បរទេស៖ Apple បាននាំមុខគេលើលក្ខណៈវិនិច្ឆ័យទាំងអស់ និងជាប់ក្នុងបញ្ជីក្រុមហ៊ុនដែលទទួលបានការកោតសរសើរបំផុតនៅក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៣ ក្នុងរយៈ ១៧ ឆ្នាំជាប់ៗគ្នា។
ក្រុមហ៊ុន Apple បានវ៉ាដាច់ក្រុមហ៊ុនជាង ៣០០ ដើម្បីដណ្តើមតំណែងលេខមួយក្នុង បញ្ជី “ក្រុមហ៊ុនដែលកោតសរសើរបំផុតលើពិភពលោក” របស់ Fortune ដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ រីឯចំណាត់ថ្នាក់ទីពីរបានទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Microsoft និងទីបីបានទៅលើក្រុមហ៊ុន Amazon។
បញ្ជីឈ្មោះរបស់ Fortune ត្រូវបានធ្វើឡើងដោយសហការជាមួយក្រុមហ៊ុនប្រឹក្សាសកលលោក Korn Ferry ដោយធ្វើការស្ទង់មតិអ្នកជំនាញចំនួន ៣,៧២០ ដែលជានាយកប្រតិបត្តិ នាយក និងអ្នកវិភាគមូលបត្រនៅក្នុងឧស្សាហកម្មផ្សេងៗគ្នា។ អ្នកជំនាញទាំងនេះនឹងជ្រើសរើសក្រុមហ៊ុនចំនួន ១០ ពីបញ្ជីក្រុមហ៊ុនដែលជាប់ចំណាត់ថ្នាក់កំពូល ២៥ នៃការស្ទង់មតិកាលពីឆ្នាំមុន និងក្រុមហ៊ុនកំពូលទាំង ២០ នៅក្នុងឧស្សាហកម្មរបស់ពួកគេ។ ក្រៅពីនេះ ពួកគេក៏អាចបោះឆ្នោតឱ្យក្រុមហ៊ុនណាមួយដែលខ្លួនស្រឡាញ់ផងដែរ។
ដូច្នេះ Fortune បានចាត់ថ្នាក់ក្រុមហ៊ុនតាមលក្ខណៈវិនិច្ឆ័យមួយចំនួនដូចជា ការច្នៃប្រឌិត គុណភាពគ្រប់គ្រង ទំនួលខុសត្រូវសង្គម ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ គុណភាពផលិតផល និងសេវាកម្ម រួមទាំងការប្រកួតប្រជែងជាសកល។ ដោយ Apple ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងលក្ខណៈវិនិច្ឆ័យបោះឆ្នោតទាំងអស់។ គួរកត់សម្គាល់ដែរថានៅក្នុងបញ្ជីថ្មីនេះ Nvidia ដែលជាក្រុមហ៊ុនផលិតកាតក្រាហ្វិក AI ដ៏ធំបំផុតនាពេលបច្ចុប្បន្ន ក៏បានចុះបញ្ជីនៅក្នុងកំពូលទាំង ១០ ជាលើកដំបូងផងដែរ។
ហេតុនេះហើយ បញ្ជីឈ្មោះក្រុមហ៊ុន Fortune ក្នុងចំណោមក្រុមហ៊ុនល្បីៗទាំង ១០ របស់ពិភពលោករួមមាន Apple, Microsoft, Amazon, Berkshire Hathaway, JP Morgan, Costco, Alphabet, American Express, Walmart និង Nvidia ៕










