ប្រទេសអង់គ្លេស ៖ រឿងរ៉ាវនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកលេងបណ្តាញសង្គមយ៉ាងខ្លាំង នៅពេលនារីម្នាក់ឈ្មោះ Carla Bellucc អាយុ៤១ឆ្នាំ រស់នៅប្រទេសអង់គ្លេស បានត្រៀមកាដូដ៏ពិសេសមួយសម្រាប់កូនស្រីរបស់ខ្លួន ។ នាងបានដាក់ប្រាក់រាប់សែនដុល្លារអាមេរិកនៅក្នុងកាដូនេះ ដើម្បីឱ្យកូនស្រីចាកចេញពីផ្ទះ ។
អ្នកនាង Carla មានកូនស្រីម្នាក់ឈ្មោះ Tanisha ដែលនឹងមានអាយុគ្រប់១៩ឆ្នាំ នៅខែកុម្ភៈ ឆ្នាំ២០២៤ ។ អ្នកនាង Carla បានត្រៀមប្រាក់ដ៏ច្រើនដាក់ក្នុងកាដូដើម្បីធ្វើជារង្វាន់ថ្ងៃកំណើតឱ្យកូនស្រី ហើយនាងបានដាក់លក្ខខណ្ឌថា កូនរបស់នាងត្រូវយកប្រាក់ទាំងអស់នេះទៅកសាងជីវិតថ្មីនៅកន្លែងផ្សេង ។ អ្នកនាងជឿថា ក្មេងៗគួរតែសម្លឹងរកឱកាសដើម្បីទៅរស់នៅក្រៅផ្ទះ នៅពេលពួកគេមានអាយុ១៨ឆ្នាំ ។ នាងក៏បានរិះគន់ឪពុក-ម្តាយផ្សេងទៀត ដែលមិនព្រមបណ្តោយឱ្យកូនៗរស់នៅដោយខ្លួនឯង ។ ដូច្នេះ ការផ្តល់ប្រាក់ទាំងនេះនឹងជាប្រយោជន៍ដល់ពួកគេ ។
ចំណែកកូនស្រីរបស់នាង Carla ក៏មានទស្សនៈស្រដៀងគ្នាជាមួយម្តាយរបស់នាងដែរ គឺនាងចង់មានកន្លែងរស់នៅផ្ទាល់ខ្លួន ។ បើតាមច្បាប់ក្នុងគ្រួសាររបស់នាង គឺមិនអនុញ្ញាតឱ្យអ្នកដទៃមកសម្រាក ឬមកជប់លៀងក្នុងផ្ទះទេ ដោយសារកូនស្រីពៅគេក្នុងគ្រួសារ គឺជាទារិកានៅឡើយ ។ ហេតុនេះ គេមិនអាចនិយាយសំឡេងខ្លាំងៗរំខានទារកបានទេ ។
អ្នកនាង Carla និយាយថា ៖ «ខ្ញុំបានចាកចេញពីផ្ទះពេលអាយុ១៦ឆ្នាំ ហើយខ្ញុំអាចរស់រហូតមកដល់សព្វថ្ងៃបាន ។ តើឪពុក-ម្តាយទាំងនេះរស់នៅដូចម្តេច? អ្នកមិនអាចមានពេលវេលាគ្រប់គ្រាន់ជាមួយស្វាមី ឬគូស្នេហ៍របស់អ្នកបានទេ ដោយសារអ្នកមានកូននៅជាមួយគ្រប់ពេលវេលា ។ កូនស្រីខ្ញុំជាមនុស្សល្អ ប៉ុន្តែនាងធំគ្រប់គ្រាន់ដើម្បីចាកចេញទៅរស់នៅខាងក្រៅ» ។
ស្ត្រីជាម្តាយបន្តថា ៖ «កូនស្រីខ្ញុំប្រាប់ថា អ្នករស់នៅក្នុងភូមិជាមួយគ្នាមានអាយុ២៤ឆ្នាំហើយ ប៉ុន្តែពួកគេរស់នៅផ្ទះជាមួយឪពុក-ម្តាយដដែល ។ ពេលខ្ញុំអាយុស្មើពួកគេ ខ្ញុំរៀបការរួចហើយ រួចនេះជាអ្វីទៅ? ទើបពួកគេរស់នៅក្នុងផ្ទះជាមួយឪពុក-ម្តាយបន្តទៀត? ខ្ញុំគិតថា វាដូចជាឆ្កួតបន្តិចហើយ ដែលឪពុក-ម្តាយទាំងនេះនៅតែចិញ្ចឹមកូនរហូតដល់ធំ» ។
នាងបញ្ជាក់ថា នៅពេលក្មេងៗអាយុ១៨ឆ្នាំ ពួកគេត្រូវការកន្លែងរស់នៅផ្ទាល់ខ្លួន ហើយបើយើងមិនបណ្តោយឱ្យពួកគេរស់នៅដោយខ្លួនឯងទេ វាដូចជាការដកហូតសិទ្ធិរបស់កូនអីចឹង ។ ពួកគេចាំបាច់ត្រូវចេញទៅរស់នៅក្នុងជីវិតពិតប្រាកដ ហើយចូរឈប់ភ័យខ្លាចទៅ ។
ប្រាក់ដែលនាង Carla ផ្តល់ឱ្យនេះ នឹងធ្វើឱ្យកូនស្រីនាងអាចយកទៅកក់កន្លែងស្នាក់នៅ, ទិញសម្ភារៈប្រើប្រាស់ និងចំណាយថ្លៃឈ្នួលនៅខែដំបូង ប៉ុន្តែបន្ទាប់ពីនេះ កូនស្រីត្រូវទទួលខុសត្រូវការចាយវាយដោយខ្លួនឯង ។ ហេតុនេះ វាមិនមែនជាបញ្ហាធំទេសម្រាប់កូនស្រី ព្រោះនាងបានធ្វើការ និងមានប្រាក់ចំណូលជារបស់ខ្លួន ហើយនាងបានត្រៀមខ្លួនរស់នៅដោយខ្លួនឯងរួចរាល់ហើយ ៕










