សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន មើលទៅគេចមិនផុតពីរឿងរ៉ាវអាក្រក់ៗទេ ក្នុងអំឡុងពេលលោកធ្វើជាមេដឹកនាំសេតវិមានអស់រយៈពេលជិត៤ឆ្នាំ ។ លើសពីនេះ លោកអាចនឹងចុះចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិទី២ នៅចុងឆ្នាំ២០២៤ នេះ បើទោះជាគូប្រជែងរបស់លោក គឺលោក ដូណាល់ ត្រាំ មានរឿងក្តីព្រហ្មទណ្ឌនៅតុលាការ ហើយអាចជាប់ពន្ធនាគារក្តី ។
ក្នុងអំឡុងពេលដឹកនាំប្រទេស លោក ចូ បៃឌិន មានតែភាពបរាជ័យ ហើយជនជាតិអាមេរិកនឹងមិនជ្រើសរើសលោកធ្វើជាប្រធានាធិបតីអាមេរិកបន្តទៀតទេ ពីព្រោះលោក ដូណាល់ ត្រាំ បានបង្កការខូចខាតយ៉ាងច្រើននៅសម័យមុន ដោយសារការធ្វើសង្គ្រាមសេដ្ឋកិច្ចជាមួយប្រទេសចិន ។
វិបត្តិដែលលោក ចូ បៃឌិន កំពុងប្រឈមនោះ គឺការចុះចាញ់ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែនជាមួយរុស្ស៊ី ខណៈសហរដ្ឋអាមេរិកបានចំណាយប្រាក់រាប់លានដុល្លារអាមេរិកទៅក្នុងសង្គ្រាមនេះ ។ វាជាការវាយតម្លៃខុសខ្លាំងណាស់ ហើយគេរំពឹងថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី នឹងធ្វើឱ្យអាមេរិក និងអង្គការ NATO ឈ្នះសង្គ្រាម ។ វាជាការចុះចាញ់យ៉ាងខ្លាំងក្នុងសង្គ្រាមរយៈពេល២០ឆ្នាំ នៅប្រទេសអាហ្វហ្គានីស្ថាន ដែលកងទ័ពអាមេរិកបានរត់ចេញពីទីក្រុងកាប៊ុល នាពេលកន្លងមក ។ វាមិនខុសគ្នាពីការរត់គេចពីទីក្រុងសាយហ្គន ពេលចុះចាញ់សង្គ្រាមវៀតណាម នៅឆ្នាំ១៩៧៥ នោះទេ ។
ចុងក្រោយ លោក ចូ បៃឌិន នឹងប្រឈមមុខជាមួយអភិបាលរដ្ឋតិចសាស់ ដែលបានប្រកាសថា នឹងមិនព្រមបើកព្រំដែនឱ្យជនភៀសខ្លួនមកពីអាមេរិកខាងត្បូងចូលក្នុងរដ្ឋតិចសាស់ជាដាច់ខាត ។ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានពង្រាយកម្លាំងការពារជាតិនៅតាមព្រំដែន ព្រមទាំងមានរបងលួសបន្លា ដើម្បីមិនឱ្យជនភៀសខ្លួនពីអាមេរិកខាងត្បូងឆ្លងកាត់ព្រំដែន ។
លោក ចូ បៃឌិន មានគោលនយោបាយដោះលែងជនភៀសខ្លួនពីព្រំដែនភាគខាងត្បូងប្រទេស រហូតដល់៧លាន២សែននាក់ ។ កាលពីខែធ្នូ ឆ្នាំ២០២៣ មានជនភៀសខ្លួនបានឆ្លងកាត់ព្រំដែនរហូតដល់៣សែននាក់ និងមានបញ្ហាជាច្រើនក្នុងការថែទាំពួកគេ ។
រដ្ឋនៅភាគខាងត្បូងមានព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិកបានជួបបញ្ហាមិនឈប់ឈរ ដោយសារមិនអាចទប់ស្កាត់ជនភៀសខ្លួនបាន សូម្បីតែនៅសម័យរបស់លោក ដូណាល់ ត្រាំ ដែលមានការសាងសង់របងយ៉ាងវែងក្តី ប៉ុន្តែគេមិនអាចទប់ស្កាត់ជនភៀសខ្លួនអស់ទេ ដោយសារមានបញ្ហាថវិកា និងដីការបស់តុលាការកំពូល ។
វិបត្តិរវាងរដ្ឋតិចសាស់ជាមួយរដ្ឋាភិបាលកណ្តាលស្ទើរតែផ្ទុះឡើង នៅពេលរដ្ឋតិចសាស់ប្រកាសថា ខ្លួននឹងធ្វើជារដ្ឋឯករាជ្យ និងសុំផ្តាច់ខ្លួនចេញពីសហរដ្ឋអាមេរិក ។ កន្លងមក មានមន្ត្រីមកពីគណបក្ស Republican បានគាំទ្រការផ្តាច់ខ្លួននេះ រហូតដល់២៥នាក់ ។
រដ្ឋតិចសាស់គ្រោងប្រារព្ធខួបបុណ្យឯករាជ្យពីប្រទេសម៉ិកស៊ិក ដែលបានកើតឡើងកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៨៣៧ ។ ហេតុនេះ បើស្ថានការណ៍កាន់តែអាក្រក់ រដ្ឋតិចសាស់អាចឆ្លៀតឱកាសយកថ្ងៃតែមួយនេះដើម្បីផ្តាច់ខ្លួនពីសហរដ្ឋអាមេរិក ។ រដ្ឋតិចសាស់ មានពលរដ្ឋរស់នៅចំនួន៣៤លាននាក់ និងមានទំហំសេដ្ឋកិច្ចធំលំដាប់ទី២ បន្ទាប់ពីរដ្ឋកាលីហ្វ័រញ៉ា ដែលមានពលរដ្ឋចំនួន៤០លាននាក់ ។ ប៉ុន្តែរដ្ឋតិចសាស់មានផ្ទៃដីធំជាង ព្រមទាំងមានធនធានធម្មជាតិ ដូចជា ៖ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ។
នេះជាវិបត្តិផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក ហើយអាចឈានទៅកើតសង្គ្រាមបាន ប្រសិនបើរដ្ឋតិចសាស់ប្រកាសផ្តាច់ខ្លួនចេញពីសហរដ្ឋអាមេរិក ហើយវាអាចធ្វើឱ្យរដ្ឋផ្សេងទៀត ដូចជា ៖ រដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដា ប្រកាសផ្តាច់ខ្លួនដែរ ។ គេចាត់ទុកថា ទឹកដីសហរដ្ឋអាមេរិកមានប្រទេសចំនួន៤៨ នៅរួមគ្នា និងបង្កើតទៅជាសហរដ្ឋ ដោយមានរដ្ឋហាវ៉ៃ និងរដ្ឋអាឡាស្កា ស្ថិតនៅឆ្ងាយពីរដ្ឋផ្សេងៗ ។ ហេតុនេះ វាអាចមានបញ្ហាដូចគ្នាដែរ ដោយសារប្រទេសរុស្ស៊ីកំពុងទាមទារយករដ្ឋអាឡាស្កា ខណៈរុស្ស៊ីបានលក់រដ្ឋនេះឱ្យអាមេរិកក្នុងតម្លៃថោក ។
បើរដ្ឋតិចសាស់ប្រកាសផ្តាច់ខ្លួនពិតមែននោះ ហើយរដ្ឋផ្សេងទៀតដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងធ្វើតាមដែរនោះ វានឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាមេរិក ។ រីឯអំណាចសេដ្ឋកិច្ច និងប្រភពធនធានធម្មជាតិរបស់អាមេរិក ក៏កាន់តែតិចជាងមុន ។
នយោបាយអាមេរិកគ្រប់គ្រងដោយគណបក្សចំនួន២ គឺគណបក្ស Republicans និងគណបក្ស Democrats គិតចាប់តាំងពីថ្នាក់តំបន់ រហូតដល់ថ្នាក់អភិបាលរដ្ឋ ។ ហេតុនេះ វាបង្កើតបរិយាកាសប្រកួតប្រជែង និងមានបញ្ហាការប្រមូលផ្តុំក្រុមមនុស្ស ដូចជា ៖ ក្រុម Negroes និង Latinos ។
សហរដ្ឋអាមេរិកមានផ្ទៃដីធំទូលំទូលលាយ និងមានពលរដ្ឋរស់នៅមិនក្រោម៣៥០លាននាក់ទេ ឬស្មើប្រមាណ៤% នៃចំនួនពលរដ្ឋនៅលើពិភពលោក ។ អាមេរិកជាប្រទេសមហាអំណាចផ្នែកសេដ្ឋកិច្ច, មានអំណាចខាងអាវុធធ្វើសង្គ្រាម និងមានប្រាក់ដុល្លារគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក ។ ទោះយ៉ាងណា អំណាចរបស់អាមេរិកកំពុងតែចុះខ្សោយ ព្រោះត្រូវប្រឈមមុខនឹងក្រុមប្រទេសផ្សេងៗ ដែលបានងាកទៅសេពគប់ជាមួយប្រទេសរុស្ស៊ី និងចិន ។
ការគាំទ្រប្រទេសអ៊ីស្រាអែលក្នុងការធ្វើសង្គ្រាមសម្លាប់ពលរដ្ឋប៉ាឡេស្ទីន បានធ្វើឱ្យអាមេរិកស្ថិតនៅឯកោពីគេ ហើយការចុះចាញ់ក្នុងសង្គ្រាមរវាងប្រទេសអ៊ុយក្រែនជាមួយរុស្ស៊ី បានធ្វើឱ្យការជឿជាក់ក្នុងក្រុមប្រទេសអង្គការ NATO និងអឺរ៉ុបធ្លាក់ចុះ ។
បើរដ្ឋតិចសាស់បំបែកខ្លួនចេញពីអាមេរិកពិតមែន ត្រូវឆ្លើយសំណួរទៅកាន់ពិភពលោកថា ភាពជាអ្នកដឹកនាំពិភពលោកនឹងបញ្ចប់ ហើយគ្មានឱកាសទៀតទេ ។ ចំណុចសំខាន់ មេដឹកនាំប្រទេសក្រោយការបោះឆ្នោត មិនថាលោក ចូ បៃឌិន ឬលោក ដូណាល់ ត្រាំ តើជាបុគ្គលធ្វើឱ្យអាមេរិកល្អប្រសើរឡើង ឬទន់ខ្សោយជាងមុន ឬជាពេលវេលាដួលរលំប្រទេស ដូចហេតុការណ៍ធ្លាប់កើតឡើងនៅទីក្រុងរ៉ូម នាពេលមុននេះ ៕










