បរទេស៖ YouTube បានបញ្ឈប់បុគ្គលិករាប់ពាន់នាក់ បន្ទាប់ពីបរាជ័យក្នុងការប្រកួតប្រជែងជាមួយ TikTok ដោយប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មធ្លាក់ចុះខ្លាំង។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ យោងតាមគេហទំព័រអន្តរជាតិ The New York Times បានរាយការណ៍ថា ក្រុមហ៊ុនមេ Google ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានប្រកាសពីការបញ្ឈប់បុគ្គលិករាប់ពាន់នាក់នៅក្នុងក្រុមលក់ផ្សាយពាណិជ្ជកម្មរបស់ YouTube ដោយការបញ្ឈប់ការងារទាំងនេះនឹងត្រូវបានអនុវត្តជាសកលតែម្តង។ ដូច្នេះគិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បុគ្គលិកសរុបចំនួន ៧,១៧៣ នាក់នៅទូទាំងពិភពលោកត្រូវបានបញ្ឈប់ពីការងារសម្រាប់វេទិកា YouTube។
ដោយសារការធ្លាក់ចុះនៃការផ្សាយពាណិជ្ជកម្មកាលពីឆ្នាំមុន គួបផ្សំនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីវេទិកាថ្មី TikTok បានបង្ខំឱ្យ YouTube សម្រេចចិត្តកាត់បន្ថយចំនួនបុគ្គលិកដ៏ច្រើនយ៉ាងនេះ។ YouTube គឺជាកម្មវិធីមួយដែលទទួលបានប្រាក់ចំណូលចម្បងរបស់ខ្លួនពីការផ្សាយពាណិជ្ជកម្មមុន និងអំឡុងពេលចាក់វីដេអូឃ្លីប។ ប៉ុន្តែនៅចុងឆ្នាំ ២០២២ អតិផរណា និងអត្រាការប្រាក់កំពុងកើនឡើង ជាលទ្ធផលដៃគូ YouTube ជាច្រើនចង់កាត់បន្ថយការចំណាយលើការផ្សាយពាណិជ្ជកម្ម ដែលធ្វើឱ្យការធ្លាក់ចុះបានកើតឡើង។ ទោះបីជាពេលវេលាបានកន្លងផុតទៅរហូតដល់ដើមឆ្នាំ ២០២៤ ប៉ុន្តែបញ្ហានៃការចំណាយរបស់ YouTube នៅតែមិនត្រូវបានដោះស្រាយបាន។ ដូច្នេះវេទិកានេះបានសម្រេចចិត្តបញ្ឈប់បុគ្គលិកដើម្បីកាត់បន្ថយការចំណាយ។
ទោះជាយ៉ាងណាក៏ដោយ នៅដើមឆ្នាំ ២០២៤ នេះក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានប្រកាសពីការបញ្ឈប់បុគ្គលិកជាបន្តបន្ទាប់។ ជាឧទាហរណ៍ វេទិកា Discord បាននិយាយថា ខ្លួននឹងបញ្ឈប់បុគ្គលិក ១៧% ហើយ Amazon ក៏កំពុងកាត់បន្ថយការងាររាប់រយផងដែរ។ សូម្បីតែអ្នកផ្តល់កម្មវិធី Unity ក៏បានប្រកាសថាខ្លួននឹងបញ្ឈប់បុគ្គលិក ២៥% របស់ខ្លួនផងដែរ។
ដំណឹងនៃការបញ្ឈប់ការងារនៅក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួន មិនត្រឹមតែកាត់បន្ថយការចំណាយប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែមុខតំណែងមួយចំនួននៅតែអាចប្រើបញ្ញាសិប្បនិម្មិត ឬ AI ដើម្បីធ្វើការជំនួសវិញ។ ក្រុមហ៊ុនជាច្រើនបានដឹងថាពួកគេនឹងត្រូវសាងសង់រចនាសម្ព័ន្ធឡើងវិញទាំងស្រុងដើម្បីឱ្យក្រុមហ៊ុនរបស់ពួកគេបន្តរីកចម្រើនក្នុងពាក់កណ្តាលនៃនិន្នាការបច្ចេកវិជ្ជាដែលប្រែប្រួលខ្លាំងនាពេលបច្ចុប្បន្ននេះ៕










