អាជ្ញាធរប្រទេសចិនបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៥០ នាក់បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.០ រិចទ័របានវាយប្រហារតាមបន្ទាត់ភ្នំព្រំដែនចិន-កៀហ្ស៊ីស៊ីស្ថាន។
ការរញ្ជួយដីដ៏ធំនេះកាលព្រឹកទាបភ្លឺថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ ដែលមានជម្រៅ ១៣ គីឡូម៉ែត្រនៅក្នុងតំបន់ Xinjiang ប្រទេសចិន។ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua របស់ទីក្រុងប៉េកាំងបានឲ្យដឹងថា អាជ្ញាធរក្នុងតំបន់បានបញ្ជូនភ្នាក់ងារទៅជួយសង្គ្រោះនៅកន្លែងកើតហេតុ ខណៈដែលមនុស្សជាង ៨០០ នាក់កំពុងរង់ចាំសម្រាប់បេសកកម្មសង្គ្រោះចេញពីគ្រោះមហន្តរាយដ៏ធំនេះ។
អគារសរុបចំនួន ៤៧ នៅក្នុងតំបន់នោះបានដួលរលំទាំងស្រុង ខណៈអគារចំនួន៧៨ទៀតបានរងការខូចខាត។ រីឯផ្ទះប្រជាពលរដ្ឋជាច្រើននៅទីនោះក៏ត្រូវបានដួលរលំ ខណៈអគ្គិសនីត្រូវបានកាត់ផ្តាច់ជាបណ្តោះអាសន្នសិន។
យោងតាមសារព័ត៌មាន AFP បានឱ្យដឹងទៀតថា មនុស្សម្នាក៏បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដើម្បីស្វែងរកកន្លែងជ្រកកោននៅតាមដងផ្លូវកំពុងតែត្រជាក់ខ្លាំងក្នុងទីក្រុង Bishkek នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន បន្ទាប់ពីគ្រោះរញ្ជួយដីបានធ្វើឱ្យជញ្ជាំងរង្គើ ខូចខាតទ្រព្យសម្បត្តិជាច្រើន។ ទោះជាយ៉ាងណាគឺពុំទាន់មានករណីអ្នកស្លាប់ដោយសារហេតុការនេះនោះទេ។
គួរបញ្ជាក់ផងដែរថា ប្រទេសចិនក៏បានកើតមាននូវគ្រោះរញ្ជួយដីដែរកាលពីឆ្នាំ២០១៤ ក្នុងខេត្តយូណានភាគនិរតីនៃប្រទេសចិន ដែលបានឆក់យកជីវិតមនុស្សច្រើនបំផុតរហូតដល់ទៅជាង 600 នាក់៕










