ថ្លែងក្នុងកម្មវីធីមួយតារាសម្តែងល្បីឈ្មោះ មាន សូនីតា និងតារាចម្រៀង ម៉ុង ម៉ានិត បានប្រាប់មហាជនថាឃើញក្នុងកម្មវិធីដែលអ្នកទាំងពីរថតសើចសប្បាយរីករាយ បង្ហាញពីតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ការពិតនៅពីខាងក្រោយរូបភាពទាំងនេះអ្នកទាំងពីរឈ្លោះទាស់ពាក្យសម្តីគ្នាខ្លាំងដល់ថ្នាក់ មាន សូនីតា រៀបរាប់ទាំងទឹកភ្នែកប្រាប់ទស្សនិកជន។
ទស្សនិកជនមួយចំនួនជ្រាបមកហើយថាតារាសម្តែងជួរមុខ កញ្ញា មាន សូនីតា និងតារាចម្រៀងនិងជាអ្នកនិពន្ធ ម៉ុង ម៉ានិត បានបង្កើតកម្មវិធីមួយឈ្មោះថា «កម្ពុជាឋានសួគ៌លើដី» ដើម្បីលើកស្ទួយតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតក្នុងប្រទេសកម្ពុជាព្រមទាំងហ៊ានចំណាយលុយខ្លួនឯងខ្ទង់ម៉ឺនដុល្លារបន្ថែមទៀតគោលបំណងតែមួយលើកស្ទួយតំបន់ទេសចរណ៍ក្នុងស្រុក។
ទន្ទឹមនឹងកម្មវិធីចេញផ្សាយពីរូបភាពស្អាតៗពីតំបន់ទេសចរណ៍នានា រួមជាសំណើចក្អកក្អាយ នៅពីក្រោយឆាកនៃកម្មវិធី មាន សូនីតា និង ម៉ុង ម៉ានិត ទាស់សម្តីគ្នាខ្លាំងទៅលើមួយចំនួន ខណៈអ្នកទាំងពីរប្រឹងអស់ទាំងកម្លាំងកាយកម្លាំងចិត្ត និងទាស់សម្តីគ្នាបែបនេះដើម្បីចង់ឱ្យលទ្ធផលចេញមកមិនឱ្យជាតិបាក់មុខឡើយ។ នៅក្នុងកិច្ចសម្ភាសក្នុងកម្មវិធី 3fun មាន សូនីតា និង ម៉ានិត បាននិយាយថាកម្មវិធីដែលអ្នកទាំងពីរបង្កើតមានការលំបាកខ្លាំងថតយូរៗទៅកាន់តែចូលលុយខ្លួនឯងច្រើន មានភាពនឿយហត់ ថតដល់កណ្តាលអធ្រាត្រ និងងើបទៀបភ្លឺឡើងទៅថតក៏មានដើម្បីបានរូបភាព និងវីដេអូស្អាតៗពីតំបន់ទេសចរណ៍ទាំងនោះ។
លោក ម៉ានិត ថាខ្លួនមិនដែលឈ្លោះគ្នាជាមួយអ្នកណាដូចជាមួយកញ្ញា មាន សូនីតា ឡើយ ដោយសារតែបញ្ហាទំនួលខុសត្រូវខ្ពស់ក្នុងកម្មវិធី តប់ប្រមល់គ្រប់រឿងទាំងរឿងផ្ទាល់ខ្លួនផង និងកម្មវិធីផង ទើបពេល មាន សូនីតា ថតស្ពតឆើបញ្ច្រាស់ មេនសិនស្ពនស័រខុស ទើបមានការទាស់សម្តីគ្នាខ្លាំង នេះក៏ព្រោះខ្លាចម្ចាស់ឧបត្ថម្ភមិនពេញចិត្ត រកម្ចាស់ឧបត្ថម្ភមិនបាន គេលែងឧបត្ថម្ភ។ លោក ម៉ានិត ថាការឈ្លោះទាស់សម្តីរបស់អ្នកទាំងពីរនេះគឺគ្រាន់តែចង់ឱ្យកម្មវិធីចេញមកល្អដើម្បីប្រទេសជាតិ បើសិនចេញទៅមិនស្អាតនាំឱ្យអាប់កិត្តិយសជាតិដូចគ្នា។
ចំណែកឯកញ្ញា មាន សូនីតា វិញក៏បានរៀបរាប់ទាំងអារម្មណ៍ខ្សឹកខ្សួរថាកម្មវិធីនេះត្រូវគិតច្រើនរាល់ដងថតបានលុយស្រួលៗហើយមិនចាំបាច់ត្រូវចំណាយពេលវេលាច្រើន និងការគិតផ្សេងៗគ្រាន់តែតែងខ្លួនស្អាតៗទៅដល់ថត តែកម្មវិធីនេះ ដាក់ទាំងចិត្តទាំងកាយ ដាក់ទាំងលុយ ពេលវេលា ហើយ ម៉ានិត មកស្រែកដាក់នាងអន់ចិត្តដែលនិយាយដាក់នាងបែបនេះ ហើយនាងធ្វើការមិនមែនអង្គុយធ្វើ Queen នោះទេ៕










