ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ លឹម សេរីហាន់នីកា ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនប្រើសម្តីក្នុងន័យបន្តុះបង្អាប់ពីពណ៌សម្បុររបស់នាងថាមានស្បែកខ្មៅ បន្ទាប់ពីម្ចាស់ពានរូបនេះចាប់ដៃគូជាមួយ លីម តិចម៉េង ថតបទចម្រៀងថ្មីដែលត្រៀមផ្តល់រសជាតិថ្មីដល់អ្នកគាំទ្រ។ ពាក្យសម្តីបន្តុះបង្អាប់នេះដែរត្រូវបាន នីកា ឆ្លើយតបវិញថា សម្បុរខ្មៅខុសអ្វី?។
ការរើសអើងពណ៌សម្បុរនាពេលបច្ចុប្បន្ននៅតែកើតមានមិនថានៅប្រទេសជឿនលឿន ឬប្រទេសកំពុងអភិវឌ្ឍ អ្នកមួយចំនួននៅប្រកាន់ភ្ជាប់នូវទស្សនៈអាត្មានិយមទាល់តែសម្បុរសទើបស្រស់ស្អាត ហើយអ្នកមានសម្បុរខ្មៅមិនស្រស់ស្អាតឡើយ។ ពាក្យសម្តីរើសអើងពណ៌សម្បុរនេះអ្នកមួយចំនួនបានប្រើភាគច្រើនទៅលើស្រ្តី ដោយមិនយល់ពីអត្ថន័យថាមនុស្សម្នាក់ៗតែងមានភាពស្រស់ស្អាតផ្សេងៗគ្នាដោយមិនសម្គាល់ទៅលើបុគ្គលនោះ ធាត់ឬស្គម សឬខ្មៅ ឡើយ។

ភាពរើសអើងពណ៌សម្បុរនេះក៏បានធ្លាក់ទៅលើកញ្ញា លឹម សេរីហាន់នីកា ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ ដែលត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបន្តុះបង្អាប់ពីពណ៌សម្បុររបស់នាង។ ការបន្តុះបង្អាប់នេះគឺនៅពេលមានអ្នកគាំទ្ររបស់ លីម តិចម៉េង បានបង្ហោះវីដេអូ ក្រៅឆាកពីការថតបទថ្មីចង្វាក់ប្រពៃណីខ្មែររបស់ តិចម៉េង និង សេរីហាន់កា ដែលម្ចាស់ពានទាំងពីរមានបទចម្រៀងថ្មីរួមគ្នាផ្តល់ជូនទស្សនិកជននាពេលឆាប់ៗខាងមុខនេះ។
អ្នកលេងបណ្តាញសង្គមនោះបានបញ្ចេញមតិដាក់ លឹម សេរីហាន់នីកា ថា «ចុម មើលតួស្រីខ្មៅម៉្លេះ? , ងាប់ហើយមើលមុខតួស្រីចាញ់សម្រស់បងផាត់មុខផង»។
បន្ទាប់ពីរងនូវពាក្យសម្តីនេះហើយ លឹម សេរីហាន់នីកា បានឆ្លើយតបវិញថា « ខ្មៅខុសអី? បើប្អូនកើតមកពិននឹង ប៉ុន្តែក្នុងកែវភ្នែកពុកម៉ែប្អូនគឺ គាត់ថាប្អូនស្រស់ស្អាតណាស់»។ ចំណែកអ្នកគាំទ្រវិញ ក៏បានចេញមុខការពារតារាចម្រៀងរូបនេះដែរថា សម័យនេះទៅហើយនៅមានអ្នកប្រើសម្តីអសីលធម៌រើសអើងពណ៌សម្បុរបែបនេះទៀតភាពស្រស់ស្អាតរបស់មនុស្សមិនមែនស្ថិតទៅលើពណ៌សម្បុរនោះទេ។
គួរបញ្ជាក់ថា លឹម សេរីហាន់នីកា ជាម្ចាស់ពាននារីដំបូងគេកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ ហើយទទួលបានត្រឹមមួយកៅអីប៉ុណ្ណោះពីគ្រូបង្វឹក ពេជ្រ សោភា ខណៈមានវ័យត្រឹម១៦ឆ្នាំ ប៉ុន្តែរូបនាងពោរពេញដោយសមត្ថភាព។ បន្ទាប់ពីក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មរស្មីហង្សាមាសបទចម្រៀង នីកា ដែលទម្លាក់លើទីផ្សារទទួលបានគាំទ្រច្រើនជាងគេគឺបទ ឯណាពាក្យស្មោះ , សុំបែកចង់ឱ្យបងលួង និងបទ បងលែងវិលវិញ ជាដើម៕