បើទោះបីជារថយន្ត និងយន្តហោះ គឺបានបែកចែកផ្លូវគ្នាយ៉ាងដាច់ស្រឡាស់ហើយ ពោលគឺមួយនៅលើដីនិងមួយទៀតនៅលើអាកាស ប៉ុន្តែតាមរយៈការចែករំលែកមួយនេះក៏អាចបណ្តាលឲ្យមានគ្រោះថ្នាក់បុករវាងយាន្តទាំងពីរនេះដោយចៃដន្យបានដែរ។
កាលពីព្រឹកថ្ងៃទី២២ ខែមករា ហេតុការណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅឯអាកាសយានដ្ឋានស៊ីដនី ប្រទេសអូស្ត្រាលី។ រថយន្តម៉ាក់ភីកអាប់ Mitsubishi Triton បានបុកជាមួយយន្តហោះ Airbus A320 ដែលកំពុងតែចតចោល ដោយជាសំណាងល្អគឺមិនមានអ្នករងរបួសធ្ងន់ធ្ងរទេ ខណៈជើងហោះហើរជាច្រើនត្រូវលុបចោល។
ទោះជាយ៉ាងណា ហេតុការណ៍នេះគឺគេពុំដឹងអំពីមូលហេតុនៅឡើយនោះទេ។ គេដឹងត្រឹមតែឡានដឹកទំនិញមួយគ្រឿងនេះគឺជារបស់អាកាសយានដ្ឋាន បើកបរដោយបុគ្គលិករបស់អ្នកម៉ៅការសន្តិសុខម្នាក់។
យោងតាមប្រភពសារព័ត៌មាន Sky News បានឲ្យដឹងថា អ្នកបើកបររថយន្ត Mitsubishi ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយគាត់មានការប៉ះទង្គិចបន្តិចបន្តួច។ អ្នកនាំពាក្យអាកាសយានដ្ឋានស៊ីដនីបានបញ្ជាក់ថា ហេតុការណ៍នេះគឺមិនមានអ្នករងរបួសទេ ព្រោះគ្មានអ្នកដំណើរនៅលើយន្តហោះនោះទេ។
តាមរយៈរូបថតគឺបង្ហាញអំពីកញ្ចក់របស់រថយន្តបានបែកខ្ទេចខ្ទី និងខូចកាប៊ីនផ្នែកខាងមុខ ព្រោះត្រូវបានសង្កត់ដោយតួផ្នែកខាងស្តាំរបស់យន្តហោះ។ តួយន្តហោះហាក់ដូចធ្ងន់ខ្លាំងណាស់រហូតធ្វើឲ្យសំបកកងខាងមុខរបស់រថយន្តសំប៉ែត។
យោងតាមការបញ្ជាក់របស់អាកាសយាន្តដ្ឋានបានឲ្យដឹងថា យន្តហោះនេះក៏ទទួលរងនូវការខូចខាតដែរ ដោយបានប៉ាន់ប្រមាណថាជួសជុលយន្តហោះនេះអាចនឹងតម្លៃជាង ៣៣០ ០០០ ដុល្លារអាមេរិក ឬច្រើនជាងនេះផងដែរ៕










