ជីវិតអាពាហ៍ពិពាហ៍មិនងាយស្រួលដូចយើងគិតនោះទេ ទម្រាំមនុស្សម្នាក់ៗសម្រេចចិត្តរៀបការគឺគិតគូរល្អិតល្អន់ណាស់ ព្រោះថាការរៀបអាពាហ៍ពិពាហ៍មិនចេះតែប្រថុយប្រថានបានឡើយ។ ដូច្នេះប្រសិនបើដៃគូររបស់អ្នកបង្ហាញអាកប្បកិរិយា ៤ យ៉ាងនេះ មានន័យថាជីវិតអាពាហ៍ពិពាហ៍របស់អ្នកអាចនឹងឈានដល់ការលែងលះយ៉ាងរហ័សបំផុត។
១.ការរិះគន់៖ ប្រសិនបើដៃគូររបស់អ្នកតែងតែរិះគន់អ្នកជាច្រើនលើកជាច្រើនសារ នោះស្នេហាអ្នកនឹងឈានដល់ការប្រេះឆា។ ជាឧទាហរណ៍ ពួកគេតែងនិយាយថាខ្លួនគេល្អជាអ្នក និងមិនឃើញពីតម្លៃរបស់អ្នក មានន័យថា គេនោះជាមនុស្សអាត្មានិយមណាស់។
២.ការមើលងាយ៖ ការមើលងាយគឺជាការទស្សន៍ទាយច្បាស់បំផុតនៃការលែងលះ ដោយវេជ្ជបណ្ឌិត John Gottman អ្នកចិត្តសាស្រ្តនៅសកលវិទ្យាល័យ Washington សហរដ្ឋអាមេរិក បាននិយាយថា ការនិយាយមើលងាយដៃគូររបស់ខ្លួនដូចជាថា អ្នកល្ងង់ នេះមានន័យថា អាពាហ៍ពិពាហ៍របស់អ្នកមិនស្ថិតស្ថេរនោះទេ និងអាចឈានដល់ទីបញ្ចប់យ៉ាងរហ័សបំផុត។
៣.ការការពារខ្លួន៖ ប្រសិនបើដៃគូរមិនចេះចុះចាញ់ ក៏ដូចជាចង់ធ្វើអ្វីឱ្យឈ្នះអ្នកជានិច្ច និងមិនទទួលស្គាល់កំហុសរបស់ខ្លួននៅពេលដែលពួកគេធ្វើខុស នេះមានន័យថា គេជាមនុស្សការការពារខ្លួនជ្រុល រហូតមិនគិតពីអារម្មណ៍អ្នក ដែលធ្វើឱ្យចំណងអាពាហ៍ពិពាហ៍ងាយនឹងឈានដល់ការលែងលះ។
៤.ប្រងើយកន្តើយ៖ ការប្រងើយកន្តើយ ឬមិនខ្វល់ខ្វាយ ក្នុងអំឡុងពេលឈ្លោះគ្នា ក៏ដូចជាបដិសេធក្នុងការប្រាស្រ័យទាក់ទងរួមមានការដកខ្លួនចេញពីការសន្ទនា ហើយរក្សាភាពស្ងៀមស្ងាត់ដោយចេតនា ខណៈពេលដែលការឈ្លោះប្រកែកគ្នាកំពុងដំណើរការ។ អាកប្បកិរិយានេះអាចបណ្តាលឱ្យឈឺចាប់ ការខកចិត្ត និងការខូចខាតដល់ទំនាក់ទំនង ក៏ដូចជាអាចប្រឈមនឹងការលែងលះផងដែរ៕










