កម្ពុជា នឹងមានព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀត នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ខេត្តព្រះសីហនុ ដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៣០០លាន ដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ៥ឆ្នាំ។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង លំដាប់ 4C ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ រវាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី របស់អ្នកឧកញ៉ាគិត ម៉េង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣កន្លងទៅ។
អាកាសយានដ្ឋាននេះនឹងក្លាយជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី៤ ដែលបានធ្វើការវិនិយោគ ដោយមានការចូលរួមពីវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍកោះនេះឱ្យទៅជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរធម្មជាតិ៕












