កាលពីថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤នេះ សកម្មជន Greenpeace បានយកខោអាវជជុះពីផ្សារAccra ប្រទេសហ្គាណា មកចាក់គរនិងធ្វើបាតុកម្មនៅទីលាន Brandenburg ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីរិះគន់ម៉ាកយីហោម៉ូដសម្លៀកបំពាក់ដែលផលិតច្រើនលើសកម្រិតពេកនាំឲ្យប៉ះពាល់ដល់បរិស្ថាន ហើយវាស្របនឹងថ្ងៃទី១នៃសប្តាហ៍បង្ហាញម៉ូតទីក្រុងប៊ែរឡាំង “Fashion Week Berlin”។
យុទ្ធនាការរបស់សកម្មជន Greenpeace បាននិយាយតវ៉ានឹងបញ្ហាកង្វះបទប្បញ្ញត្តិនៅក្នុងឧស្សាហកម្មម៉ូដសម្លៀកបំពាក់មួយចំនួន។ ពួកគេបានធ្វើការរិះគន់ចំពោះការផលិតលើសកម្រិតនៃបរិមាណម៉ាកម៉ូដសម្លៀកបំពាក់ ដែលស្របពេលជាមួយនឹងការចាប់ផ្តើមនៃថ្ងៃដំបូងនៃសប្តាហ៍បង្ហាញម៉ូតទីក្រុងប៊ែកឡាំង ប្រៀបដូចទៅនឹងការដៀមដាមដល់ការបង្ហាញម៉ូតដ៏ធំរបស់អាល្លឺម៉ង់លើកនេះ។
ឧស្សាហកម្មវាយនភណ្ឌទាំងអស់នឹងផ្តល់នូវផលប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងកាកសំណល់ម៉ូដ និងប្លាស្ទិកចំនួន ៤.៦ តោន ដែលបានយកទៅគរចោលនៅប្រទេសហ្គាណា ហើយនឹងបណ្តាលឱ្យមានការបំពុលដី ប៉ះពាល់ដល់សុខភាពមនុស្សទូទាំងសកលលោក និងឡើងកម្តៅផែនដីជាដើម។ ការនាំចេញវាយនភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់របស់ឧស្សាហកម្មវាយនភ័ណ្ឌទៅកាន់ទ្វីបអាហ្រ្វិកធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង ដែលនាំឱ្យខូចបរិស្ថានជុំវិញទាំងមូល។
សកម្មជន Greenpeace កំពុងទាមទារឱ្យឧស្សាហកម្មវាយនភណ្ឌមានការទទួលខុសត្រូវចំពោះសំរាមរបស់ខ្លួន។ ពួកគេកំពុងតស៊ូមតិសម្រាប់ការផ្លាស់ប្តូរគំរូនៃឧស្សាហកម្មម៉ូដដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការអនុវត្តប្រកបដោយនិរន្តរភាពដូចជាការជួល ការចែករំលែករបស់ជជុះ ការជួសជុលឬកែច្នៃថ្មីជាដើម៕










