ប្រទេសមីយ៉ាន់ម៉ា ៖ ជាងឈើនៅទីក្រុង Tonggo រដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា បានប្រឹងប្រែងផលិតកង់ពីឈើដើម្បីធ្វើជាយានជំនិះសម្រាប់ធ្វើដំណើរ ក្នុងអំឡុងពេលមីយ៉ាន់ម៉ាកើតសង្គ្រាមនៅក្នុងប្រទេស ហើយស្របពេលប្រេងឥន្ធនៈមានតម្លៃថ្លៃ និងពិបាករកទិញផងដែរ ។ ហេតុនេះ ពលរដ្ឋមីយ៉ាន់ម៉ាភាគច្រើននិយមជិះកង់កាន់តែច្រើន ។
សង្គ្រាមរវាងកងទ័ពអារ៉ាកានជាមួយកងទ័ពមីយ៉ាន់ម៉ា បានប្រព្រឹត្តទៅអស់រយៈពេលជាច្រើនខែ ហើយធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់ជាច្រើន ។ គេឃើញថា មនុស្សភាគច្រើនបានស្វែងរកវិធីផ្សេងៗ ដើម្បីធ្វើឱ្យជីវិតពួកគេអាចរស់នៅប្រសើរឡើង ។
ចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អ្នកលេងបណ្តាញសង្គមនៅប្រទេសមីយ៉ាន់ម៉ាបានចែកចាយរូបភាពកង់១គ្រឿង និងមានបុរសវ័យកណ្តាលម្នាក់ជិះកង់នេះ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍នោះ គឺវត្ថុទាំងអស់ដែលគេយកមកផលិតជាកង់សុទ្ធតែជាបន្ទះឈើ ។ ទោះយ៉ាងណា រូបភាពកង់ដែលគេចែកចាយនេះពុំបានបញ្ជាក់លម្អិតច្រើនទេ គ្រាន់តែប្រាប់ថា វាជាកង់ផលិតឡើងពីស្នាដៃរបស់ជាងឈើម្នាក់នៅរដ្ឋ Rakhine ។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ Myanmar Pressphoto Agency បានសម្ភាសន៍ម្ចាស់កង់ឈើ និងយកព័ត៌មានលម្អិតមកចុះផ្សាយថា អ្នកផលិតកង់ឈើ១គ្រឿងនេះ ឈ្មោះ កូ សរមិនធូន រស់នៅទីក្រុង Tonggo ខេត្ត Tonggo ស្ថិតនៅចំណុចកណ្តាលនៃរដ្ឋ Rakhine ។
លោក កូ សរមិនធូន បាននិយាយប្រាប់ Myanmar Pressphoto Agency ថា មូលហេតុដែលលោកផលិតកង់ឈើនេះ ដោយសារលោកមើលឃើញថា ស្ថានការណ៍ប្រយុទ្ធគ្នាបានកើតឡើងនៅរដ្ឋ Rakhine ហើយធ្វើឱ្យការធ្វើដំណើររបស់ពលរដ្ឋមីយ៉ាន់ម៉ាទៅកាន់ទីកន្លែងផ្សេងៗជួបការលំបាកយ៉ាងខ្លាំង ដោយសារការដាក់ប៉ុស្តិ៍ត្រួតពិនិត្យមនុស្សចេញ-ចូល ។ លើសពីនេះ ផ្លូវជាច្រើនកន្លែងត្រូវបិទ ហើយគេហាមរថយន្ត និងម៉ូតូឆ្លងកាត់ផងដែរ ។
កត្តាសំខាន់ គឺតម្លៃប្រេងឥន្ធនៈនៅមីយ៉ាន់ម៉ាបានឡើងថ្លៃ ហើយការខ្វះខាតប្រេង គឺជាឧបសគ្គសំខាន់ក្នុងការធ្វើដំណើរតាមរថយន្ត និងម៉ូតូ ។ ហេតុនេះ មនុស្សភាគច្រើនបានធ្វើដំណើរដោយកង់ ហើយធ្វើឱ្យតម្លៃកង់កើនឡើងជាបន្តបន្ទាប់ ។
លោក កូ សរមិនធូន បន្តថា កត្តាទាំងនេះហើយ ទើបធ្វើឱ្យលោកព្យាយាមបង្កើតកង់ឈើដោយដៃឡើងមក ដោយពឹងផ្អែកលើចំណេះដឹងដែលលោកមាន និងស្វែងរកវត្ថុដែលងាយស្រួលរកផងដែរ ។ ហេតុនេះ លោកក៏ធ្វើកង់ឈើ១គ្រឿងនេះ ហើយវត្ថុស្ទើរទាំងអស់ដែលលោកយកមកធ្វើ គឺលោកប្រើប្រាស់បន្ទះឈើ ។ ប៉ុន្តែច្រវ៉ាក់របស់វា លោកបានយកពីគ្រឿងយន្តចាស់ និងយកកៅស៊ូចាស់មករុំព័ទ្ធជុំវិញកង់ ដើម្បីឱ្យងាយស្រួលជិះនៅតាមផ្លូវ ។
លោកបន្ថែមថា ក្រោយពីរូបភាពកង់ឈើរបស់លោកបានល្បីល្បាញក្នុងបណ្តាញសង្គម ធ្វើឱ្យបច្ចុប្បន្ននេះ មានមនុស្សជាច្រើនទាក់ទងមកលោក ដើម្បីឱ្យលោកផលិតកង់ឈើបែបនេះឱ្យបានច្រើនគ្រឿងថែមទៀត ។ ប៉ុន្តែលោកប្រាប់ថា ការផលិតកង់នីមួយៗត្រូវសិក្សាឱ្យបានលម្អិត និងចំណាយពេលវេលាផងដែរ ។
ទោះយ៉ាងណា នៅក្នុងខ្លឹមសារដែលផ្សព្វផ្សាយដោយ Myanmar Pressphoto Agency ពុំបានបញ្ជាក់ឱ្យបានលម្អិតថា តើដើមទុនក្នុងការផលិតកង់ឈើនេះត្រូវចំណាយអស់ប្រាក់ប៉ុន្មានទេ ៕










