ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា នៅទីបំផុត ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិនអាចនឹងជិតដល់ទីបញ្ចប់ព្រោះថាមានការធ្លាក់ចុះរយៈពេលជាច្រើនឆ្នាំ ជាមួយនឹងតម្លៃផ្ទះចុះថោក រីឯការលក់ដីកាន់តែទាបនិងបង្ហាញពីភាពមិនប្រាកដប្រជា។
តម្លៃអចលនទ្រព្យក្នុងប្រទេសចិនហាក់មានការកើនឡើងបន្តិចកាលពីឆ្នាំ ២០២១។ ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្នវិស័យអចនទ្រព្យក្នុងប្រទេសនេះកំពុងតែមានការថមថយខ្លាំងឡើងៗ ព្រោះតែអស្ថេរភាពតម្លៃនិងតម្រូវការមិនទាន់គ្រប់គ្រាន់។
ទីក្រុងប៉េកាំងត្រូវតែដើរតួនាទីយ៉ាងសកម្មក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ប៉ុន្តែតាំងពីឆ្នាំ២០២២មក ទាំងការវិនិយោគ សំណង់ និងតម្លៃទាំងអស់បានធ្លាក់ចុះទាប ដែលបណ្តាលមកពីការសាងសង់លើសកម្រិត ក៏ដូចជាមានការពឹងផ្អែកស្ទើរតែទាំងស្រុងលើការខ្ចីបំណុលគេ ដើម្បីអភិវឌ្ឍលើវិស័យនេះក្នុងប្រទេសខ្លួន។
ទោះជាយ៉ាងណា កន្លងមកអាជ្ញាធរគឺតែងតែបានសម្លឹងមើលទៅលើការជំរុញការចំណាយរបស់អតិថិជននិងការវិនិយោគពាណិជ្ជកម្ម ដែលកាលថ្មីៗនេះមានការចំណាយសាច់ប្រាក់សុទ្ធទៅក្នុងសេដ្ឋកិច្ច ដោយធ្វើការកាត់បន្ថយតម្រូវការដើមទុនរបស់ធនាគារ។
រីឯកាលពីចុងខែមករានេះទៀតសោត តុលាការហុងកុងក៏បានសម្រេចរំលាយក្រុមហ៊ុនយក្សចិន Evergrande ដែលធ្លាប់តែជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំជាងគេរបស់ប្រទេសចិនព្រោះថាបានជំពាក់បំណុលរហូតដល់ទៅជាង ៣០០ពាន់លានដុល្លារ ដែលការរំលាយនេះនឹងធ្វើឲ្យកាន់តែស្មុគ្រស្មាញនិងឈានដល់ការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ប្រទេសចិន។
យោងតាមគេហទំព័រ Fitch បានសរសេរថា “ទំនុកចិត្តរបស់អ្នកទិញផ្ទះលើគម្រោងអចលនទ្រព្យឯកជននានានឹងត្រូវការពេលវេលាយូរជាងនេះដើម្បីស្តារឡើងវិញ ព្រោះថាពួកគេខ្លាចថាគម្រោងទាំងនោះអាចនឹងរលាយដូចនាពេលកន្លងៗមក។ រីឯចំណែកទីផ្សារនឹងបន្តការផ្លាស់ប្តូរឆ្ពោះទៅរកភាពជាដៃគូដែលគ្រប់គ្រងដោយរដ្ឋវិញផងដែរ៕










