កញ្ញា Nguyen Thuc Thuy Tien (ង្វៀន ធុកធុយធៀន) ម្ចាស់មកុដ Miss Grand International 2021 ត្រូវបានហ្វេនៗពោលសរសើរមិនដាច់ពីមាត់បន្ទាប់ពីបង្អួតសម្រស់ក្នុងឈុតប្រពៃណីខ្មែរក្នុងឱកាសដែលកញ្ញាមកធ្វើកម្មវិធីសប្បុរសនៅលើទឹកដីកម្ពុជាជាលើកដំបូង។

កាលពីថ្ងៃទី២១ មករា Thuy Tien ដែលជាបវរកញ្ញាល្បីឈ្មោះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីម្ចាស់មកុដនេះបង្ហាញខ្លួនជិះកង់បីឥណ្ឌានៅលើទឹកដីកម្ពុជាជាមួយនឹងសំលៀកបំពាក់សាមញ្ញាដោយបញ្ជាក់ថានាងមកធ្វើកម្មវិធីសប្បុរសធម៌។ ទន្ទឹមនឹងនេះ Thuy Tien បានទៅសមាគមខ្មែរវៀតណាមប្រចាំនៅកម្ពុជានិងមានអំណោយទៅដល់ក្មេងៗដែលជាកូនចៅរបស់មន្រ្តីសហគមន៍។ នៅថ្ងៃទី២២ មករា Miss Grand International 2021 រូបនេះបានទៅសាលារៀន ភូមិដួង ស្ថិតនៅឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្តាល។
នៅថ្ងៃទី២៣ មករា កញ្ញា Thuy Tien ក៏ធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់បន្ទាប់ពីបវរកញ្ញារូបនេះបានស្លៀកពាក់ក្នុងឈុតប្រពៃណីខ្មែរ លើកដៃសំពះថតរូបយ៉ាងស្រស់ស្អាតនៅមុខព្រះបរមរាជរាំង ធ្វើឱ្យមានការលើកឡើងថា «ជាការចូលស្ទឹងតាមបត់» ដែលសម្តៅលើការបន់បែនរបស់នាងគោរពមកខាងកម្ពុជាដែលជាភូមិផងរបងជាមួយវៀតណាម។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ Thuy Tien បានចេញមកបកស្រាយជាលើកដំបូងពីពាក្យចចាមអារ៉ាមអំពីនាងដែលលេចលើបណ្ដាញសង្គមពាក់ព័ន្ធនឹងអំពើពេស្យាចារដោយនាងបានអះអាងថាគឺជារឿងមិនពិត និងមានចេតនាដឹកនាំមតិសាធារណៈបង្ខូចកេរ្តិ៍ឈ្មោះ។ ការចេញមកអះអាងនេះបន្ទាប់ពី Thuy Tien បានឈ្នះបណ្តឹង ជំពាក់បំណុលគេចំនួន ២.៤ពាន់លានដុង និងសំណងកិត្តិយស។
គួរបញ្ជាក់ថាក្នុងឆ្នាំនេះ Thuy Tien មានអាយុ២៦ឆ្នាំបានគ្រងមកុដ Miss Grand International 2021 កាលពីយប់ថ្ងៃទី៤ ធ្នូ ឆ្នាំ២០២១ លើទឹកដីប្រទេសថៃ។ ក្រោយគ្រងមកុដបវរកញ្ញាបានរកប្រាក់ចំណូលយ៉ាងច្រើនជូនស្ថាប័ន Miss Grand International៕
		
	









