ប្រទេសថៃ ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Thairath រាយការណ៍ថា លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានអញ្ជើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ ក្នុងឋានៈជាភ្ញៀវរបស់រដ្ឋាភិបាលថៃ នៅថ្ងៃទី៧ ខែកុម្ភៈ នេះ ។ ដំណើរទស្សនកិច្ចនេះ គឺក្នុងគោលបំណងពង្រឹងកិច្ចសហការលើវិស័យផ្សេងៗ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Chai Watcharong អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងធ្វើទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឋានៈជាភ្ញៀវរបស់រដ្ឋាភិបាលថៃ តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី Srettha Thavisin ។
ការធ្វើដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសថៃលើកនេះ គឺជាការមកកាន់ប្រទេសថៃជាលើកដំបូងរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ វាជាឱកាសសម្រាប់ពង្រឹងកិច្ចសហការលើវិស័យផ្សេងៗ ដើម្បីជាប្រយោជន៍រួមគ្នារវាងប្រទេសកម្ពុជា និងថៃ ជាពិសេស ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ព្រំដែន, ការបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគ, ការលើកកម្ពស់ការតភ្ជាប់ផ្លូវដឹកជញ្ជូន និងជំរុញវិស័យទេសចរណ៍រួមគ្នា រួមទាំងការពង្រឹងទំនាក់ទំនងរវាងពលរដ្ឋប្រទេសទាំងពីរ ។
ចំណែកកាលវិភាគសំខាន់ៗរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ រួមមាន ៖ ជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រីថៃ, ការធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហការរវាងស្ថាប័ននានារបស់ប្រទេសកម្ពុជា និងថៃ, ការធ្វើសេចក្តីថ្លែងការណ៍រួមគ្នា ព្រមទាំងការទទួលទានអាហារថ្ងៃត្រង់ជាផ្លូវការ ។
ហេតុនេះ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ និងភរិយា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការជជែកពិភាក្សាជាមួយប្រធានរដ្ឋសភា, ប្រធានសភាតំណាងរាស្ត្រ និងប្រធានព្រឹទ្ធសភា រួមទាំងធ្វើជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីវិស័យអាជីវកម្មថៃ និងកម្ពុជា ។ នេះបើតាមការដកស្រង់តាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Thairath ៕










