ប្រទេសថៃ ៖ នៅដើមខែកុម្ភៈ ឆ្នាំ២០២៤ នេះ មហាជនថៃបានរិះគន់ករណីខោដំរី ដែលពលរដ្ឋថៃចាត់ទុកថា គឺជា Soft Power របស់ជាតិនោះ ត្រូវបានក្រុមហ៊ុនចិនផលិត និងនាំចេញខោដំរីរបស់ថៃមកលក់ឱ្យប្រទេសថៃក្នុងចំនួនយ៉ាងច្រើន រហូតធ្វើឱ្យថៃប្រឈមនឹងឱនភាពពាណិជ្ជកម្ម និងបញ្ហាកម្មសិទ្ធិ ។ កន្លងមក មហាជនថៃធ្លាប់រិះគន់ប្រទេសជិតខាងពាក់ព័ន្ធនឹងខោដំរី ប៉ុន្តែលើកនេះ ក្រុមហ៊ុនចិនបានផលិតខោដំរី តើប្រទេសថៃនឹងដោះស្រាយបែបណា?
លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃបានផ្តល់បទសម្ភាសន៍ពាក់ព័ន្ធនឹងករណីខោដំរីថា វាជាបញ្ហាការធ្វើពាណិជ្ជកម្ម បើកន្លែងណាមានឱកាស គេនឹងចាប់យកឱកាសនេះដោយផ្ទាល់ ។ ហេតុនេះ លោកជឿថា ប្រទេសថៃត្រូវតែពិនិត្យមើលបញ្ហាម្ចាស់កម្មសិទ្ធ និងការចាប់យកឱកាសពាណិជ្ជកម្មយ៉ាងឆាប់រហ័ស ពីព្រោះប្រសិនបើប្រទេសថៃយឺតយ៉ាវ នឹងមានអ្នកធ្វើវាមុន ។ នេះជាបទពិសោធន៍មួយដែលយើងត្រូវលើកយកមកជជែកគ្នា ។
នៅពេលអ្នកសារព័ត៌មានសួរថា តើប្រទេសថៃត្រូវតែដាក់ផែនការផលិតខោដំរីបន្ថែមទៀតឬយ៉ាងណា? លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃលើកឡើងថា ប្រទេសថៃត្រូវតែដោះស្រាយបញ្ហាប្រភពឫសគល់ជាមុនសិនថា តើថៃបានឈ្វេងយល់ពីការធ្វើទីផ្សារដែរឬទេ? តើមានការការពារកម្មសិទ្ធបញ្ញាដែរឬទេ? ពីព្រោះវាមិនមែនជារឿងថ្មីទេ ក្នុងការធ្វើពាណិជ្ជកម្ម ។
លោកនាយករដ្ឋមន្ត្រីថៃបន្តថា នៅកន្លែងណាមានឱកាស គេនឹងចាប់យកឱកាសនោះ ហើយបើប្រទេសថៃយឺតយ៉ាវនឹងបាត់បង់ឱកាសនេះ វាដូចគ្នានឹងករណីជាច្រើនទៀតដែលប្រទេសថៃអនុវត្តយឺតយ៉ាវ ។ ហេតុនេះ យើងត្រូវតែប្រញាប់ប្រញាល់ធ្វើឱ្យបានលឿនជាងមុន ។ ជាក់ស្តែង ករណីលើកលែងទិដ្ឋាការ និងលើកកម្ពស់លិខិតឆ្លងដែនថៃ គឺយើងត្រូវនាំមុខអនុវត្តវិធានការនេះ ។
លោកបន្ថែមថា យើងត្រូវចាប់យកឱកាសដើម្បីក្លាយជាប្រទេសនាំមុខគេផ្នែកវិស័យទេសចរណ៍នៅតំបន់អាស៊ាន ។ វាជាបញ្ហាតូចតាច ប៉ុន្តែវាឆ្លុះបញ្ចាំងពីការងារក្នុងរូបភាពធំ ដែលត្រូវធ្វើការ និងគិតឱ្យបានឆាប់រហ័ស ព្រមទាំងការពារផលប្រយោជន៍របស់ប្រទេសជាតិផងដែរ ។
គួរបញ្ជាក់ថា មហាជនថៃបានរិះគន់ក្រុមហ៊ុនចិនផលិតខោដំរី និងនាំចេញមកលក់ឱ្យប្រទេសថៃ ក្រោយពីទំព័រហ្វេសប៊ុកមួយបង្ហោះព័ត៌មានថា ក្រុមហ៊ុនចិនបានលក់ខោដំរីតាមអនឡាញ គឺខោ១ មានតម្លៃត្រឹមតែ៣០បាតប៉ុណ្ណោះ ហើយតើរោងចក្រថៃយកអ្វីទៅទប់ទល់ជាមួយក្រុមហ៊ុនចិន? ពីព្រោះក្រុមហ៊ុនចិនមានអតិថិជនកុម្ម៉ង់ទិញខោដំរីយ៉ាងច្រើន ។ លើសពីនេះ អាជីវករថៃក៏បានកុម្ម៉ង់ទិញខោដំរីពីចិន និងយកមកលក់បន្តនៅប្រទេសថៃក្នុងតម្លៃលើសមុនជិតទ្វេដង គឺខោ១ មានតម្លៃចាប់ពី៦៥បាត ទៅ១៩៩បាត ៕










