ ស្ទុះស្ទារទាក់ទងទៅកញ្ញា រ៉េត សារីតា និង អ៊ិន លក្ខិណា ភ្លាមៗដើម្បីជួយបង្ហាត់បង្រៀនបន្ថែមលើវិស័យបវរកញ្ញាត្រៀមបំបុកយកមកុដថ្នាក់ជាតិមួយតង់ទៀត។

តាមការឱ្យដឹងពី ព្រះកាយច័ន្ទ បានទម្លាយប្រាប់អ្នកគាំទ្រដោយមិនលាក់លៀមថានាងបានទាក់ទងទៅកាន់រៀមច្បង រ៉េត សារីតា ហើយរង់ចាំតែការយល់ព្រមពី រ៉េត សារីតា ប៉ុណ្ណោះដើម្បីជួយបង្ហាត់បង្រៀននាងបន្ថែមទាក់ទងនឹងភាសាអាចថាជា រ៉េត សារីតា ផ្ទាល់ ឬជា រ៉េត ស្រីនាថ ជាប្អូនស្រីរបស់ រ៉េត សារីតាក៏បាន។
មិនត្រឹមតែបានទាក់ទងទៅកាន់ Miss Universe Cambodia 2020 ប៉ុណ្ណោះទេតែ ព្រះកាយច័ន្ទ ក៏បានទាក់ទងទៅកាន់ អ៊ិន លក្ខិណា ជួយបង្រៀនការដើរ ( Catwalks) លើវិស័យបវរកញ្ញាឱ្យកាន់តែមានភាពទាក់ទាញ ខណៈ អ៊ិន លក្ខិណា ក៏បានឆ្លើយយល់ព្រមជួយបង្រៀនហើយ។

ជាមួយគ្នានេះ ព្រះកាយច័ន្ទ បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងបន្ទាប់ពីទំនាក់ទំនងទៅកាន់ អ៊ិន លក្ខិណា ភ្លាមមានការឆ្លើយតបភ្លាមៗ និងបានសរសើរលំដាប់រងទី៣ Miss Grand Cambodia 2023 រូបនេះជាមនុស្សបើកចិត្តទូលាយក្នុងការចែករំលែកចំណេះដឹងខ្លួនឯងទៅកាន់អ្នកដទៃមានចិត្តបរិសុទ្ធស្អាតទាំងខាងក្រៅនិងខាងក្នុង៕