បរទេស៖ ចំនួនអ្នកគ្មានផ្ទះសម្បែងនៅរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិកមានរហូតដល់ ១៧២,០០០នាក់ ដែលស្មើនឹង ៣០% នៃចំនួនសរុបរបស់ប្រទេស។ មូលហេតុចម្បងនៃបញ្ហានេះត្រូវបានគេនិយាយថាគឺដោយសារកង្វះលំនៅឋានសង្គមនាពេលបច្ចុប្បន្ន ហេតុនេះហើយរដ្ឋាភិបាលបានកំពុងជួយដោះស្រាយបញ្ហាអ្នកគ្មានផ្ទះសម្បែង ដោយចាប់អារម្មណ៍លើការសាងសង់ផ្ទះកុងតឺន័រសម្រាប់ពលរដ្ឋក្រីក្រដែលគ្មានថវិការគ្រប់គ្រាប់ក្នុងការទិញអាផាតមិនរស់នៅ។
ទន្ទឹមនឹងនេះ តម្លៃអចលនទ្រព្យក៏ដូចជាអាផាតមិនសម្រាប់ជួលគឺមានតម្លៃខ្ពស់ណាស់។ រដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ាបានចំណាយប្រាក់ជិត ៤ ពាន់លានដុល្លារដើម្បីទិញយកមកវិញ និងបំប្លែងអចលនទ្រព្យលំនៅដ្ឋានសម្រាប់សង្គម ប៉ុន្តែការរីកចំរើនយឺត ថ្លៃ ហើយមិនឆ្លើយតបនឹងតម្រូវការ។ ដូច្នេះហើយ ទើបមានគំនិតសាងសង់ផ្ទះកុងតឺន័រ ដើម្បីដោះស្រាយបញ្ហានេះ។
លោក Mario Guarez ស្ថាបនិក និងជានាយកប្រតិបត្តិនៃ Evolutionary Homes បាននិយាយថា “កាលពីអំឡុងពេល COVID-19 មានមនុស្សជាច្រើនរស់នៅតាមដងផ្លូវ ដោយសារការជួលថ្លៃពេក មនុស្សមិនអាចបង់ថ្លៃជួលបានសូម្បីតែមានការងារធ្វើក៏ដោយ។ ទន្ទឹមនឹងនោះ នៅរដ្ឋកាលីហ្វ័រញ៉ា គឺពិបាកសាងសង់ផ្ទះណាស់ ព្រោះត្រូវការពេលយូរទើបមានលិខិតអនុញ្ញាត បើរដ្ឋាភិបាលមូលដ្ឋានចង់សាងសង់ផ្ទះ ៣០០ខ្នង ត្រូវប្រើពេល ៥ ទៅ ៧ឆ្នាំទើបរួចរាល់។ ហេតុនេះហើយទើបរដ្ឋាភិបាល សម្រេចសាងសង់ផ្ទះកុងតឺន័រ ៣០០ខ្នង ក្នុងរយៈពេលប្រហែល ៦ ខែ ដើម្បីសង្គ្រោះមនុស្សបានច្រើន»។
លើសពីនេះផ្ទះកុងតឺន័រក៏អាចដំឡើងឧបករណ៍ដូចជាម៉ាស៊ីនត្រជាក់ ប្រព័ន្ធភ្លើង ប្រព័ន្ធការពារភ្លើង និងអ្វីៗគ្រប់យ៉ាងនៅខាងក្នុងផ្ទះបានទៀតផង។ លោក Mario Guarez បានបន្ថែមថា ជាធម្មតាផ្ទះបែបនេះមានតម្លៃប្រហែល ៣០០,០០០ ដុល្លារអាមេរិក៕










