នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ជុំវិញការក្លែងឯកសាររៀបការប្រពន្ធថ្មី។
លោកឧត្តមសេនីយ៍រូបនេះ បានដាក់ពាក្យស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីរៀបការជាមួយនារីម្នាក់ដែលជាអាជីវករនៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ទាំងដែលមិនទាន់បានលែងលះប្រពន្ធដើមដាច់ស្រេច។
ជាមួយនឹងការដាក់ពាក្យស្នើរសុំរៀបអាពាហ៍ពិពាហ៍ លោក ង៉ាម រី បានក្លែងឯកសារដោយដូរឈ្មោះ ទីកន្លែងរស់នៅ និងបញ្ជាក់ភាពពោះម៉ាយដោយចៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ។
ការដាក់ពាក្យស្នើសុំដើម្បីរៀបអាពាហ៍ពិពាហ៍នេះ អាជ្ញាធរសង្កាត់កណ្តោលដុំក៏បានឯកភាព ហើយសាម៉ីខ្លួនទាំងសងខាងក៏បានបោះធៀបការហៅភ្ញៀវ ដើម្បីអបអរសាទរពិធីមង្គល ដែលនឹងរៀបចំឡើងនៅល្ងាចថ្ងៃ១៩ ខែមករា ឆ្នាំ២០២៤ រួចរាល់ហើយដែរ។
ពាក់ព័ន្ធនឹងចំណាត់ការយ៉ាងណា ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូង នៅមិនទាន់បញ្ជាក់ឱ្យច្បាស់នៅឡើយទេ តើថានឹងត្រូវដោះស្រាយយ៉ាងទៀត៕













