ទម្លាយរឿងអ្នកមានថ្លៃថ្នូរបានប្តីក្មេងមុខមាត់ខ្លាំងប៉ុន្តែបែរជាជំពាក់លុយថ្លៃភ្នួង និងជំពាក់លុយថ្លៃផ្កាគេចមិនព្រមសងរាប់ម៉ឺនដុល្លារបានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងព្រមទាំងខម្មិនឈ្មោះអ្នកជំនួញម្នាក់ទៅតាមការយល់ឃើញរបស់ពួកគេ។

នៅល្ងាចនិងយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ គណនីហ្វេកប៊ុកមួយឈ្មោះថា សៀ ចៃយ៍ បានបង្ហោះយ៉ាងដូច្នេះថា «អ្នកមានថ្លៃថ្នូរ បានប្តីក្មេងមុខមាត់អួតខ្លាំងណាស់ ជំពាក់លុយថ្លៃភ្នួង ជំពាក់លុយថ្លៃផ្កា គេចមុខមិនព្រមសងលុយគេ»។ គណនីដដែល បានបង្ហោះបន្តទៀតថា «ជំរាបសួរ ម៉ាក់ក្មេក នេះខ្សែកពេជ្រកូនជូនម៉ាក់ (ហាមយកលក់ណា) ព្រោះកូននៅជំពាក់ថ្លៃផ្កាគេជាង ១ម៉ឺនដុល្លារទៀត ហើយថ្លៃភ្នួងនៅជិត ២ម៉ឺនដុល្លារទៀតសងលុយគ្នាខ្ញុំឱ្យគ្រប់ចំនួនផងអ្នកមានថ្លៃថ្នូរ»។

ការបញ្ចេញសារអ្នកមានបានប្តីក្មេងមានមុខមាត់ក្នុងសង្គម ប៉ុន្តែបែរជាគេចមិនទាន់សងលុយគេគ្រប់នេះបានធ្វើឱ្យបណ្តាញសង្គមផ្ទុះការវែកញែកយ៉ាងខ្លាំងមិនដឹងថាអ្នកមានបានប្តីក្មេងម្នាក់ណា ជំពាក់ប្រាក់គេមិនទាន់សងបែបនេះ។ អ្នកលេងបណ្តាញសង្គមខ្លះទៀតក៏បានបញ្ចេញមតិថា ប្រយ័ត្នគេប្តឹង និងបានចោទសួរថាការនិយាយនេះពិតឬមិនពិតរួមទាំងមតិយោបល់ជាច្រើនទៀត។

ជាមួយការបញ្ចេញមតិយោបល់យ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមហ្វេកប៊ុក បុរសដែលជាម្ចាស់គណនី សៀ ចៃយ៍ បានចេញវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះដោយបានដាក់ចំណងជើងថា «ជួយសងលុយថ្លៃផ្ការបស់គ្នាលោកឱ្យគ្រប់ចំនួនផងអ្នកមានថ្លៃថ្នូរ…»។

តាមការរៀបរាប់របស់លោក សៀ ចៃយ៍ ក្នុងវីដេអូនោះបានឱ្យដឹងថា« ជីវិតអ្នករកស៊ីជួបឧបសគ្គគ្រប់បែបយ៉ាង ហែលឆ្លងកាត់ក្នុងសង្គមមួយអ្នកមានថ្លៃថ្នូរពិតប្រាកដក៏មាន អ្នកមានថ្លៃថ្នូរតាមបណ្តាញសង្គមក្លែងក្លាយក៏មានដោយលោកបានលើកឡើងថា អ្នកមានថ្លៃថ្នូរពិតគេកម្រអួតនៅលើបណ្តាញសង្គមណាស់ ជាពិសេសអ្នកមានបុណ្យសក្តិ ទ្រព្យសម្បត្តិស្តុកស្តម្ភការរស់នៅ និយាយស្តី សុជីវធម៌របស់គេមានរបៀបរបបថ្លៃថ្នូរខ្លាំងណាស់»។

ម្ចាស់គណនីខាងលើ បន្តថាការបង្ហោះរបស់លោកប្រសិនជាមិនប៉ះពាល់ដល់គ្នាលោកក៏លោកអត់យកមកបង្ហោះដែរ។ ចំពោះអ្នកលើកឡើងថាគេមានដល់ប៉ុណ្ណឹងហើយមិនដែលគេចឹង លោកបានឆ្លើយតបថាទាល់តែធ្លាក់ចំជើងខ្លួនឯងទើបដឹងថាឈឺកម្រិតណាថារឿងហ្នឹងបានកើតឡើងពិតមែន។ លោកថា លោកមិនមែនជាម្ចាស់លុយ មិនអាចយកវិក័យបត្រ បញ្ចេញមុខអ្នកជំពាក់និយាយតទល់ជាមួយគ្នាទេ តែលោកទើបតែទទួលដំណឹងពីមិត្តភក្តិដែលរាប់អានជាមួយគ្រួសារលោកហើយការប្រាប់នោះលោកស្ទើរតែមិនចង់ជឿដូចគ្នា ប៉ុន្តែរឿងនោះបានកើតឡើងហើយ។

លោក សៀ ចៃយ៍ ថាអ្នកជំពាក់នោះទៅយកថ្លៃផ្កាបានឱ្យតែ៨០០០ដុល្លារមុនដំបូង តែដល់ពេលទៅក្រោយៗគេចមុខឱ្យទៅជួបជំនួយការរហូត។ លោកថា អ្នកមានថ្លៃថ្នូរពេលគេទៅយកថ្លៃភ្នួង ថ្លៃផ្កា ថ្លៃភ្លេង ក៏ដោយគេឱ្យកូនចៅបោះលុយសងភ្លាមៗហើយតែបើរវល់គឺគេបាញ់តាមមកុងឱ្យហើយមិនមែនយកលេសរវល់គេចវេសរហូតនោះទេ៕