ប្រទេសថៃ ៖ កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ លោកមេភូមិ ឈ្មោះ ម៉ាក់កាន់ អិនចាន់ បានទទួលដំណឹងពីពលរដ្ឋថា មានរថយន្តតូច១គ្រឿងជាប់នៅកណ្តាលស្ពានយោល ដែលតភ្ជាប់រវាងភូមិ២ និងភូមិ៩ ស្ថិតនៅឃុំវៀងថង ស្រុកស៊ូងម៉េន ខេត្ត Phrae ប្រទេសថៃ ។ ហេតុនេះ លោកមេភូមិក៏បានទំនាក់ទំនងទៅកាន់អាជ្ញាធរពាក់ព័ន្ធចុះមកត្រួតពិនិត្យ និងជួយអន្តរាគមន៍ ។
នៅចំណុចកើតហេតុ គឺជាស្ពានយោលបុរាណមានប្រវែងប្រមាណ១២០ម៉ែត្រ ដែលតភ្ជាប់រវាងភូមិ២ និងភូមិ៩ ស្ថិតនៅឃុំវៀងថង ស្រុកស៊ូងម៉េន ខេត្ត Phrae ហើយនៅភូមិ៩ គឺស្ថិតនៅឆ្ងាយពីសសរស្ពានប្រមាណ១៥ម៉ែត្រ ។ រថយន្តដែលជាប់នៅលើស្ពានយោលនេះ គឺជារថយន្តតូចពណ៌ស និងមានស្លាករថយន្ត ខេត្តឈៀងរ៉ាយ ។
រីឯកង់មុខខាងឆ្វេងរបស់រថយន្តបានធ្លាក់ទៅក្នុងប្រហោងស្ពានបាក់ ទើបបណ្តាលឱ្យរថយន្តនេះជាប់នៅមួយកន្លែង និងបើកទៅមុខអត់រួច ។ ជំហានដំបូង គេដឹងថា ស្ត្រីអ្នកបើកបររថយន្តនេះ មានអាយុ៣៨ឆ្នាំ គឺជាពលរដ្ឋមកពីស្រុកផ្សេង និងមិនធ្លាប់បើកបរនៅទីនេះពីមុនទេ ។ នាងបានចុះពីរថយន្ត ហើយមកសុំឱ្យអ្នកស្រុកជួយអន្តរាគមន៍ ។
តាមរយៈការសាកសួរស្ត្រីម្ចាស់រថយន្តឱ្យដឹងថា នាងមកពីស្រុកណងមួងខៃ ខេត្ត Phrae ហើយនាងមកកាន់ឃុំវៀងថង ស្រុកស៊ូងម៉េន ជាលើកដំបូង ដើម្បីមករកមិត្តភក្តិ ដែលមានផ្ទះនៅម្តុំក្បាលស្ពានវៀងថង ។ ហេតុនេះ នាងក៏បានបើកបររថយន្តតាម GPS ដោយសារវាបញ្ជាក់ថា បើនាងបើកឆ្លងកាត់ស្ពានយោលនេះ នាងនឹងមកដល់គោលដៅហើយ ។
នាងក៏បានបើករថយន្តឆ្លងកាត់ស្ពានយោលតាម GPS ប្រាប់ ប៉ុន្តែនៅពេលបើករថយន្តមកដល់ឃើញថា វាជាតំបន់ព្រៃ និងគ្មានផ្លូវបើកបន្តទៀតទេ ។ ដូច្នេះ នាងក៏បានបត់រថយន្តនៅត្រង់ក្បាលស្ពានដើម្បីមកចំណុចដើមវិញ ហើយពេលនាងបើករថយន្តបាន១៥ម៉ែត្រ ស្រាប់តែឈើនៅលើស្ពានយោលបាក់ ទើបកង់រថយន្តធ្លាក់នៅត្រង់ប្រហោងស្ពាន ។
នាងបន្តថា នាងរវល់តែមើល GPS និងពុំបានសង្កេតថា គ្មានស្ពានស៊ីម៉ងត៍នៅអមស្ពានយោលទេ ។ នៅពេលនាងបើករថយន្តឆ្លងកាត់ស្ពានឃើញថា វាមានសភាពរឹងមាំ ហើយគិតថា ស្ពាននេះមានមនុស្សឆ្លងកាត់ធម្មតា ។ ប៉ុន្តែនៅពេលរថយន្តនាងជាប់នៅលើស្ពាន ទើបនាងតក់ស្លុត ព្រោះចំណុចកើតហេតុនេះស្ថិតនៅចំណុចកណ្តាល នាងខ្លាចរថយន្តធ្លាក់ក្នុងទឹក ទើបចុះពីរថយន្តមកសុំឱ្យអ្នកស្រុកជួយសង្គ្រោះ ។
នាងបន្ថែមថា នាងមកពីស្រុកឆ្ងាយ ហើយមិនស្គាល់ផ្លូវទេ ។ នាងមិនដឹងថា មានស្ពានថ្មីនៅក្បែរនេះ ហើយក៏មិនដឹងថា គេហាមមិនឱ្យរថយន្តបើកបរឆ្លងកាត់ស្ពាននេះ ។ ដូច្នេះ នាងបានសំណូមពរមានការសរសេរស្លាកប្រកាស «ហាមចូល» ព្រោះខ្លាចអ្នកផ្សេងទៀតបើកបរឆ្លងកាត់ស្ពានដូចនាងដែរ ។ ក្រោយមក អាជ្ញាធរក្នុងតំបន់បាននាំគ្នាមកជួយអន្តរាគមន៍អូសរថយន្តរបស់នាងចេញពីស្ពានបានសម្រេច និងចំណាយពេលរហូតដល់២ម៉ោង ខណៈមានមនុស្សម្នាឈរមើលជាច្រើននាក់ ។
រីឯអ្នកឃើញហេតុការណ៍ប្រាប់ថា បានឃើញរថយន្តនេះបើកបរឡើងលើស្ពាន និងមិនខ្លាចគ្រោះថ្នាក់ ហើយពួកគេចង់ប្រាប់ដែរ តែប្រាប់មិនទាន់ ព្រោះនាងបានបើករថយន្តមកដល់ពាក់កណ្តាលស្ពានហើយ ។ ពេលនោះ អ្នកភូមិចង់ជិះម៉ូតូទៅប្រាប់ថា កុំឱ្យនាងបើករថយន្តត្រឡប់ក្រោយ ក៏មិនប្រាប់មិនទាន់ទៀត រហូតដល់កង់រថយន្តធ្លាក់ក្នុងប្រហោងស្ពានបែបនេះ ។
អ្នកភូមិបន្តថា តាមធម្មតា ស្ពានយោលមួយកន្លែងនេះ គ្មានអ្នកឆ្លងកាត់ញឹកញាប់ទេ ព្រោះវាសាងសង់ឡើងជិត៤០ឆ្នាំហើយ និងមានតែម៉ូតូកង់៣ ប៉ុណ្ណោះ ដែលបើកឆ្លងកាត់ស្ពាន ។ ប៉ុន្តែពេលឃើញរថយន្តតូចឆ្លងកាត់ធ្វើឱ្យអ្នកភូមិភ័យ ប៉ុន្តែសំណាងល្អ វាមិនបណ្តាលឱ្យបាត់បង់ដល់អាយុជីវិតអ្នកបើកបរ ។
ហេតុនេះ ពួកគេនឹងទំនាក់ទំនងទៅអាជ្ញាធរដើម្បីធ្វើស្លាកបិទប្រកាសថា «ហាមឆ្លងកាត់ស្ពាននេះ» ដោយសារជឿថា មានអ្នកផ្សេងទៀតដែលរស់នៅស្រុកផ្សេង នឹងបើកឡើងលើស្ពាននេះទៀត ដោយសារការមើល GPS ៕










