កូរ៉េខាងត្បូង៖ ក្រុមហ៊ុន Google ដែលមានទីស្នាក់ការនៅប្រទេសកូរ៉េខាងត្បូង បានប្រឈមមុខនឹងការលំបាកនៅពេលដែលបុគ្គលិកមិនព្រមឈប់ពីការងារ ខណៈដែលក្រុមហ៊ុនចង់កាត់បន្ថយបុគ្គលិកមួយចំនួនចេញដោយសារវិបត្តិហិរញ្ញវត្ថុ និងការរៀបចំរចនាសម្ព័ន្ធឡើងវិញ។
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះមានបុគ្គលិកពេញម៉ោងប្រហែល ៨០០ នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ កាសែត The Korea JoongAng Daily បានរាយការណ៍ថា ទោះបីជាព្យាយាមកាត់បន្ថយកម្លាំងការងារតាំងពីឆ្នាំមុនក៏ដោយ បុគ្គលិកមួយចំនួននៅតែបដិសេធអនុសាសន៍របស់ក្រុមហ៊ុនក្នុងការលាលែងពីតំណែង។
ទោះជាយ៉ាងណា របាយការណ៍បាននិយាយថាមានបុគ្គលិក Google ប្រហែល ១០ នាក់មកពីការិយាល័យរបស់ខ្លួននៅទីក្រុងសេអ៊ូលបានទទួលយកសំណើរបស់ក្រុមហ៊ុនដើម្បីលាលែងពីតំណែង។ ប៉ុន្តែក្រុមហ៊ុនច្បាប់ការងារកូរ៉េ KangNam បាននិយាយថា ជាទូទៅច្បាប់ការងារកូរ៉េមិនអនុញ្ញាតឱ្យនិយោជកដែលមានកម្មករពីប្រាំនាក់ឬច្រើននាក់បណ្តេញចេញដោយគ្មានមូលហេតុនោះទេ។
លោក Bongsoo Jung នាយកគ្រប់គ្រងរបស់ KangNam បាននិយាយថា “ការលាលែងពីតំណែងដែលបានណែនាំកើតឡើងនៅពេលដែលនិយោជិតលាលែងតាមសំណើរបស់និយោជក។ ក្នុងករណីភាគច្រើន និយោជិតនឹងបដិសេធមិនព្រមលាលែងពីតំណែង ព្រោះពួកគេមិនចង់ប្រឈមមុខនឹងភាពមិនច្បាស់លាស់ និងការលំបាកក្នុងការស្វែងរកការងារថ្មី”។
យោងតាម Businss Insider បានឱ្យដឹងទៀតថា បុគ្គលិក Google ជនជាតិកូរ៉េប្រហែល ១០០ នាក់បានបង្កើតសហជីពមួយកាលពីឆ្នាំមុនដោយសារតែការព្រួយបារម្ភអំពីការបញ្ឈប់ការងារ។ លោក Kim Jong-sub ប្រធានសហជីព Google Korea បាននិយាយថា “ការកាត់បន្ថយការងារដែលកំពុងបន្តនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក បានធ្វើឱ្យបុគ្គលិកនៅក្នុងប្រទេសកូរ៉េព្រួយបារម្ភអំពីអនាគតរបស់ពួកគេយ៉ាងខ្លាំង នោះហើយជាមូលហេតុដែលសហជីពត្រូវបានបង្កើតឡើង” ។
លោក Kim Jong-sub បានបន្តទៀតថា និយោជិតទាំងអស់មានតួនាទីក្នុងការចរចាជាមួយ Google ឆ្ពោះទៅរកកិច្ចព្រមព្រៀងដែលធានាថា “បន្តការឈប់សម្រាកដោយស្ម័គ្រចិត្ត” ជំនួសឱ្យការបង្ខំឱ្យលាលែងតាមតម្រូវការ។ ដូច្នេះការឈប់សម្រាកដោយស្ម័គ្រចិត្តមានន័យថាកម្មករនៅតែអាចទទួលបានសំណង។
គួរបញ្ជាក់ដែរថា កាលពីឆ្នាំមុន Google បានបញ្ឈប់ បុគ្គលិករបស់ខ្លួនចំនួន ៦% ស្មើនឹង ១២,០០០ នាក់ ដោយនៅឆ្នាំនេះ នាយកប្រតិបត្តិ Sundar Pichai បានប្រកាសថា ការកាត់បន្ថយថ្មី នឹងបន្តនៅឆ្នាំ ២០២៤ បន្ថែមទៀត៕










