ប្រទេសចិន ៖ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសចិនគ្រោងសាងសង់ស្ថានីយសាកថ្មរថយន្តអគ្គិសនីពាសពេញប្រទេស តាមរយៈគម្រោងសាងសង់ប្រព័ន្ធសាកថ្មរថយន្តអគ្គិសនីមានគុណភាពខ្ពស់នៅឆ្នាំ២០៣០ ដើម្បីជំរុញឧស្សាហកម្មថ្មី ។
ក្រៅពីនេះ ប្រទេសចិនក៏មានគម្រោងសាងសង់ស្ថានីយសាកថ្ម Supercharge និងឧបករណ៍ផ្តល់ភាពងាយស្រួលនៅតាមផ្លូវសំខាន់ៗ ដូចជា ៖ ផ្លូវជាតិលេខ៣១៨ មានប្រវែង៥.៤០០គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុងសៀងហៃភាគខាងកើត មកកាន់តំបន់ស៊ីឆាងភាគនិរតីប្រទេសចិន ។
ការសាងសង់ស្ថានីយសាកថ្ម Supercharge គឺមានឧបសគ្គនៅតំបន់មួយចំនួន ដោយសារបញ្ហាកម្ពស់ និងអាកាសធាតុ ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ គេបានអភិវឌ្ឍន៍ស្ថានីយសាកថ្ម Supercharge ដោយប្រើប្រាស់បច្ចេកវិទ្យា Liquid-cooling ដោយសារបច្ចេកវិទ្យានេះអាចជួយកាត់បន្ថយកម្តៅក្នុងអំឡុងពេលសាកថ្មរថយន្ត ។ កាលពីឆ្នាំ២០២៣ គេបានសាងសង់ស្ថានីយសាកថ្ម Supercharge នៅតំបន់ Ganzi ។
Xiu Yuxuan ជាវិស្វកររបស់ក្រុមហ៊ុន Huawei Digital Power Technologies លើកឡើងថា បច្ចេកវិទ្យា Supercharge មានភាពច្នៃប្រឌិតនេះ អាចជួយកាត់បន្ថយកំដៅបានយ៉ាងល្អ ។ គេអាចប្រើប្រាស់វានៅទីកន្លែងខ្ពស់យ៉ាងមានប្រសិទ្ធភាព និងអាចប្រើប្រាស់រយៈពេលយូរ ។
បច្ចេកវិទ្យា Supercharge ប្រភេទ Liquid-cooling ត្រូវបានគេប្រើប្រាស់នៅខេត្តក្វាងចូវ ស្ថិតនៅភាគខាងត្បូងប្រទេសចិន ។ ស្ថានីយនេះអាចសាកថ្មរថយន្តអគ្គិសនីបានរហូតដល់៦៨គ្រឿងក្នុងពេលជាមួយគ្នា ។ គេចំណាយពេលសាកថ្មរថយន្តត្រឹមតែ៥នាទីប៉ុណ្ណោះ ហើយរថយន្តអាចបើកបរក្នុងចម្ងាយផ្លូវ៣០០គីឡូម៉ែត្រ ។
ម្ចាស់រថយន្តអគ្គិសនីនៅខេត្តក្វាងចូវ និយាយថា ជាធម្មតា គាត់បានចំណាយពេលរហូតដល់៤០នាទី ទៅ១ម៉ោង ដើម្បីសាកថ្មរថយន្តឱ្យពេញ ។ ប៉ុន្តែលើកនេះ គាត់ចំណាយពេលត្រឹមតែ១០នាទីប៉ុណ្ណោះ គឺអាចសាកថ្មរថយន្តបានជាងពាក់កណ្តាល ។
បច្ចេកវិទ្យានេះធ្វើឱ្យការសាកថ្មរថយន្តអគ្គិសនីដំណើរការឆាប់រហ័ស ដូចគ្នានឹងការចាក់ប្រេងឥន្ធនៈដែរ ។ នៅទីក្រុងផ្សេងៗរបស់ចិនបានជំរុញការសាងសង់ស្ថានីយសាកថ្មរថយន្តអគ្គិសនីមានគុណភាពខ្ពស់ ។
Wang Du អគ្គលេខាធិការរងនៃសមាគមចែកចាយរថយន្តចិនថ្លែងថា នៅឆ្នាំ២០២៣ គឺជាឆ្នាំដំបូងរបស់ការអភិវឌ្ឍបច្ចេកវិទ្យា Supercharge ។ ក្នុងរយៈពេល៥ឆ្នាំ ទៅ៧ឆ្នាំទៀត បច្ចេកវិទ្យានេះនឹងអភិវឌ្ឍកាន់តែខ្លាំង ៕










