សហរដ្ឋអាមេរិក៖ យន្តហោះធុនស្រាលមួយគ្រឿងមានបញ្ហាម៉ាស៊ីន បានធ្លាក់ចូលទៅក្នុងផ្ទះមួយ បណ្តាលឱ្យមានការឆាបឆេះយ៉ាងខ្លាំង រីករាលដាលដល់ផ្ទះក្បែរនោះ ធ្វើឱ្យអ្នកបើកយន្តហោះ និងមនុស្សនៅក្នុងផ្ទះបានបាត់ជីវិតភ្លាមៗ រួមទាំងអ្នកជិតខាងក៏រងរបួសធ្ងន់ធ្ងរផងដែរ។
ព្រឹត្តិការណ៍សោកនាដកម្មនេះបានកើតឡើងនៅម៉ោងប្រហែល ៧ យប់នាថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឯចំណតផ្ទះចល័ត Bay Waters ទីក្រុង Clearwater រដ្ឋ Florida សហរដ្ឋអាមេរិក។ លោក Scott Ehlers ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់ បាននិយាយថា នៅពេលដែលក្រុមពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុ ផ្ទះចល័តចំនួនបួនបានឆេះ ហើយបំណែកយន្តហោះស្ថិតក្នុងផ្ទះមួយខ្នងទៀត បណ្តាលឱ្យអ្នកស្រុកមួយចំនួនរងរបួស និងមនុស្សជាច្រើននាក់បានស្លាប់។
លោក Elhers បានបន្ថែមថា “ខ្ញុំអាចបញ្ជាក់បានថា មានអ្នកស្លាប់ជាច្រើននាក់ ទាំងនៅលើយន្តហោះ និងនៅក្នុងផ្ទះ” ទោះជាយ៉ាងណា គាត់មិនបានប្រាប់ចំនួនជាក់លាក់នោះទេ។ ចំពោះគ្រោះថ្នាក់នេះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បាននិយាយថា វាគឺជាយន្តហោះ Beechcraft Bonanza V35 ដែលជាយន្តហោះធុនស្រាល ម៉ាស៊ីនតែមួយ កៅអី ៦ បានរាយការណ៍ពីបញ្ហាម៉ាស៊ីន។
FAA បាននិយាយទៀតថា ចំនួនពិតប្រាកដនៃអ្នកជិះយន្តហោះនៅក្នុងយន្តហោះមិនទាន់ដឹងនៅឡើយទេ។ វានៅតែស្ថិតក្នុងដំណាក់កាលនៃការត្រួតពិនិត្យការពិត និងស៊ើបអង្កេតករណីនេះបន្តទៀត។
គួរបញ្ជាក់ដែរថា មុននឹងជួបឧបទ្ទវហេតុនេះ អ្នកបើកយន្តហោះបានរាយការណ៍ពីភាពអាសន្នទៅកាន់អាកាសយានដ្ឋានអន្តរជាតិ St Pete-Clearwater ភ្លាមៗ មុនពេលដែលយន្តហោះបានចុះពីរ៉ាដាប្រហែល ៣ ម៉ាយភាគខាងជើងនៃផ្លូវរត់មួយ។ លោក Steven Ascari អ្នកស្រុកនៅទីនោះបាននិយាយថា គាត់មានការភ្ញាក់ផ្អើលនិងភ័យរន្ធត់យ៉ាងខ្លាំង នៅពេលដែលឃើញយន្តហោះធ្លាក់ចូលផ្ទះក្បែរនោះ ទោះយ៉ាងណា គាត់និងគ្រួសាររបស់គាត់មិនមានគ្រោះថ្នាក់នោះទេ៕










