ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសម្តែងការសោកស្តាយនិងសង្វេកយ៉ាងខ្លាំងទៅស្រ្តីខ្មែរប៉ុន្មាននាក់ចំអិននិងបរិភោគសាច់សុនកហើយផ្សព្វផ្សាយតាមបណ្តាញសង្គម។ ជាមួយគ្នានេះអគ្គនាយកស៊ីម៉ាក់ស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធ និងក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងវប្បធម៌ជួយចាត់វិធានការអប់រំចំពោះមុខសញ្ញាល្មើសនេះ។
រយៈពេលប៉ុន្មានថ្ងៃនេះមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងទៅលើស្រ្តីពីរនាក់ដែលបង្កើតមាតិកាផលិតវីដេអូយកសត្វសុនកមកសម្ញែងពេញបណ្តាញសង្គមនៅក្នុងគណនីទិកតុកមួយឈ្មោះថា good.food.2024 ដែលត្រូវបានគេនិយាយថាជាគ្នីគ្នារបស់ក្រុមចែអំបិលម្ទេស។ ការផលិតមាតិកាក្នុងរូបភាពមិនសមភ្នែកម្តងហើយម្តងទៀតរបស់ក្រុមនេះ មហាជននៅមិនទាន់ឃើញសមត្ថកិច្ចចាត់វិធានការអប់រំទៅលើក្រុមនេះនៅឡើយ។ ការផលិតវីដេអូហូបរបស់មិនសមភ្នែក ញញើតគួរឱ្យខ្លាចរញើមនេះត្រូវបានមហាជនលើកឡើងថាមិនត្រឹមតែប៉ះពាល់បុគ្គលប៉ុណ្ណោះទេប៉ុន្តែគឺប៉ះពាល់ទៅដល់ប្រជាជននិងប្រទេសខ្មែរទាំងមូល។
ទន្ទឹមនឹងផ្ទុះការមិនពេញចិត្តពីប្រជាពលរដ្ឋនោះ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ក៏សម្តែងការរន្ធត់ចិត្តនិងសង្វេកយ៉ាងខ្លាំងចំពោះទង្វើរបស់ស្រ្តីខ្មែរ២នាក់ដែលចំអិននិងបរិភោគសាច់សុនក ហើយផ្សព្វផ្សាយតាមបណ្តាញសង្គមដោយស្នើឱ្យសមត្ថកិច្ចនិងក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ ចាត់វិធានលើស្រ្តីទាំងពីរនាក់នេះ។
នៅលើបណ្តាញសង្គមរបស់អគ្គនាយកស៊ីម៉ាក់ ល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានក្តីរន្ធត់និងសង្វេកខ្លាំងណាស់ ដោយប៉ុន្មានថ្ងៃនេះឃើ ញស្ត្រីខែ្មរប៉ុន្មាននាក់ចំអិននិងបរិភោគសាច់សុនក(ឆ្កែ) ហើយធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម(Tik Tok)។ ពួកគេបាននាំគ្នាចំអិនសាច់ឆ្កែនិងបរិភោគខ្លែមស្រា ដោយគ្មានការអៀនខ្មាសអ្វីបន្តិចសោះឡើយ។ ខ្ញុំសង្វេកនិងសោកស្តាយបំផុតចំពោះទង្វើរបស់ស្ត្រីខ្មែរប៉ុន្មាននាក់នេះ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃស្ត្រីខែ្មរដ៏ល្អប្រពៃថ្លៃថ្លា ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជាទង្វើដែលគួរតែមានច្បាប់ហាមឃាត់»។
ឯកឧត្តម ហេង រតនា បន្តទៀតថា «អង្គភាពស៊ីម៉ាក់តែងតែយកចិត្តទុកដាក់អាណិតស្រលាញ់សត្វសុនកជាសហការីដ៏ស្មោះត្រង់និងកម្លាំងជំនាញជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសប្រជាពលរដ្ឋដែលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់សង្គ្រាម។ នៅចំពោះមុខនេះខ្ញុំសូមសំណូមពរកម្លាំងសមត្ថកិច្ចពាក់ពន្ធ័ជាពិសេសក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងវប្បធម៌ មេត្តាជួយចាត់វិធានការអប់រំចំពោះមុខសញ្ញាល្មើសនេះ។
ឯកឧត្តម បន្តថា វិធានការបន្ទាប់ ព្រះរាជាណាចក្រក្នុងកាល:ទេស:នេះ អាចជាពេលវេលាយ៉ាងចាំបាច់ក្នុងការរៀបចំច្បាប់ជាតិមួយហាមឃាត់ការបរិភោគសាច់សុនក ដូចបណ្តាប្រទេសរីកចម្រើនជឿនលឿនមួយចំនួនលើពិភពលោក៕










