អ្នកគាំទ្រទូទាំងពិភពលោកបានបង្ហាញអារមុ្មណ៍ភ្ញាក់ផ្អើលនិងអមដោយសេចក្តីរំភើបចិត្តជាខ្លាំងបន្ទាប់ពីមានការចែករំលែករូបភាព និង វីដេអូរបស់ Lisa សមាជិកក្រុម BLACKPINK ប្រទះឃើញនាងនៅឯ Disneyland Paris ជាមួយនឹងស្ត្រីទីមួយរបស់ប្រទេសបារាំងលោកស្រី Brigitte Macron នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។ ការភ្ញាក់ផ្អើលនេះបន្ទាប់ពីឃើញអ្នកទាំងពីរដើរក្បែរគ្នាយ៉ាងស្និទ្ធស្នាលថែមទាំងស្រ្តីទី១របស់បារាំងកាន់ឆ័ត្រទទូរជាមួយ Lisa ថែមទៀត។
Disneyland Paris បានគាំទ្រយុទ្ធនាការកម្មវិធីសប្បុរសធម៌ដើម្បីរៃអង្គាសថវិកាជួយដល់កុមារ និងក្មេងជំទង់ដែលធ្វើឡើងនៅចន្លោះថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមូលនិធិបានអញ្ជើញ បុគ្គលិកមានមុខមាត់ និងតារាល្បីឈ្មោះចូលរួម។ នៅពេលដែលវីដេអូ និងរូបថតជាច្រើនសន្លឹករបស់ Lisa សមាជិកក្រុម BLACKPINK ចូលរួមក្នុងកម្មវិធីសប្បុរសធម៌នោះ ត្រូវបានចែកចាយពេញបណ្តាញសង្គម អ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងរំភើបចិត្តយ៉ាងខ្លាំង ដែលបានឃើញ Lisa ដើរក្បែរស្ត្រីទីមួយរបស់ប្រទេសបារាំងលោក ស្រី Brigitte Macron ។ ពួកគេបានបង្ហោះលើបណ្តាញសង្គមដោយបង្ហាញថាអ្នកទាំងពីរមើលទៅដូចជាម្ចាស់ក្សត្រីអ៊ីចឹង ខណៈអ្នកទាំងពីរនៅក្បែរគ្នាប្រកបដោយភាពសិទ្ធិស្នាល
Lisa សមាជិកក្រុម BLACKPINK បានចូលរួមក្នុងកម្មវិធីសប្បុរសធម៌របស់ Disneyland Paris សម្រាប់ Operation Pieces Jaunes ជាកន្លែងដែលអ្នកជំងឺវ័យក្មេងរាប់រយនាក់ គ្រួសាររបស់ពួកគេ អ្នកផ្សេងទៀតដែលសំខាន់ៗ និងបុគ្គលិកមន្ទីរពេទ្យត្រូវបានអញ្ជើញឱ្យទៅលេងឧទ្យាននេះ។
វីដេអូជាច្រើនរបស់ Lisa បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីតារាចម្រៀងរូបនេះកំពុងថតរូបក្នុងចំណោមកុមារតូចៗ ឪពុកម្តាយ បុគ្គលិកមន្ទីរពេទ្យ និងស្រ្តីទីមួយរបស់ប្រទេសបារាំង។ នៅក្នុងវីដេអូមួយទៀត នាងបានទទូរឆ័ត្រជាមួយលោកស្រី Brigitte Macron យ៉ាងសប្បាយរីករាយ ដោយបង្ហាញពីរបៀបដែលបុគ្គលិកលក្ខណៈលេចធ្លោនៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌បានបង្ហាញពីការព្រួយបារម្ភ និងការយកចិត្តទុកដាក់ចំពោះគ្នា។ Lisa ក៏ត្រូវបានគេប្រទះឃើញរីករាយនឹងកម្មវិធីមួយនៅឯ Disneyland Paris ជាមួយ Natacha Rafalski ហើយអ្នកគាំទ្របានសង្កេតឃើញថា តារារូបនេះកំពុងញញឹម រីករាយនឹងអ្នកជុំវិញខ្លួន។ ការប្រគំតន្ត្រី Yellow Pieces Gala ម្ចាស់បទ «Money »នឹងឡើងសម្តែងនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤ នៅ Accor Arena ក្នុងទីក្រុងប៉ារីស។
គួរបញ្ជាក់ថា ការប្រគំតន្រ្តីសប្បុរសធម៌នៅបាំរាំងនេះមិនត្រឹមតែ Lisa ប៉ុណ្ណោះទេដែលចូលរួមក្នុងនោះក៏មានក្រុមចម្រៀង Stray Kids និងតារាចម្រៀងល្បីៗជាច្រើនរូបទៀតផងដែរ។ ហើយកម្មវិធីសប្បុរសមួយនេះបានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៩ មកម្ល៉េះរហូតមកដល់បច្ចុប្បន្ន៕
		
	









