ដំណើររថភ្លើងដ៏វែងបំផុតលើពិភពលោកដែលមានចម្ងាយផ្លូវប្រមាណ ១៣.០០០ គីឡូម៉ែត្រ និងប្រើរយៈពេលរហូតដល់ ២១ ថ្ងៃ នោះគឺជារបស់មហាអំណាចចិននេះឯង។
កាលពីកាលឆ្នាំ ២០១៤ គម្រោងខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិន ក្រោមគំនិតផ្តួចផ្តើមរបស់លោកស៊ី ជីនពីង ប្រធានាធិបតីចិន គឺបានលេចចេញនូវរថភ្លើងឆ្លងទ្វីបចម្ងាយជាង ១៣.០០០គីឡូម៉ែត្រ ក្រោមទុនវិនិយោគប្រមាណ ៩០០ ពាន់លានដុល្លារ ដើម្បីស្តារឡើងវិញនូវផ្លូវពាណិជ្ជកម្មបុរាណនិងសំខាន់បំផុតក្នុងប្រទេសចិន។
ខ្សែរថភ្លើង Yiwu-Madrid ដែលជារថភ្លើងដឹកទំនិញដ៏ធំចេញពីខេត្ត Zhejiang ប្រទេសចិន នឹងធ្វើដំណើរឆ្ពោះទៅកាន់អឺរ៉ុបខាងកើត រួមមានប្រទេសហ្សាក់ស្ថាន រុស្ស៊ី បេឡារុស្ស ប៉ូឡូញ អាល្លឺម៉ង់ និងបារាំង ហើយបញ្ចប់នៅក្នុងរដ្ឋធានីនៃប្រទេសអេស្ប៉ាញ។ រីឯរយៈធ្វើដំណើរនោះទៀតសោតគឺមានរយៈពេលរហូតដល់ទៅ៣សប្តាហ៍។
ក្រុមហ៊ុន InterRail Group ដែលជាក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិចុះបញ្ចីក្នុងប្រទេសស្វីស បានបណ្តាក់ទុនវិនិយោគជាមួយក្រុមហ៊ុន China Railways (ប្រទេសចិន) និងក្រុមហ៊ុន Deutsche Bahn (ប្រទេសអាល្លឺម៉ង់) ព្រមជាមួយនឹងក្រុមហ៊ុន Russian Railways (ប្រទេសរុស្សី) សហការគ្នាបង្កើតបានជាខ្សែរថភ្លើង Yiwu-Madrid ដ៏វែងបំផុតរបស់ពិភពលោក។
ខ្សែរថភ្លើងដ៏អស្ចារ្យនេះបានដាក់ឲ្យដំណើរការកាលពីខែវិច្ឆិកា ឆ្នាំ ២០១៤កន្លងទៅ ក្នុងគោលបំណងបង្កើននូវទំហំពាណិជ្ជកម្មពហុភាគីរវាងប្រទេសទាំងនោះ ជាពិសេសក្នុងការដឹកជញ្ជូនទំនិញផ្សេងៗប្រកបដោយភាពប្រសិទ្ធភាពខ្ពស់ ដូចជាគ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់យាន្តយន្តជាដើម៕










