នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ Dispatch បានរាយការណ៍បន្ថែមថា Park Min Young បានទទួលសាច់ប្រាក់ចំនួន ២៥០ លានវ៉ុន (ប្រហែល ១៩០,៣០០ ដុល្លារ) ខណៈដែលកំពុងណាត់ជួបជាមួយពាណិជ្ជករ Kang កាលនៅជាសង្សារ។ យោងតាមរបាយការណ៍ ពាណិជ្ជកររូបនេះបានដកប្រាក់ចំនួន ២៥០ លានវ៉ុនជាប្រាក់កម្ចី ហើយផ្ទេរវាទៅឱ្យ Park Min Young ក្រោមលេសនៃការចំណាយលើការរស់នៅ។ ឆ្លើយតបនឹងរបាយការណ៍នេះ Hook Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការជុំវិញរឿងអាស្រូវរបស់ Park Min Young ដែលជាតួឯកស្រីរឿងកំពុងល្បីមានចំណងជើងថា «Marry My Husband»។
ក្រុមហ៊ុនរបស់តារាស្រីខាងលើបានចេញសេចក្តីថ្លែងការណ៍ថា «ជំរាបសួរ នេះគឺជា Hook Entertainment ។ យើងចង់បង្ហាញពីជំហររបស់តារាសម្តែង Park Min Young ទាក់ទងនឹងព័ត៌មាន Dispatch ដែលត្រូវបានរាយការណ៍នៅថ្ងៃនេះ។
កាលពីខែកុម្ភៈ ឆ្នាំ២០២៣ តារាសម្ដែង Park Min Young បានចូលរួមក្នុងកិច្ចសម្ភាសន៍សាក្សីជាមួយតំណាងអយ្យការទាក់ទងនឹងការប្រើប្រាស់គណនីរបស់នាងជាគណនីធនាគារដែលមានឈ្មោះខ្ចី ហើយតាមរយៈនេះ វាបានបង្ហាញយ៉ាងច្បាស់ថា តារាសម្ដែង Park Min Young មិនមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់ណាមួយឡើយ។ នាងក៏មិនបានទទួលអត្ថប្រយោជន៍ខុសច្បាប់ណាមួយដែរ។ ទឹកប្រាក់ចំនួន ២៥០ លានវ៉ុនដែលបានលើកឡើងនៅក្នុងរបាយការណ៍គឺមានតែគណនីរបស់តារាសម្តែង Park Min Young ប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់ដោយ Kang Jong Hyun ហើយ [ប្រាក់] មិនត្រូវបានប្រើប្រាស់សម្រាប់ការចំណាយលើការរស់នៅរបស់ Park Min Young នោះទេ។
តារាសម្តែង Park Min Young ត្រូវបានគេយល់ច្រឡំយ៉ាងខ្លាំងអស់រយៈពេលជាងមួយឆ្នាំដោយសារតែព័ត៌មានមិនពិត។ ទោះជាបែបនេះក្តី តារាស្រី Park Min Young បានទទួលយកការរិះគន់ពីមនុស្សជាច្រើន ហើយមានការសោកស្តាយយ៉ាងខ្លាំង និងឆ្លុះបញ្ចាំងពីទិដ្ឋភាពដែលនាងបានប្រព្រឹត្តិដោយប្រយ័ត្នប្រយែងជាងមុន។ នាងក៏ជឿជាក់ដែរថា វាជាការងាររបស់តារាសម្ដែងក្នុងការបង្ហាញការសម្ដែងបានល្អ តាមរយៈគម្រោងល្អៗ ដូច្នេះហើយនាងកំពុងផ្តោតលើការងារសំខាន់របស់នាងបន្ថែមទៀតគឺការសម្ដែង។ យើងសង្ឃឹមថា ការបរិហារកេរ្តិ៍របស់តារាសម្ដែងស្រី Park Min Young ដោយការបង្កើនការសង្ស័យដោយគ្មានមូលដ្ឋាន នឹងលែងកើតឡើងម្តងទៀតនៅពេលខាងមុខ»។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២២ សារព័ត៌មាន Dispatch បានរាយការណ៍ថាតារាសម្តែង Park Min Young មានទំនាក់ទំនងជាមួយអ្នកជំនួញម្នាក់ និងមានរឿងជាច្រើនប្រឆាំងនឹងតារាសម្តែងរូបនេះ។ ផលិតកម្ម Hook Entertainment ជាទ្រនំរបស់នាងបានចេញសេចក្តីថ្លែងការណ៍មួយនៅពេលនោះ ដើម្បីបញ្ជាក់ពីពាក្យចចាមអារ៉ាម និងបង្ហាញឱ្យដឹងថា តារាស្រីរូបនេះបានបែកបាក់ជាមួយមិត្តប្រុសរបស់នាងហើយ៕
		
	









